ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ ការស្លាប់ពលរដ្ឋអាមេរិកដោយសារកូរ៉េខាងជើងអាចជាកម្លាំងជំរុញឲ្យអាមេរិកវាយប្រហារប្រទេសនេះ

ចែករំលែក៖

ការស្លាប់របស់ពលរដ្ឋអាមេរិកក្រោយពេលដែលកូរ៉េខាងជើង បានឃុំខ្លួន១៧ខែ ហើយទើបតែដោះលែងបានប៉ុន្មានថ្ងៃក៏បានស្លាប់ ធ្វើឲ្យថ្នាក់ដឹកនាំអាមេរិកខឹងសម្បាយ៉ាងខ្លាំង ដោយចាត់ទុកថា កូរ៉េខាងជើង ជាអ្នកសម្លាប់ ។

ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានថ្កោលទោសកូរ៉េខាងជើង ពីការ ស្លាប់របស់និស្សិតអាមេរិក Otto Warmbier ហើយកូរ៉េខាងជើងត្រូវទទួលខុសត្រូវពីបញ្ហានេះ។ មេដឹកនាំអាមេរិក បានថ្កោល ទោស អំពើព្រៃផ្សៃរបស់របបដឹកនាំកូរ៉េខាងជើង ដែលធ្វើទៅលើនិស្សិតអាមេរិក ។ សារព័ត៌មាន Independent បានដកស្រង់ សម្តីលោកត្រាំ បញ្ជាក់ថា លោកពិតជាសោកស្តាយចំពោះការស្លាប់របស់ពលរដ្ឋអាមេរិក ។

ប្រធានាធិបតីត្រាំក៏បាន ចូលរួមរំលែក ទុកដល់គ្រួសារ និស្សិត Otto Warmbier ដោយលោកបានប្រកាសថា« គ្មានអ្វីដែល ឈឺចាប់ជាង ឪពុកម្តាយដែលត្រូវបាត់ បង់កូន ទាំងនៅវ័យក្មេង អាយុ២៣ឆ្នាំ។ ទាំងខ្ញុំនិងមិត្តភក្តិរបស់Otto បានបន់ស្រន់ និងរំលែកទុក្ខទៅកាន់គ្រួរសារ Otto។

ប្រធានាធិបតីអាមេរិកបានប្រកាសថា ក្រោយការស្លាប់ ពលរដ្ឋអាមេរិកពីសំណាក់កូរ៉េខាងជើង រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នឹងត្រូវធ្វើអ្វីម្យ៉ាងដើម្បីធានាដល់ពលរដ្ឋអាមេរិក ៣នាក់ផ្សេងទៀតដែលកូរ៉េខាង ជើង បានចាប់ឃុំខ្លួនឲ្យមានសុវត្ថិភាព អាយុជីវិត។

និស្សិត Otto Warmbier បានវិលត្រឡប់មកអាមេរិកវិញនៅថ្ងៃទី១៣ ខែមិថុនា ក្រោយពេល ឃុំខ្លួន១៧ខែ ហើយស្លាប់នៅ ថ្ងៃទី១៩ខែមិថុនា គឺបានមកជួបគ្រួសារបានតែ៦ថ្ងៃប៉ុណ្ណោះ ។ ប៉ុន្តែការមកជួបនោះគឺគេមិនដឹងខ្លួនឡើយដោយស្ថិតក្នុងអាការសន្លប់ និយាយអ្វីក៏មិនបាន ។ កូរ៉េខាងជើង បានដឹងយ៉ាងច្បាស់ថា និស្សិតខាងលើរស់នៅមិនបានយូរឡើយទើបសម្រេចដោះលែងឲ្យវិលត្រឡប់ទៅអាមេរិកវិញយ៉ាង តក់ក្រហល់ ចៀសវាងការស្លាប់នៅលើទឹកដីកូរ៉េខាងជើង ។ ទោះបីបែបណាក្តីកូរ៉េខាង ជើង ក៏ត្រូវជាប់ទោសពីការសម្លាប់និស្សិតអាមេរិកផងដែរ។

