ព័ត៌មានទាន់ហេតុការណ៍៖

លិចនាវាទេសចរណ៍ដឹកមនុស្ស១៥០នាក់នៅកូឡុំប៊ី

ចែករំលែក៖

កម្លាំងទាហានអាកាសកូឡុំប៊ីបាន ប្រកាសឲ្យដឹងថា នាវាទេសចរណ៍ដឹកអ្នកដំណើរ១៥០នាក់លិចនៅក្នុងបឹង El Penol ស្ថិតនៅតំបន់ទេសចរណ៍ Guatape ភាគខាងលិចប្រទេសកូឡុំប៊ីកាលពីថ្ងៃទី២៥ ខែមិថុនា។ កម្លាំងទាហានអាកាស បានបញ្ជូនឧទ្ធម្ភាគចក្រ១គ្រឿង ទៅជួយសង្គ្រោះក្នុងពេលដែលមានអ្នកដំណើរជាច្រើនបាត់ខ្លួន។

នាវាទេសចរណ៍ដែលលិចខាងលើមាន ឈ្មោះថា Almirante មានកម្ពស់៤ជាន់។ ក្រុមជួយសង្គ្រោះក៏បានបញ្ជូនអ្នកមុជទឹកទៅស្វែងរកអ្នកបាត់ខ្លួនដោយលិចនាវា ខាងលើនេះដែរ។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNN នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ ដោយពឹងផ្អែកទៅលើប្រភពព័ត៌មានពីអាជ្ញាធរកូឡុំប៊ី បានឲ្យ ដឹងថា យ៉ាងហោចណាស់មានមនុស្ស៩នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុ ការណ៍លិចទូកទេសចរណ៍ ហើយខណៈនេះក្រុមជួយសង្គ្រោះកំពុងមមាញឹកជួយ អ្នកដែលនៅមានជីវិត។

សមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងហេតុការណ៍លិចនាវាទេសចរណ៍ផ្ទុកមនុស្ស១៥០នាក់ បណ្ដាលឲ្យមនុស្ស៩នាក់ បាន ស្លាប់បាត់បង់ជីវិត និង៣០នាក់ផ្សេងទៀត កំពុងបាត់ខ្លួនស្របពេលដែលជនរងគ្រោះ១០០នាក់ ត្រូវបានជួយសង្គ្រោះ នោះគឺ កើតឡើងនៅជិតតំបន់ទេសចរណ៍ ដ៏មានប្រជាប្រិយមួយកន្លែងក្នុងដែនទឹកប្រទេសកូឡុំប៊ី។

គួរបញ្ជាក់ថា បើតាមការអះអាងពី អាជ្ញាធរចំនួនអ្នកស្លាប់អាចនឹងបន្ដកើនឡើង ដោយសារតែមានអ្នកបន្ដបាត់ខ្លួន រហូតដល់ទៅ៣០នាក់ ដែលអ្នកទាំងនោះ ត្រូវបានគេគិតថា ទំនងជាមិនអាចនៅមាន ជីវិតទេ៕ ម៉ែវ សាធី


ចែករំលែក៖