ព័ត៌មានទាន់ហេតុការណ៍៖

នាយ ចយ ប្រឹងរកលុយរៀបការជាមួយសង្សារ

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលខ្លាំង ក្រោយពីដំណឹងមានសង្សារស្អាតដូចតារាសម្តែងរបស់លោក ភិច សែ ហៅនាយចយ។ ក្រោយពីប្រកាសពីភាគីខាងស្រីថា មិនមែនជាស្នេហាលេងសើច នាយ ចយ ក៏មានគម្រោងចូលស្តីដណ្តឹងសង្សារបណ្តូលចិត្ត និងរៀបការតាមទំនៀមទម្លាប់ដូចគេដូចឯងដែរ។

មានបុរសមិនតិចទេច្រណែន នឹងនាយចយ ដែលមានសម្រស់មិនស្អាត តែបែរជាបានសង្សារស្រស់សោភា មិនចាញ់តារាប៉ុន្មានទេ។ មិនត្រឹមតែបង្ហាញមុខ និងអះអាងថា ជាសង្សារ នាយចយ ក៏បានបង្ហាញភាពផ្អែមល្ហែមខ្លាំងជាមួយសង្សារផងដែរ រហូតបុរសមួយចំនួនត្អូញថា ឈឺចិត្តត្បិតរូបសម្បត្តិស្អាតបាត ហើយរកសង្សារមិនបានស្រស់សោភាដូចនាយចយ។

ក្រៅពីផ្អែមល្ហែម ពួកគេ ក៏មានគម្រោងរៀបចំពិធីភ្ជាប់ពាក្យ និងរៀបការតាមប្រពៃណីខ្មែរផងដែរ។ នេះបើតាមការបញ្ជាក់របស់នាយចយ។

តារាកំប្លែងប្រចាំក្រុមនាយក្រឹមរូបនេះលើកឡើងថា ស្រីស្អាតដែលលោកបានកៀកកើយគ្នាផ្អើលអ្នកលេង Facebook នោះឈ្មោះ ឌី គឺប្រាកដណាស់ជាសង្សាររបស់លោកមែន ហើយនាងជាកូនក្រមុំអ្នកខេត្តពោធិ៍សាត់ដែលបានស្រឡាញ់គ្នាជិត១ឆ្នាំទៅហើយ។ តារាកំប្លែងរូបនេះលើកឡើងថា លោកកំពុតប្រឹងប្រែងខ្លាំងដើម្បីសន្សំលុយបានពីការសម្តែង ដើម្បីបំពេញក្តីសុបិន្តរបស់ខ្លួន។

តារាកំប្លែងវ័យ២៤ឆ្នាំរូបនេះ អះអាងថា សង្សារលោកទើបមានវ័យ១៨ឆ្នាំ ជាសិស្សដែលរៀននៅវិទ្យាល័យមួយ នៅខេត្តពោធិ៍សាត់។ លោកថា ទំនាក់ទំនងនេះ គឺកើតមានឡើងដោយខ្លួនឯង ដោយមិនមានអ្នកណែនាំ ឬបង្ខិតបង្ខំនោះទេ ហើយក្រោយការមើលចិត្តថ្លើមគ្នា គឺកាន់តែស្រឡាញ់គ្នា ហើយក្រុមគ្រួសារទាំងសងខាងដឹងលឺរួចរាល់ហើយដោយមិនមានការជំទាស់ដែរ។

លោកថា ទោះមានភ្លើងខៀវពីក្រុមគ្រួសារ ប៉ុន្តែលោកនៅមិនទាន់ចូលរោងការភ្លាមៗទេ គឺលោកចង់សន្សំលុយកាក់ឲ្យបានសមល្មម នឹងរៀបចំពិធីសមរម្យមួយសម្រាប់ខ្លួន និងអនាគតភរិយា។ លោកថា នៅមិនទាន់ដឹងនៅឡើយដែរថា នឹងត្រូវជូនថ្លៃបណ្ណាការចំនួនប៉ុន្មានដែរ ប៉ុន្តែតាមការស្វែងយល់ចិត្តគ្នា គឺថ្លៃទឹកដោះមិនមែនជាឧបសគ្គសម្រាប់លោកនោះទេ។

លោក នៅមិនទាន់បានដឹងច្បាស់អំពីពេលវេលាចូលរោងការនៅឡើយ ហើយពេលនេះ គឺលោកកំពុងសន្សំលុយឲ្យគ្រប់ល្មមដើម្បីឲ្យពិធីមង្គលការកើតឡើងបានដោយភាពសមរម្យ។ អ្វីដែលលោកសង្ឃឹម គឺក្តីស្នេហ៍មួយនេះនឹងជាស្នេហាពិត យូរអង្វែងតរៀងទៅ ហើយ លោកនឹងព្យាយាមខិតខំសម្តែងភាពយន្ត និងកំប្លែងដើម្បីសម្រេចក្តីសុបិន្តក្នុងជីវិត។ លោកក៏អរគុណចំពោះក្រុមគ្រួសារសង្សារលោកដែលមិនប្រកាន់អំពីរូបរាងមុខមាត់របស់លោក ហើយបំពេញការចង់បានរបស់លោក និងសង្សារផងដែរ៕ វឌ្ឍនា


ចែករំលែក៖