ក្រុមអ្នកវិភាគ បានលើកឡើងថា កា សាកល្បងកាំជ្រួចមីស៊ីលបរមាណូ ក៏មិន ធ្វើឲ្យ រដ្ឋាភិបាល និងពលរដ្ឋអាមេរិកខឹងសម្បាយ៉ាងខ្លាំងបែបនេះដែរ តែពេលនេះ កូរ៉េខាងជើង បានធ្វើឲ្យអាមេរិកឆេះដុំ មិន អាចទប់កំហឹងរបស់ខ្លួនបាន នៅពេល ដែលកូរ៉េខាងជើងបានសម្លាប់ពលរដ្ឋរបស់ខ្លួននោះ។

តើការស្លាប់នោះអាចជាដើមហេតុ ធ្វើឲ្យអាមេរិកវាយប្រហារកូរ៉េខាងជើងឬ? ទាំងនោះជាសំណួរដែលមនុស្សជាច្រើនបានចោទសួរ ។ កន្លងមកកូរ៉េខាងជើង មិនដែលធ្វើឲ្យពលរដ្ឋអាមេរិកស្លាប់ ឬរង របួសនោះឡើយបើទោះបីចាប់ឃុំខ្លួន ដោយចោទប្រកាន់ពីបទស្មើសផ្សេងៗក្តី។

នៅពេលនេះអាមេរិក អាចនឹងធ្វើអ្វីម្យាង ដើម្បីជាការព្រមានដល់កូរ៉េខាងជើង ។ ការដាក់ទណ្ឌកម្ម មិនធ្វើឲ្យប្រទេសនេះ ខ្លាចរអាឡើយ ដូច្នេះវិធីសាស្ត្រតែមួយគត់គឺអាមេរិក វាយប្រហារបញ្ចប់របបដឹកនាំផ្តាច់ការរបស់កូរ៉េខាងជើង ។

នៅពេលនេះដែរកម្លាំងទាហានអាមេរិកបានឡោមព័ទ្ធជុំវិញកូរ៉េខាងជើងរួចរាល់ ត្រៀមលក្ខណៈសម្រាប់វាយប្រហារដោយរង់ចាំតែបញ្ជាប៉ុណ្ណោះរាល់ទីតាំង អាវុធ ទំនើបៗរបស់កូរ៉េខាងជើង និងត្រូវបំផ្លាញក្នុងរយៈពេលខ្លីបំផុត មិនឲ្យកូរ៉េខាងជើងមានឱកាសតដៃនោះឡើយ។

ក្រុមអ្នកឯកទេស យុទ្ធសាស្ត្របាន លើកឡើងថា ទីតាំងដែលអាមេរិកត្រូវវាយប្រហារដំបូងគេនោះគឺ ទីតាំងមីស៊ីលបរមាណូរបស់កូរ៉េខាងជើង និងទីតាំងលាក់ខ្លួន របស់មេដឹកនាំគីម ជុងអ៊ុន ។ នៅពេល ដែលមេដឹកនាំគីម ជុងអ៊ុន ស្លាប់ ឬត្រូវបាន ចាប់ខ្លួននោះ កម្លាំងទាហានកូរ៉េខាងជើងក៏ដូចជាមន្ត្រីជាច្រើនផ្សេងទៀត ដែលធុញ ថប់នឹងរបបផ្តាច់ការ អាចនឹងទម្លាក់អាវុធងាកទៅរកអាមេរិក និងកូរ៉េខខាងត្បូង ដើម្បីបង្កើតរដ្ឋាភិបាល ប្រជាធិបតេយ្យនៅ ក្នុងប្រទេសនេះ។

