ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូឌុបគ្នាពីភ្នំពេញបម្រុងធ្វើសកម្មភាពលួចម៉ូតូនៅក្នុងវត្តឥន្ទលីបូរមិនបានសម្រេចត្រូវប្រជាពលរដ្ឋនិងព្រះសង្ឃឡោមព័ទ្ធចាប់បានម្នាក់

ចែករំលែក៖

ខេត្តកណ្តាលៈ ជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាក្នុងគោលបំណងទៅធ្វើសកម្មភាពលួច​ម៉ូតូនៅក្នុងបរិវេណវត្តឥន្ទលីបូរ តែមិនបានសម្រេចត្រូវប្រជាពលរដ្ឋនិងព្រះសង្ឃឡោមព័ទ្ធ​ក្របួចចាប់ខ្លួនបាន កាលពីវេលា​ម៉ោង៥ និង​៤០នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ ស្ថិត​ក្នុងភូមិពុកឬស្សី ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួន​នោះឈ្មោះ ហ៊ុន មករា ហៅរ៉ា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល បច្ចប្បន្នស្នាក់នៅផ្ទះជួលភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ រីឯបក្ខពួកម្នាក់ទៀតដែលរត់គេចខ្លួននោះឈ្មោះ ធី ហៅ ម៉ៅ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅក្នុង រាជធានីភ្នំពេញ ។

ប្រភពដដែលបានបន្តថា ក្នុងប្រតិបត្តកាលបង្រ្កាបចាប់ខ្លួនជនសង្ស័យ សមត្ថកិច្ចបាន​ធ្វើការដកហូតវត្ថុតាងនៅជាប់ខ្លួនជនសង្ស័យរួមមាន៖ ម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ធុន​សេ​១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខភ្នំពេញ1BW-8948 ,ស្លាកលេខចំនួន០១​សន្លឹក(ភ្នំពេញ1DE-9126) ,ដង្កាប់ចំនួន០១ ,កូនសោរចំនួន០២ដើម ,ទួលណឺវីសចំនួន០១ ,ខ្ចៅសម្រាប់ចាប់ស្លាកលេខចំនួន០៦គ្រាប់ និងទូរស័ព្ទដៃ០១គ្រឿងផងដែរ ។

ប្រភពដដែលបានបន្តថា រយៈពេលកន្លងមកនៅក្នុងបរិវេណវត្តឥន្ទលីបូរតែងតែបាត់​ម៉ូតូជាញ៉ឹកញាប់ ។ លុះមកដល់ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ ព្រះសង្ឃគង់នៅក្នុងវត្ត​ព្រមប្រជាពលរដ្ឋបានប្រទះឃើញជនសង្ស័យជិះម៉ូតូឌុបគ្នាចូលទៅក្នុងវត្តដើរចុះឡើង ដោយ​មានការសង្ស័យបងប្អូនប្រជាពលរដ្ឋ និងព្រះសង្ឃបាននាំគ្នាចាំឃ្លាំមើល ខណៈនោះជន​សង្ស័យម្នាក់ដែលកំពុងដើរចុះឡើងនោះបានដើរគេចចេញទៅក្រៅរបងវត្ត ។ ឃើញដូច្នេះ​ប្រជា​ពលរដ្ឋ និងព្រះសង្ឃក៏សម្រេចឡោមព័ទ្ធចាប់ខ្លួនដែលកំពុងជិះម៉ូតូចម្រុងនឹងចេញក្រៅ​របងវត្ត ឆែកឆេររកឃើញមានវត្ថុតាងពាក់ព័ន្ធក៏ចាប់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ច​នគរ​បាល ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យឈ្មោះ ហ៊ុន មករា ហៅរ៉ា បានសារភាព​ថា នៅមុនពេលកើតហេតុរូបគេបានជិះម៉ូតូឌុបបក្ខពួកម្នាក់មកពីរាជធានីភ្នំពេញ ដើម្បីធ្វើ​សកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋក្នុងស្រុកខ្សាច់កណ្តាល ។ ពេលមកដល់ក៏ជិះម៉ូតូចូល​ទៅក្នុងវត្តឥន្ទលីបូរ ក្នុងគោលបំណងលួចម៉ូតូនៅទីនោះ ខណៈកំពុងដើរមើល ក៏ត្រូវបាន​ប្រជាពលរដ្ឋ និងព្រះសង្ឃចាប់ខ្លួនរូបគេតែម្តង គ្រាដែលបក្ខពួកម្នាក់ទៀតដឹង​ខ្លួនមុនរត់គេច​ខ្លួនបាត់ ៕ ស្អាងជ័យ


ចែករំលែក៖