ព័ត៌មានទាន់ហេតុការណ៍៖

លោក ដូណាល់ ត្រាំ នឹងធ្វើដំណើរទស្សនកិច្ចនៅបារាំងក្នុងខែកក្កដា

ចែករំលែក៖

មេដឹកនាំសហរដ្ឋ អាមេរិកត្រូវបាន បារាំងអញ្ជើញឲ្យចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីព្យុហយាត្រាថ្ងៃបុណ្យជាតិ ១៤ កក្កដា ឆ្នាំ២០១៧ ដោយសារតែត្រូវនឹង ខួប១០០ឆ្នាំ នៃការចូលរួមរបស់កងទ័ព អាមេរិកនៅក្នុងសង្រ្គាមលោកលើកទី១ផង ដែរ។

ប្រធានាធិបតីបារាំងលោក អេមម៉ានុយ អែល ម៉ាក្រុង បានអញ្ជើញប្រធានាធិបតីអាមេរិកនៅក្នុងអំឡុងជំនួបក្រៅកិច្ចប្រជុំ អូតង់នៅទីក្រុងប្រ៊ុចស៊ែល កាលពីចុងខែ ឧសភាកន្លងទៅ ហើយលោក ដូណាល់ ត្រាំ បានទទួលយកតាមការអញ្ជើញរបស់ប្រធានាធិបតីបារំាងហើយ។ ក្រៅពីលោក ដូណាល់ ត្រាំ នៅមានមេដឹកនាំជាច្រើនទៀតត្រូវបានបារាំងអញ្ជើញឲ្យចូលរួម ក្នុងពិធីព្យុហយាត្រាថ្ងៃបុណ្យជាតិ ១៧ខែកក្កដា។

ខុទ្ទកាល័យប្រធានាធិបតីបារាំងបាន ឲ្យដឹងថា នៅក្នុងថ្ងៃបុណ្យជាតិ១៤កក្កដា នេះ ក្រៅពីវត្តមានរបស់លោក ដូណាល់ ត្រាំ នៅលើវេទិកាកិត្តិយស កងទ័ពអាមេរិក ក៏នឹងចូលរួមផងដែរនៅក្នុងការដើរព្យុហ យាត្រាជាមួយកងទ័ពបារាំង។ ចំណែក សេតវិមានវិញបានឲ្យដឹងថា លោក ដូណាល់ ត្រាំ មានក្តីរីករាយ និងទន្ទឹងរង់ចាំឱកាសចូលរួមពិធីបុណ្យជាតិ១៤កក្កដានេះ ដើម្បីបញ្ជាក់ពីចំណងមិត្តភាពដ៏រឹងមាំរវាងបារាំងនឹងសហរដ្ឋអាមេរិក។

ក៏ប៉ុន្តែវត្តមានរបស់លោក ដូណាល់ ត្រាំ នៅក្នុងពិធីបុណ្យជាតិបារាំងនេះធ្វើឲ្យអ្នកនយោបាយមួយចំនួនរបស់បារាំងមិនសប្បាយចិត្ត ជាពិសេសអ្នកនយោបាយ មកពីគណបក្សឆ្វេងនិយម ដែលបានចាត់ ទុកលោក ដូណាល់ ត្រាំ ថាជាអ្នកមាន ឥរិយាបថ “ហិង្សា” មិនស័ក្តិសមជាភ្ញៀវ កិត្តិយសក្នុងពិធីបុណ្យជាតិ១៤កក្កដា ដែលជាបុណ្យអបអរសិទ្ធិសេរីភាពរបស់ប្រជាជនបារាំងនោះទេ។

សូមបញ្ជាក់ផងដែរថា គម្រោងទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ដូណាល់ ត្រាំ នៅ អង់គ្លេស ក៏ធ្លាប់ទទួលរងការប្រឆាំងពី សំណាក់ប្រជាជនអង់គ្លេស កាលពីពេល កន្លងមក។ ចលនាប្រឆាំងដែលមានសន្ទុះយ៉ាងខ្លាំងរហូតធ្វើឲ្យអង់គ្លេស និងអាមេរិកគ្រោងនឹងលុបចោលដំណើរទស្សនកិច្ចនេះវិញ៕ ម៉ែវ សាធី


ចែករំលែក៖