ព័ត៌មានទាន់ហេតុការណ៍៖

ជំនួបសនវកា និងសម្តែងការគួរសមរវាងសម្តេចប្រធានរដ្ឋសភា ជាមួយលោកនាយករដ្ឋមន្រ្តីវៀតណាម នៅវិមានរដ្ឋាភិបាល ក្រុងហាណូយ

ចែករំលែក៖

ប្រទេសវៀតណាម៖ នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ ក្នុងឱកាសបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាមរយៈពេល៣ថ្ងៃ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចូលជួបសវនកា និងសម្តែងការគួរសមជាមួយ លោក ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) នៅវិមានរដ្ឋាភិបាល ក្រុងហាណូយ។

នៅក្នុងកិច្ចសវនកា លោកនាយករដ្ឋមន្រ្តីវៀតណាម បានសម្តែងនូវកិច្ចស្វាគមន៌យ៉ាងកក់ក្តៅបំផុតចំពោះគណៈប្រតិភូ និងបានចាត់ទុកថា ដំណើរទស្សននេះ ជាព្រឹត្តការណ៌មួយដ៏សំខាន់ក្នុងការរួមចំណែកដល់ការបន្តរឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម ដែលមានរយៈពេលកន្លះសតវត្សមកហើយនេះ ឲ្យកាន់តែល្អប្រសើរ រឹងមាំនិងស្ថិតស្ថេរអមតៈ។ លោកបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងនេះថា មរតកដ៏ថ្លៃថ្លា និងមានតម្លៃ ដែលមិនអាចកាត់ថ្លៃបាន ហើយដែលប្រទេសយើងទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយត្រូវបន្តថែរក្សា ពង្រឹង និងពង្រីក ឲ្យកាន់តែល្អប្រសើរ និងស្ថិតស្ថេរគង់វង្សជានិរន្ត។

ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតីតព្រះមហាវីរៈក្សត្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតកោដ្ឋ ដែលបានជួយគំាទ្រដល់សកម្មភាពស្វែងរកសន្តិភាព ឯករាជ្យភាពរបស់ប្រទេសវៀតណាម នាអតីតកាល។

ក្នងឱកាសនោះដែរ សម្តេចប្រធានរដ្ឋសភាបានសម្តែងនូវអំណរគុណចំពោះលោកនាយករដ្ឋមន្រ្តី ដែលបានទទួលស្វាគមន៌យ៉ាងរាក់ទាក់ និងកក់ក្តៅចំពោះគណៈប្រតិភូកម្ពុជា និងវាយតំលៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេង ដែលបក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាម សម្រេចបានក្នុងការកសាង និងអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឆ្ពោះទៅរកវឌ្ឍនភាពជឿនលឿនយ៉ាងឆាប់រហ័ស។

ជាមួយគ្នានេះសម្តេចបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលដ៏ធំធេងដែលរដ្ឋបាលនៃប្រទេសទាំងពីរសម្រេចបានរួមគ្នានាពេលកន្លងលើគ្រប់វិស័យ ជាពិសេស ការបោះបង្គោលព្រំដែនគោកនៃប្រទេសទាំងពីរ ដែលសម្រេចបានជាង៨០ ភាគរយ ហើយដែលបានប្រែក្លាយព្រំដែនជាតំបន់មានសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។ សម្តេចបានគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏ភ្លឺស្វាងរបស់បក្សកុម្មុយនីសវៀតណាម ដែលមានលោក ង្វៀន ភូជុង ជាអគ្គលេខាធិការបក្ស លោក ត្រាន់ ដៃគួង ប្រធានរដ្ឋ លោកជំទាវ ង្វៀន ធីគឹមងិន ប្រធានរដ្ឋសភា និងលោកផ្ទាល់ជានាយករដ្ឋមន្រ្តី វៀតណាមនឹងបន្តទទួលបានជោគជ័យថ្មីៗថែមទៀត ក្នុងដំណើរការជំរុញឧស្សាហកម្ម និងទំនើបន័យកម្ម ដើម្បីអភិវឌ្ឍប្រទេសជាតិកាន់តែខ្លាំងក្លាថែមទៀតនាពេលអនាគតដ៏ខ្លីខាងមុខ។

ជាថ្មីម្តងទៀត សម្តេចបានថ្លែងអំណរគុណចំពោះសមភាគីវៀតណាមដែលបានជួយឧបត្ថម្ភ គាំទ្រដល់កម្ពុជាទាំងក្នុងពេលអតិតកាល និងបច្ចុប្បន្នក្នុងការរួមចំណែកស្តារ កសាង និងអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសការវាយរំលំរបបប្រល័យពូជសាសន៌ប៉ុលពតនាថ្ងៃ៧ មករា ១៩៧៩ ៕ ហេង សូរិយា


ចែករំលែក៖