ក្រុមហ៊ុនប្រេង ចិនអាចនឹងផ្អាក់ការលក់ប្រេងទៅឲ្យកូរ៉េខាងជើង ដោយព្រួយបារម្ភ ខ្លាចមានបញ្ហាផ្សេងៗ ពីការដាក់ទណ្ឌកម្មរបស់អាមេរិក ក៏ដូចជាការមិនទូទាត់ប្រាក់សងពីកូរ៉េខាងជើង។
ក្រុមហ៊ុនប្រេងជាតិចិន CNPC បានសម្រេចផ្អាកលក់ប្រេងឲ្យកូរ៉េខាងជើង ជាបណ្តោះអាសន្ន ក្នុងរយៈពេល២ខែ ។ នេះជាការសម្រេចចិត្តដែលមានលក្ខណៈនយោបាយរបស់ចិន ក្នុងពេលដែលអាមេរិកបង្កើនគំនៀបទៅលើកូរ៉េខាងជើង។
សារព័ត៌មានរ៉យទ័របានផ្សាយថា ការផ្អាក់ផ្គត់ផ្គងប្រេង ខាងលើរបស់ចិនអាចជាផ្នែកមួយ នៃការដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង ក្រោយពេលរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ឈប់ស្តាប់ចិនទៅហើយនោះ។ កន្លងមក លោកស៊ី ជីនពីង ប្រធានាធិបតីចិន បាននិយាយទៅកាន់អាមេរិកថា ចិនបានខិតខំ តែកូរ៉េខាងជើងមិនស្តាប់។ ជាមួយនឹងការផ្អាកខាងលើ កូរ៉េខាងជើង ចាំបាច់ត្រូវតែស្វែងរកប្រភពប្រេងថ្មីមកផ្គត់ផ្គង់ បើមិនដូច្នោះទេ ប្រទេសនេះ នឹងត្រូវប្រឈមការខ្វះប្រេងជាមិនខាន។
ប្រភពព័ត៌មាន បានឲ្យដឹងថា ការផ្អាកខាងលើរបស់ក្រុមហ៊ុនចិន ដោយសារតែកូរ៉េខាងជើង មិនទូទាត់ប្រាក់សងចិន ។ នៅពេលនេះ ក្រុមហ៊ុន CNPC បានស្នើឲ្យកូរ៉េខាងជើង សងប្រាក់មុនទើបលក់ឲ្យ។ ភាគីកូរ៉េខាងជើង ប្រឈមនូវបញ្ហាជាច្រើន ក្នុងការទូទាត់ប្រាក់តាមធនាគារជាតិចិន និងអន្តរជាតិ ដោយសារតែ រងការដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិ។
នៅពេលនេះដែរ ក្រសួងការបរទេសចិន ក៏ដូចជាកូរ៉េខាងជើង មិនទាន់វិភាគអ្វីជុំវិញហេតុការណ៍ខាងលើនៅឡើយ។
កាលពីឆ្នាំ២០១៦ ក្រុមហ៊ុនចិន បាន បញ្ចូនប្រេងសាំងជាង៩៦.០០០តោន និង ប្រេង Diesel ជាង៤៥ពាន់តោន មានតម្លៃ៦៤លានដុល្លារឲ្យទៅកូរ៉េខាងជើង ប្រេងទាំងនោះគឺជារបស់ក្រុមហ៊ុន CNPC ។
ការដែលចិនផ្អាកលក់ប្រេងទៅឲ្យកូរ៉េខាងជើង គឺជាសញ្ញាមួយគួរឲ្យព្រួយបារម្ភ ។ ក្រុមអ្នកវិភាគបានលើកឡើងថា នៅពេលដែលចិនផ្អាក់ផ្គត់ផ្គង់ប្រេងរយៈពេលយូរនោះ និងធ្វើឲ្យរថយន្តក៏ដូចជា គ្រឿងយន្តផ្សេងៗក្នុងនោះ មានរថក្រោះ រថពាសដែក និងយន្តហោះចម្បាំង អាចប្រឈមនឹងខ្វះថាមពល នៅពេលនោះ អាចនិងមានសង្គ្រាមវាយប្រហារពីអាមេរិកកើតឡើង ។
ជាមួយគ្នានេះដែរ អាមេរិក បានបង្កើនប្រាក់ចំណាយសម្រាប់ការពារជាតិ គឺច្រើនជាង សំណើរបស់ប្រធានាធិបតីដូណាល់ ត្រាំទៅទៀត ដោយអាមេរិកយល់ថា នឹងមានសង្គ្រាមថ្មីដែលអាមេរិកត្រូវតែធ្វើនៅក្រៅប្រទេស ។ អ្នកវិភាគបានលើកឡើងថា បើមានសង្គ្រាមនោះ គ្មានប្រទេសណាក្រៅពីកូរ៉េខាងជើងនោះឡើយ ដូចអ្វីដែលលោកត្រាំ បានលើកឡើងថា នឹងត្រូវធ្វើអ្វីម្ស៉ាងដើម្បីបញ្ចប់កម្មវិធីបរមាណូរបស់កូរ៉េខាងជើង៕ ម៉ែវ សាធី