ព័ត៌មានទាន់ហេតុការណ៍៖

អឺរ៉ុបបន្តដាក់ទណ្ឌកម្មទៅលើរុស្ស៊ីបន្ថែម៦ខែបន្តទៀត

ចែករំលែក៖

ប្រមុខដឹកនាំសហគមន៍អឺរ៉ុប EU បានបញ្ជាក់ថា នឹងពន្យារពេលទៅលើទណ្ឌកម្មរុស្ស៊ីបន្ថែម៦ខែទៀត ។ ការដាក់ទណ្ឌកម្មទៅលើរុស្ស៊ី គឺជាប់ពាក់ព័ន្ធនឹងការដាក់បញ្ចូលតំបន់ គ្រីមៀ របស់អ៊ុយក្រែន ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ក៏ដូចជាវិបត្តិនៅតំបន់ភាគខាងត្បូង អ៊ុយក្រែន ដែលរុស្ស៊ីនៅពីក្រោយ ។ ការសម្រេចខាងលើធ្វើឡើងនៅក្នុងកិច្ចប្រជុំសហគមន៍អឺរ៉ុបនៅទីក្រុង ព្រុចស៊ែល កាលពីថ្ងៃទី២២ ខែមិថុនា។

ប្រធានសហគមន៍អឺរ៉ុប លោក Donald Tusk បានបញ្ជាក់ថា « ភាគីទាំងអស់ នៅក្នុងសហគមន៍អឺរ៉ុបបានបន្តអូសបន្លាយ ពេលវេលាដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី ក្នុងវិស័យសេដ្ឋកិច្ច ដោយសារតែរុស្ស៊ីមិនបានអនុវត្តទៅតាមកិច្ចព្រមព្រៀងទីក្រុងមិញ។

ការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី បានអនុម័តចាប់តាំងពីរុស្ស៊ីបានដាក់បញ្ចូលតំបន់ គ្រីមៀរបស់អ៊ុយក្រែន ស្ថិតនៅក្រោមការគ្រងគ្រងរបស់រុស្ស៊ីកាលពីឆ្នាំ២០១៤ ។ គោលនយោបាយ ដាក់ទណ្ឌកម្មទៅលើរុស្ស៊ី បានពង្រីកបន្ថែមទៀត ក្រោយពេលមានសង្គ្រាមនៅតំបន់ភាគខាងកើតអ៊ុយក្រែន ដោយក្រុមប្រឆាំងនៅទីនោះ បានទាមទារ ផ្តាច់ខ្លួនទៅចូលជាមួយរុស្ស៊ី បន្តទៀត ។ មិនតែប៉ុណ្ណោះ កម្លាំងទាហានរុស្ស៊ី ក៏បានជួយដល់ក្រុមប្រឆាំងនៅទីនោះផងដែរ។

ការដាក់ទណ្ឌកម្មរបស់អឺរ៉ុប ទៅលើរុស្ស៊ី រួមមានការហាមនាំចូលអាវុធ កាត់បន្ថយទំនាក់ទំនងវិស័យធនាគារ និងហាមប្រាមពលរដ្ឋរុស្ស៊ី ប្រមាណ១៥០នាក់ ធ្វើដំណើរចេញចូលអឺរ៉ុប។

ប្រតិកម្មទៅនិងសកម្មភាពខាងលើរបស់អឺរ៉ុប ប្រធានគណៈកម្មាធិការ កិច្ចការបរទេសរបស់សភា រុស្ស៊ីបានបញ្ជាក់ថា «ការសម្រេចខាងលើរបស់អឺរ៉ុប គឺគ្មានមូលដ្ឋាន ជាការខុសឆ្គង យ៉ាងធំ»។

នៅក្នុងព្រិត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ សារព័ត៌ស៊ិនហួចេញផ្សាយនៅថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០១៧ បានឲ្យដឹងថា សហរដ្ឋអាមេរិកបានឈានទៅដល់ដំណាក់កាលមួយទៀត ក្នុងការបន្ថែមទណ្ឌកម្មទៅលើប្រទេសរុស្សី ហើយវានឹងអាចធ្វើឲ្យមានការគ្រោះថ្នាក់ ដល់ទំនាក់ទំនងការទូតទាំងស្រុងរវាងប្រទេសទាំងពីរ ។ នេះបើយោងតាមការប្រកាសព្រមានពីសំណាក់ លោករដ្ឋមន្ត្រីការបរទេសរុស្សី ។

លោករដ្ឋមន្ត្រី Sergei Lavro បានព្រមានបែបនេះតាមទូរស័ព្ទជាមួយនឹងលោករដ្ឋមន្ត្រីការបរទេសអាមេរិក RexTillerson ហើយបន្ថែមទៀតថា រដ្ឋាភិបាលទីក្រុងមូស្គូ នៅតែមានជំហក្នុងការរក្សាបន្តទំនាក់ទំនងជាធម្មតាជាមួយនឹងភាគីសហរដ្ឋអាមេរិកដដែល ទោះបីជាយ៉ាងណាក៏ដោយ។

គួរបញ្ជាក់ថា កន្លងទៅ រតនាគារជាតិរបស់អាមេរិកបានប្រកាសដាក់ទណ្ឌកម្មថ្មីមួយទៅលើប្រទេសរុស្សីតាមរយៈដាក់បញ្ចូលឈ្មោះអង្គភាព និងក្រុមហ៊ុនរុស្សីចំនួន៣៨ចូល ទៅក្នុងបញ្ជីខ្មៅរបស់ខ្លួនដោយមូលហេតុនៃសកម្មភាពកន្លងមករបស់រុស្សីទៅលើប្រទេសអ៊ុយក្រែន៕ ម៉ែវ សាធី


ចែករំលែក៖