ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញាវាយប្លន់ម៉ូតូមិនបានសម្រេចម្នាក់ត្រូវឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ មុខសញ្ញាវាយប្លន់ម៉ូតូមិនបានសម្រេចម្នាក់ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួន បញ្ជូនមកសាកសួរនិងឈានដល់ការកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ។

ករណីនេះបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧និង៤០នាទីព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅបណ្តោយផ្លូវឌួងងៀប ភូមិទ្រុងមាន់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចប្រាប់ថា បុរសរងគ្រោះដែលជាម្ចាស់ម៉ូតូ ឈ្មោះគឹម សុផល ៥៦ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួល ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ដោយឡែកជនសង្ស័យឈ្មោះ លី គាហុង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ និងស្នាក់នៅពុំពិតប្រាកដ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ។

ប្រភពព័ត៌មានពីជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ គាត់បានចេញប្រកបមុខរបររត់ម៉ូតូឌុបដូចសព្វមួយដង ទៅដល់ចំណុចស្តុបដេអិន ជនសង្ស័យបានហៅឲ្យឌុបទៅកាន់ទីនេះ និងទៅកាន់ទីនោះ រហូតដល់ចំណុចផ្លូវដួងងៀប ជនសង្ស័យបានវាយគាត់មួយដៃចំមុខបណ្តាលឲ្យដួលពីម៉ូតូ ហើយជនសង្ស័យបានលើកម៉ូតូរបស់គាត់ជិះចេញទៅ ។

ប្រភពបន្តថា គ្រានោះ ដោយសារតែម៉ូតូរបស់គាត់មានតេឡេនោះ គាត់បានចុចបញ្ជាពីចម្ងាយធ្វើឲ្យម៉ូតូនោះរលត់ទៅមុខមិនរួច ហើយស្រែកថា ចោរៗ ប្រជាពលរដ្ឋនៅក្បែរខាងនាំគ្នាជួយចាប់ជនសង្ស័យ រួចស្វាគមន៍ម្នាក់មួយដៃមួយជើង ទ្រមខ្លួន ទម្រាំសមត្ថកិច្ចមកដល់ ឃាត់ខ្លួនយកទៅដោះស្រាយបន្តតាមច្បាប់ ៕ តុង សីហា

 


ចែករំលែក៖