ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងបន្តសាកល្បងមិស៊ីលឆ្លងទ្វីប

ចែករំលែក៖

សារព័ត៌មានរ៉យទ័របានផ្សាយថា កូរ៉េខាងជើងទើបតែបានសាកល្បងម៉ាស៊ីនមីស៊ីលថ្មី ដែលអាចប្រើប្រាស់ សម្រាប់កាំជ្រួចមីស៊ីលឆ្លងទ្វីប វាយប្រហារដល់ទឹកដីអាមេរិក។

មន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ការសាកល្បងម៉ាស៊ីនមីស៊ីលខាងលើរបស់កូរ៉េខាងជើង ធ្វើឡើងនៅថ្ងៃទី២១ ខែមិថុនា ស្ថិតនៅទីតាំងបាញ់មីស៊ីល Sohae ដែលបានសាកល្បង៣លើកមកហើយនៅក្នុងខែមីនា ឆ្នាំ២០១៧។

មន្ត្រីអាមេរិកបញ្ជាក់ទៀតថា ការសាកល្បងនេះបានធ្វើឡើង ជាលើកទីពីរហើយ ប៉ុន្តែអាមេរិក ក៏មិនទាន់បានដឹងថា ជាប្រភេទមីស៊ីលអ្វីនោះទេ ។

ពាក់ព័ន្ធនឹងការសាកល្បងកាំជ្រួចមីស៊ីលនាពេលកន្លងមករបស់កូរ៉េខាងជើង មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិអាមេរិក បានបញ្ជាក់ថា ប្រសិនបើកូរ៉េខាងជើង មិនត្រូវបានត្រួតពិនិត្យ តាមដាន និងរារាំងទេនោះ ប្រទេសនេះនិង បន្តផលិតមីស៊ីល និងបរមាណូ ដែលអាចបាញ់ដល់ទឹកដីអាមេរិកជាមិនខាន។

កន្លងមក អាមេរិកបានវាយតម្លៃ ពីការសាកល្បងម៉ាស៊ីន មីស៊ីល និងកាំជ្រួចមីស៊ីលជាច្រើន បានបង្ហាញយ៉ាងច្បាស់ថា កូរ៉េខាងជើង ពិតជាមានការរីកចំរើន លើវិស័យបច្ចេកវិទ្យាមីស៊ីល ហើយប្រទេសនេះ នឹងផលិតមីស៊ីលឆ្លងទ្វីបបំពាក់ក្បាលគ្រាប់បរមាណូ ក្នុងពេលអនាគតដ៏ខ្លីខាងមុខ។ កន្លងមក អ្នកឯកទេសវិភាគបានបញ្ជាក់ថា កូរ៉េខាងជើង ត្រូវចំណាយពេលជាច្រើនឆ្នាំទៀតទើបអាច ផលិត អាវុធឆ្លងទ្វីប បាញ់ដល់ទឹកដីអាមេរិក។

ទឹកដីអាមេរិក មានចម្ងាយពីកូរ៉េខាងជើង តែ៩០០០គីឡូម៉ែត្រប៉ុណ្ណោះ ក្នុងពេលនោះកាំជ្រួចមីស៊ីលឆ្លងទ្វីប អាចបាញ់បានចម្ងាយដល់ទៅចាប់ពី៥៥០០គីឡូម៉ែត្រដល់ជាង ១ម៉ឺនគីឡូម៉ែត្រ។

ការសាកល្បងម៉ាស៊ីនមីស៊ីលរបស់កូរ៉េខាងជើង នាពេលនោះ និងធ្វើឲ្យទំនាក់ទំនងជាមួយអាមេរិកកាន់តែតានតឹង ពិសេសគឺក្រោយពេលនិស្សិត ជនជាតិអាមេរិក ដែលកូរ៉េខាងជើង បានដោះលែង ប៉ុន្មានថ្ងៃប៉ុណ្ណោះក៏ស្លាប់តែម្តង ។ អ្នកឯកទេស និងអ្នកសារព័ត៌មានមួយចំនួនរបស់អាមេរិកបានស្នើឲ្យ ប្រធានាធិបតីដូណាល់ ត្រាំបើកការវាយប្រហារទៅលើ ប្រទេសកូរ៉េខាងជើង ដើម្បីកុំឲ្យមានហេតុការណ៍បេបនេះកើតឡើងសារជាថ្មី។

កន្លងមកកូរ៉េខាងជើង ក៏បានដាក់លក្ខខណ្ឌជាមួយអាមេរិក ដោយឲ្យអាមេរិកបញ្ឈប់ការធ្វើសមយុទ្ធរួមជាមួយកូរ៉េខាងត្បូង ។ ការធ្វើសមយុទ្ធនោះត្រូវបានទីក្រុងព្យុងយ៉ាងចាត់ទុកថា ជាការ ប៉ុនប៉ងឈ្លានពានទឹកដីកូរ៉េខាងជើង។

ឆ្លើយតបនឹងសកម្មភាបខាងលើ មហាអំណាចពិភពលោកសហរដ្ឋអាមេរិក នឹងមិនបញ្ឈប់ការធ្វើសមយុទ្ធយោធារួមគ្នារវាងក្រុងវ៉ាស៊ីនតោន និងសេអ៊ូល ជាថ្នូរនឹងការផ្អាកធ្វើតេស្ដិ៍អាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសផ្ដាច់ការកូរ៉េខាងជើងនោះទេ។

យោងតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Katina Adams បានឲ្យដឹងថា វាគឺមិនមានភាពស្មើគ្នានោះទេ រវាងការធ្វើសមយុទ្ធយោធារបស់អាមេរិក និងកូរ៉េខាងត្បូងដែលធ្វើឡើងដោយស្របច្បាប់ ជាមួយនឹងការធ្វើតេស្ដិ៍អាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសផ្ដាច់ការកូរ៉េខាងជើងដែលខុសច្បាប់នោះ ដូចនេះប្រហែលជាអាមេរិក នឹងមិនបញ្ឈប់ការធ្វើសមយុទ្ធនោះជាថ្នូរនឹងការផ្អាកធ្វើតេស្ដិ៍របស់របបកម្មុនីស្ដនោះទេ។

ប្រតិកម្មរបស់មហាអំណាចពិភពកលោកមួយនេះ ធ្វើឡើងបន្ទាប់ពីប្រេសិតកំពូលរបស់ប្រទេសកូរ៉េខាងជើងប្រចាំប្រទេសឥណ្ឌាបានលើកឡើងកាលពីថ្ងៃពុធថា ក្រុងព្យុងយ៉ាងមានឆន្ទៈក្នុងកិច្ចចរចាផ្អាកការធ្វើតេស្ដិ៍អាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួនប្រសិនបើអាមេរិក បញ្ឈប់ការធ្វើសមយុទ្ធយោធាជាមួយនឹងប្រទេសកូរ៉េខាងត្បូង៕ ម៉ែវ សាធី


ចែករំលែក៖