ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមរថយន្ត OFF ROAD ចុះពីកំពូលភ្នំឱរ៉ាល់ដោយជោគជ័យ

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមរថយន្ត CAR OFF ROAD ដឹកនាំដោយលោក ព្រុំ រស្មី បាន បង្កើតកំណត់ត្រាដំបូងគេ បន្ទាប់ពីក្រុមនេះ បើករថយន្តឡើងដល់កំពូលភ្នំឱរ៉ាល់ដែលមានកម្ពស់១.៨១៣ម៉ែត្រ គឺជាភ្នំខ្ពស់ជាងគេនៅប្រទេសកម្ពុជានិងបានចុះមកដល់ដីរាបវិញ ដោយជោគជ័យកាលពីរសៀល ថៃ្ងទី១៩ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅ ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយចុះពីលើកំពូលភ្នំឱរ៉ាល់ឆ្ពោះមកដល់ ភ្នំពេញវិញលោក ព្រុំ រស្មី តំណាង ក្រុម គ្រួសារអ្នកបើករថយន្ត CAR OFF ROAD កម្ពុជាបានរៀបរាប់ថា នេះជាជោគជ័យ ដំបូងគេនិងជាប្រវត្តិសាស្រ្តមិនធ្លាប់មានពីមុនមកដែលធ្វើបានសម្រេចដោយក្រុម របស់លោកបានយករថយន្ត CAR OFF ROAD ទៅបញ្ឈរនៅលើកំពូលភ្នំឱរ៉ាល់ ដែលមានកម្ពស់ខ្ពស់ជាងគេបំផុតនៅកម្ពុជា គឺ១.៨១៣ម៉ែត្រ ។

លោក ព្រំ រស្មីបានបន្តថា ចំពោះដំណើរ ជិះរថយន្តផ្សងព្រេងឡើងលើកំពូលភ្នំឱរ៉ាល់នេះ ក្រុមរបស់លោកបានចំណាយពេល ចំនួន៣៥ថៃ្ង ទើបឡើងទៅដល់ចំណុចនៃកំពូលភ្នំឱរ៉ាល់ហើយក្នុងរយៈពេល៣៥ថៃ្ងនោះ ក្រុមរថយន្តCAR OFF ROAD ឡើង តែ១៥ថ្ងៃប៉ុណ្ណោះ ពីព្រោះស្ថានភាពផ្លូវជួបឧបសគ្គច្រើនថៃ្ងខ្លះរថយន្តក្រុមលោកអាចឡើងបានតែ២ម៉ោងឬស្មើនឹងចម្ងាយ៨០ម៉ែត្រប៉ុណ្ណោះ ។

ទោះបីជាឧបសគ្គច្រើនសម្រាប់ដំណើរជិះរថយន្តផ្សងព្រេងឡើងលើកំពូលភ្នំឱរ៉ាល់ក្តី ក៏ក្រុមរបស់លោកបានតស៊ូរហូតដល់ សម្រេចគោលដៅ ដូចបំណងប្រាថ្នាយ៉ាងពិតប្រាកដមែន។ ដោយនាំយករថយន្ត CAR OFF ROAD ទៅបញ្ឈរនៅលើកំពូលភ្នំបានដោយជោគជ័យ ។

គួររំលឹកថា ក្បួនរថយន្ត CAR OFF ROAD បានចេញដំណើរពីទីក្រុងភ្នំពេញ កាលពីព្រឹកថៃ្ងទី១២ ឧសភា ឆ្នាំ២០១៧ ដោយមានរថយន្តជូនដំណើរជិត១០ គ្រឿង ប៉ុន្តែការជិះឡើងកំពូលភ្នំឱរ៉ាល់នោះ មានតែរថយន្ត២គ្រឿងប៉ុណ្ណោះបានឡើងទៅ។

គោលបំណងនៃកម្មវិធីនេះ គឺពួកគេចង់បង្កើតស្នាដៃជាប្រវត្តិសាស្ត្រថាកូនខ្មែរអាចនាំយករថយន្ត CAR OFF ROAD ឡើង ដល់កំពូលភ្នំខ្ពស់ជាងក្នុង​​​ប្រទេសកម្ពុជា ដំបូងគេក្នុងមួយឆាកជីវិត របស់ខ្លួនដែលអាចចាត់ទុកថាអស្ចារ្យបំផុតនិងមិនធ្លាប់ មាននរណាធ្វើបានពីមុនមក ៕ សារីម​


ចែករំលែក៖