ខេត្តកណ្តាលៈ បុរសស្ត្រី២នាក់បងប្អូនជីដូនមួយបានទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីត្រូវរថយន្តបើកបុកពេញមួយទំហឹង ខណៈកំពុងជិះម៉ូតូឌុបគ្នានៅលើកំណាត់ផ្លូវជាតិលេខ៥ កាលពីវេលាម៉ោង០៦ និង៣០នាទីព្រឹក ថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៣៥-៣៦ ស្ថិតក្នុងភូមិចេតីយ៍ថ្មី ឃុំវិហារហ្លួង ស្រុកពញាឮ ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកពញាឮបានឲ្យដឹងថា រថយន្តទួរីសម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2S-4801 បើកបរដោយជនមិនស្គាល់អត្តសញ្ញណ ក្រោយពីកើតហេតុបានរត់គេចខ្លួនបាត់ស្រមោល ។ ចំណែកឯជនរងគ្រោះ២នាក់នោះ ទី១-ឈ្មោះ ទឹម សុភស្ស័ ភេទប្រុស អាយុ៣០ឆ្នាំ (ជាអ្នកបើកបរម៉ូតូ) ទី២-ឈ្មោះ កេង ចិន្ថា ភេទស្រី អាយុ២៥ឆ្នាំ ។ ជនរងគ្រោះទាំង២នាក់ជាបងប្អូនជីដូនមួយនឹងគ្នា មានទីលំនៅភូមិតាំងក្រាំង ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជយ័ ខេត្តកំពង់ឆ្នាំង ជិះម៉ូតូម៉ាកហុងដាMSX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GB-0696 ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញម៉ូតូម៉ាកហុងដាMSXបើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីខេត្តកំពង់ឆ្នាំងឆ្ពោះមករាជធានីភ្នំពេញ លុះបើកដល់ចំណុចកើតហេតអ្នកបើកបរម៉ូតូបានបើកបត់ឆ្វេងឆ្លងផ្លូវ ក៏ត្រូវរថយន្តទួរីសដែលបើកមកពីក្រោយជាន់ហ្វ្រាំងអូសជាច្រើនម៉ែត្រនៅតែមិនជាប់ បណ្តាលឲ្យបុកម៉ូតូជនរងគ្រោះពេញមួយទំហឹងដួលបោកទៅលើផ្លូវរងរបួសយ៉ាងធ្ងន់ធ្ងរ ។
ក្រោយពីមានហេតុការណ៍កើតឡើងអ្នកបើកបររថយន្តបានចុះគេចខ្លួនបាត់ រីឯជនរងគ្រោះត្រូវបានរថយន្តសាមុយបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។ដោយឡែកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចនគរបាលធ្វើ់ការដកហូតបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