ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចស្រុកសំរោងទងឃាត់ខ្លួនមុខសញ្ញាជួញដូរសារធាតុញៀន២នាក់ ដកហូតថ្នាំញៀន៥៥.៦ក្រាម

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ សមត្ថកិចស្រុកសំរោងទង បានបំបែកករណីជួញដូរថ្នាំញៀនទ្រង់ទ្រាយធំជាងមុនៗ ដោយឃាត់ខ្លួនមុខសញ្ញាបាន២នាក់ ព្រមទាំងដកហូតបានថ្នាំញៀនច្រើនជាងការបង្ក្រាបមុនៗទៅទៀត។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានរៀបចំកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង២ទៅកាន់សាលាដំបូងខចាត់ការបន្ត។

នៅព្រឹកថ្ងៃទី២៦ ខែមុថិនា ឆ្នាំ២០១៧ សមត្ថកិច្ចស្រុកបានរៀបចំបញ្ជូនមុខសញ្ញាទាំង២ទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីបញ្ជូនបន្តទៅកាន់សាលាដំបូងចាត់ការតាមនីតិវិធី។

ការឃាត់ខ្លួននេះ ធ្វើឡើងកាលពី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១១និង៣០នាទី ដោយកម្លាំងផ្នែកគ្រឿងញៀន និងផ្នែកព្រហ្មទណ្ឌស្រុកបានឃាត់មុខសញាជួញដូរ២នាក់ នៅចំណុចខាងកើតភូមិថ្មសំលៀង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ជនសង្ស័យ ឈ្មោះ ខេង ភារី ភេទប្រុស អាយុ៣២ឆ្នាំ ភូមិព្រៃចំការ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល និង ឈ្មោះ ហួន គឹមហេង ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិកែវឧត្ដម ឃុំត្រពាំងគង ស្រុកសំរោងទង និងដកហូតម្សៅ ក្រាមពណ៌ស១៦កញ្ចប់ធំ ១ មធ្យម២ តូច១៣កញ្ចប់ ស្មើនឹង៥៥.៦ក្រាម ព្រមទាំងម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅគ្មានស្លាកលេខ និងទូរសព្វ័ដៃ២គ្រឿង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២បានឆ្លើយសារភាពថា ថ្នាំញៀនដែលសមត្ថកិច្ចដកហូតបានគឺពិតជារបស់ខ្លួនប្រាកដមែន ដោយពួកគេទទួលពីបុរសម្នាក់នៅភ្នំពេញ ហើយយកមកលក់បន្ត។ មុនពេលឃាត់ខ្លួន មានម៉ូយតេហៅយកថ្នាំឲ្យ តែមិនទាន់ដល់គោលដៅណាត់យកថ្នាំផង ក៏ត្រូវសមត្ថកិចហចឃាត់ខ្លួន។

គួរបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យ២នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួននេះ មានម្នាក់ត្រូវបានតុលាការចេញដីការបង្គាប់ឲ្យចាប់ខ្លួនផងដែរ៕ សេនាស័ក្តិ


ចែករំលែក៖