អ្នកឯកទេសវិភាគបានលើកឡើងថា ប្រសិនបើអាមេរិកវាយប្រហារកូរ៉េខាងជើង គឺប្តូរតែរបបដឹកនាំប៉ុណ្ណោះ មិនបង្រួប បង្រួមកូរ៉េខាងជើង និងខាងត្បូងនាពេល នេះឡើយ ដោយសារតែមានគម្លាតសេដ្ឋកិច្ចឆ្ងាយពេក។ ពលរដ្ឋកូរ៉េខាងជើង ភាគច្រើន រស់នៅក្នុងភាពក្រីក្ររងទុក្ខវេទនា ដូច្នេះពួកគេ ក៏ដូចជាទាហានចង់មាន សេរីភាព មានទំនាក់ទំនងល្អជាមួយប្រទេសជិតខាង អាចចេញចូលទៅប្រទេសជិត ខាងបាន ធ្វើការឬរស់នៅបានដោយសេរី ។ ពលរដ្ឋជាច្រើន ចង់លួចរត់ចេញពីប្រទេស តែខ្លាចត្រូវចាប់បាន បញ្ជូនមកវិញ គឺគ្មានអ្វីក្រៅពីការស្លាប់នោះឡើយ។ ប៉ុន្តែក៏នៅ មានពលរដ្ឋជាច្រើន មិនខ្លាចស្លាប់ បាន ភៀសខ្លួនចេញពីកូរ៉េខាងជើង ឆ្លងចូល ប្រទេសចិន ទៅកាន់កូរ៉េខាងត្បូង។

ប្រធានាធិបតីអាមេរិក បានលើកឡើង ថា នៅពេលនេះមានជនជាតិអាមេរិក៣នាក់ទៀត អាចនឹងស្លាប់ ដូចនិស្សិត Otto ដែរ បើអាមេរិកមិនមានវិធានការជួយការពារទេនោះ។ ដើម្បីការពារបានអាមេរិកត្រូវតែវាយប្រហារ ប្តូរមេដឹកនាំកូរ៉េខាងជើង និង របបផ្តាច់ការមួយនេះដោយយោធា។

ជាមួយគ្នានេះអាមេរិក ក៏បានស្នើដល់ ចិន ត្រូវដាក់សម្ពាធបន្ថែមទៀតលើកូរ៉េខាងជើង ដើម្បីឲ្យប្រទេសនេះបោះបង់អាវុធ នុយក្លេអ៊ែរ របស់ខ្លួន។

យោងតាមការលើកឡើង របស់មន្ត្រី ជាន់ខ្ពស់អាមេរិក បានឲ្យដឹងថា សហរដ្ឋ អាមេរិក នឹងជំរុញប្រទេសចិនក្នុងអំឡុងពេលកិច្ចចរចាសន្តិសុខថ្នាក់មន្រ្តីជាន់ខ្ពស់ ដើម្បីបង្កើនការគាបសង្កត់ ទៅលើកូរ៉េខាង ជើង ក្នុងគោលបំណងទប់ស្កាត់កម្មវិធីមីស៊ីល និងគ្រាប់បែកបរមាណូ ដែលមិន ស្របច្បាប់ របស់របបផ្ដាច់ការខាងលើ។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧។

អនុរដ្ឋមន្ត្រីស្តីទី ទទួលបន្ទុកកិច្ចការ អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងប្រាប់ ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា រដ្ឋាភិ បាលទីក្រុងវ៉ាស៊ីនតោន ត្រូវបានគេរំពឹងថា នឹងទទូចឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំង រឹតបន្តឹងទណ្ឌកម្មបន្ថែមទៀត ទៅលើទី ក្រុងព្យុងយ៉ាង ពីការដាក់បំរាមនាំចូល ធ្យូងថ្ម ចូលទៅកាន់ប្រទេសចិន ដែលនោះ ជាចំណុចមួយ ជួយកាត់បន្ថយរូបិយប័ណ្ណ បរទេស ដែលកូរ៉េខាងជើង យកទៅអភិវឌ្ឍ កម្មវិធីអាវុធ នុយក្លេអ៊ែររបស់ខ្លួន។

គ្រប់ប្រទេសទាំងអស់ ដែលពាក់ព័ន្ធ ចង់ឃើញប្រទេសចិន ចេញសកម្មភាព បន្ថែមទៀត ហើយក្នុងនោះដែរ គណៈ កម្មាធិការនៃអង្គការសហប្រជាជាតិបាន ឲ្យដឹងថា អង្គភាពរាប់រយរបស់ប្រទេសកូរ៉េខាងជើង ភាគច្រើននៃអង្គភាពទាំងនោះ បានព្យាយាមធ្វើពាណិជ្ជកម្មតាមរយៈ ប្រទេសចិន ហើយកំពុងធ្វើការជាមួយ ប្រទេសចិន ដើម្បីបន្តសកម្មភាពទាំងនោះ ទៀតផង៕ ម៉ែវ សាធី


ចែករំលែក៖