ដំណើរទស្សនកិច្ចទៅក្រៅប្រទេសរបស់នាយករដ្ឋមន្ត្រីប៉ាគីស្ថានត្រូវបាន កាត់បន្ថយ ក្រោយពេលមានហេតុការណ៍ផ្ទុះឆេះរថយន្តដឹកប្រេង ស្ថិតនៅខេត្ត Punjab ធ្វើឲ្យ ពលរដ្ឋ ជាង ១៥០នាក់ស្លាប់ និងជាង១០០នាក់រងរបួស។ អ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត ដោយមានអ្នករងរបួសធ្ងន់ជាច្រើន។
តាមគម្រោង ពេលដំបូង នាយករដ្ឋមន្ត្រី Nawaz Sharif បានបញ្ចប់ដំណើរទស្សនកិច្ច ទៅក្រៅប្រទេសដល់ថ្ងៃទី៣០ ខែមិថុនា ប៉ុន្តែដោយសារតែមានវិបត្តិនៅក្នុងប្រទេស គឺការវាយប្រហារភេរវកម្ម កើតឡើងកាលពីថ្ងៃទី២៣ ខែមិថុនា សម្លាប់មនុស្ស ៨៥នាក់ និង ការផ្ទុះឆេះ រថយន្តដឹងសាំង កាលពីថ្ងៃទី ២៥ ខែមិថុនា បណ្តាលឲ្យស្លាប់ និងរបួសជិត៣០០នាក់ ធ្វើឲ្យនាយករដ្ឋមន្ត្រីត្រូវកាត់បន្ថយពេលវេលា ទស្សនកិច្ចក្រៅប្រទេស ដើម្បីមកដោះស្រាយស្ថានការណ៍បន្ទាន់នៅក្នុងប្រទេស។
អំពីករណីឆេះរថយន្តដឹកប្រេង មកទល់ពេលនេះមានអ្នកស្លាប់ ១៤៨នាក់ និង ជាង ១៤០នាក់រងរបួស ក្នុងនោះមាន ៤០នាក់របស់ធ្ងន់សង្គ្រោះបន្ទាន់។
តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មានរថយន្តដឹងអ្នកដំណើរ ប្រមាណ៣០គ្រឿង នៅជិតកន្លែងកើតហេតុ ត្រូវបានឆាប់ឆេះ ក្រៅពីនេះនៅមានរថយន្ត ៨គ្រឿងផ្សេងទៀតកំពុងបើកបរក៏ត្រូវឆាបឆេះខ្ទេចផងដែរ។
នៅព្រឹកថ្ងៃទី២៥ ខែមិថុនា រថយន្តដឹងប្រេង បានក្រឡាប់ នៅលើដងផ្លូវល្បឿនលឿន ដែលមាន រថយន្តបើកបរជាច្រើនស្ថិតនៅទីក្រុង Bahawalpur ធ្វើឲ្យប្រេងសាំង លេចហៀរចេញពេញផ្លូវ។ នៅពេលនោះ ពលរដ្ឋ នៅក្បែរក៏បាននាំគ្នា ទៅដួសយកប្រេង តែជាអកុសល ក៏ស្រាប់តែមានអណ្តាតភ្លើង ឆាបឆេះ ឆាលដាលទៅកន្លែងដែលប្រជាពលរដ្ឋកំពុងតែដួសយកប្រេង ទើបបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើន ។
នៅថ្ងៃទី២៣ ខែមិថុនា ក៏មាន ហេតុការណ៍វាយប្រហារភេរវកម្ម សម្លាប់មនុស្ស៨៥នាក់ស្ថិតនៅតំបន់ Quetta និង Karachi ប្រទេសប៉ាគីស្ថាន។ ក្រោយការវាយប្រហារក្រុមភេរវកម្ម និកាយសាន់នី និងក្រុម Lashkar E Jhangviបានចេញមុខទទួលស្គាល់ថា ជាសកម្មភាពវាយប្រហាររបស់ក្រុមខ្លួន៕ ម៉ែវ សាធី