ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំដឹកត្រីបើកលឿនពេក បែកកង់រេចង្កូតទៅបុករថយន្តកាម៉ារីគូទស្វិតប្ដីប្រពន្ឋពីរនាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ រថយន្តធុនធំបង្កម៉ាក Fuso មួយគ្រឿង បានបែកកង់មុខរ៉េចង្កូតជ្រុលទៅបុករថយន្តកាម៉ារីស្វិតដែលបើកបញ្រ្ចាសទិសគ្នាចំពីមុខពេញទំហឹងបណ្តាលឲ្យមនុស្ស២នាក់ជាប្តីប្រពន្ធ បានគៀបជាប់នៅក្នុងកាបិនរថយន្តរងរបួសយ៉ាងធ្ងន់ ហើយភ្លាមៗត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយសង្រ្គោះគាស់ចេញដឹកយកទៅសង្រ្គោះនៅឯមន្ទីរពេទ្យ ចំណែកតៃកុងភ័យចុះគេចខ្លួនបាត់ស្រមោល ។ ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១០និង៤០នាទីយប់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ នៅតាមបណ្តាយផ្លូវជាតិលេខ៣ ក្នុងភូមិស្រែញរ សង្កាត់ពងទឹក ខណ្ឌពោធិ៍សែនជ័យ។

រថយន្តបង្កម៉ាកfuso ពណ៌ខៀវ ពាក់ស្លាកលេខ ស្វាយរៀង 3A-0813 អ្នកបើកបររត់គេចខ្លួនបាត់ស្រមោល ដោយសមត្ថកិច្ចបានឆែកឆេរក្នុងរថយន្តឃើញមានឯកសររមួយចំនួន និងអត្តសញ្ញាណប័ត្រឈ្មោះ ផាន់ វ៉ា អាយុ៤២ឆ្នាំ មានស្រុកកំណើតនៅភូមិទន្លេបិទក្រោម ឃុំទន្លេបិទស្រុកត្បូងឃ្មុំ កំពុងចាម។ ចំណែកអ្នកបើកបររថយន្តរងគ្រោះម៉ាក កាម៉ារីស្វិត ស៊េរី៩៣ ពណ៌ស ពាក់ស្លាកលេខ ច-3640 ភព2 អ្នកបើកបរក្នុងរថយន្តមាន២នាក់ប្តីប្រពន្ធបានរងរបួសធ្ងន់។

បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុនោះគឺ រថយន្តបង្កម៉ាកFuso បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣ ទិសដៅពីត្បួងទៅជើងក្នុងល្បឿនយ៉ាងលឿន ហើយចៃដន្យក៏បានបែកកង់មុខផ្នែកខាងស្ដាំ រេចង្កូតជ្រុលទៅបុករថយន្តរងគ្រោះម៉ាកការីគូទស្វិតដែលបើកបញ្ច្រាស់ទិសគ្នា ចំពីមុខយ៉ាងពេញទំហឹងបណ្ដាលឲ្យរថយន្តរងគ្រោះគៀបជាប់ក្រោមរថយន្តបង្កអូសមកក្រោយវិញជិត១០ម៉ែត្រ និងគៀបជាប់អ្នកបើកបរក្នុងរថយន្ត២នាក់ប្តីប្រពន្ធរងរបួសធ្ងន់ ដោយប្តីរបួសជើងទាំងសងខាង រីឯប្រពន្ធបាក់ភ្លៅខាងឆ្វេង ភ្លាមៗប្ដីប្រពន្ឋរងគ្រោះទាំង២នាក់ត្រូវរថយន្តមន្ទីរពេទ្យបង្អែកពងទឹកដឹកបញ្ជូនទៅសង្រ្គោះនៅពេទ្យព្រះកុសមៈភ្លាមៗ។

ក្រោយពេលកើតហេតុប្រជាពលរដ្ឋដែលឆ្លងកាត់ទីនោះបានរាយការណ៍ទៅសមត្ថកិច្ចភ្លាម ពេលដែលសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ តៃកុងរថយន្តfusoបានគេចខ្លួនបាត់ទៅហើយ ចំណែកត្រីដែលនៅលើរថយន្តfusoនោះមានអ្នកតំណាងសុំសាងត្រីទៅរថយន្តផ្សេងទៀតដើម្បីដាក់ឲ្យម៉ូយ ដោយទុកតែរថយន្តបង្កនៅកន្លែងកើតហេតុឲ្យសមត្ថកិច្ចវាស់វែងចាត់ការតាមច្បាប់តែប៉ុណ្ណោះ៕ ភារ៉ា ដង្កោ


ចែករំលែក៖