ភ្នំពេញ ៖ មហាគ្រូសារអ្នកបាញ់កាំភ្លើងកម្ពុជាបានបង្ហាញមុខមេដឹកនាំមុននឹងចាប់ផ្តើមអនុវត្តផែនការមេសហព័ន្ធសម្រាប់ការពង្រឹងសមាសភាពមន្ត្រីរដ្ឋបាលមន្ត្រីជំនាញដែលមានតួនាទីសំខាន់ៗដោយមានភាពប្រាកដប្រជាថាអាចដឹកនាំឲ្យសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាខ្ពស់មុខខ្ពស់មាត់ទាំងថ្នាក់ជាតិនិងអន្តរជាតិនៅពេលដ៏ខ្លីខាង មុខនេះ។ ទាំងអស់នេះគឺជាការតាំងចិត្តដ៏មុតមាំរបស់ប្រមុខដឹកនាំសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាជាបន្តបន្ទាប់ពោលគឺចាប់តាំងពីបង្កើតសហព័ន្ធនេះឡើងវិញនិងបាន បញ្ចូលសមាសភាពសមាជិកប្រតិបត្តិបន្ថែម កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅនៅទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ។
លោក មៀច សុផាន់ណា ប្រធានសហ ព័ន្ធកីឡាបាញ់កាំភ្លើងបានមានប្រសាសន៍ទៅកាន់សមាជិករបស់ខ្លួនថា បន្ទាប់ពី ប្រកាសតែងតាំងសមាជិកប្រតិបត្តិថ្មីនេះតទៅសហព័ន្ធនឹងមានសកម្មភាពកាន់តែច្រើនដើម្បីបំផុសប្រជាពលរដ្ឋឲ្យយល់ដឹងពីកីឡាបាញ់កាំភ្លើងឈានទៅរកការគ្រប់គ្រង និងទប់ស្កាត់ការប្រើប្រាស់អាវុធជាតិផ្ទុះដោយខុសច្បាប់ឲ្យបានកាន់តែប្រសើរឡើង។ លោកក៏មានរំពឹងថា នៅក្នុងពេល ដ៏ខ្លីខាងមុខសហព័ន្ធនឹងមានកីឡាករ-កីឡាការិនីពោរពេញទៅដោយសមត្ថភាព សម្រាប់ត្រៀមខ្លួនប្រកួតលើឆាកអន្ដរជាតិ។
លោកប្រធានបានលើកឡើងថា មួយ រយៈពេលចុងក្រោយមកនេះសហព័ន្ធបានរៀបចំសកម្មភាពមួយចំនួនរួចហើយ ប៉ុន្ដែ សកម្មភាពទាំងនេះមិនទាន់បញ្ជាក់ពីសក្ដានុពលនៃកីឡាបាញ់កាំភ្លើងកម្ពុជាទេ។ ដូច្នេះយើងទាមទារឲ្យមានការចូលរួមបន្ថែមពីគ្រប់ភាគីពាក់ព័ន្ធដើម្បីបណ្ដុះបណ្ដាល និងចម្រាញ់រកកីឡាករ-កីឡាការិនីឆ្នើម ត្រៀមការប្រកួតជាលក្ខណៈអន្ដរជាតិផ្សេងៗ នាថ្ងៃអនាគត ។
លោកបានបន្ថែមថា ចំពោះសមាសភាពសមាជិកប្រតិបត្ដិសហព័ន្ធ បន្ទាប់ពីលោក មៀច សុផាន់ណា ជាប្រធាន ក្នុងនោះ មានអនុប្រធានសហព័ន្ធ៨នាក់ គឺលោក ចាប ភក្ដី , លោក ប៊ុត សុភាព, លោក Guy Porre, លោក សាមឺឌី ស៊ីវឌ្ឍនា, លោក ធាន ប៊ុនសេង, លោក នុត សវនា, លោក សុខ ខេមរិន និងលោក ទេព រិទ្ធីវិទ្ធ ។ អគ្គ លេខាធិការ លោក ហូ សិទ្ធិគុណ និង អគ្គលេខាធិការរង លោក វុត្ថា ប៉ុណ្ណារិទ្ធ, លោក ស៊ុ សុខា និងលោក Pily Wong ។ រីឯសមាជិក លោក គុជ វណ្ណៈ, លោក លីវ សុផាណារិទ្ធ, លោក អុិន សាវុធ, លោក សុខ សារុំ, លោក នួន ភក្តី, លោក ទិត វិសិដ្ឋ និងលោក Thomes Bovet។ ចំណែកលោក Hubert Staberhofer និងលោក Sylvain Voget គឺជាទីប្រឹក្សា សហព័ន្ធផង និងជាគ្រូបង្វឹកផង ៕ សារីម