ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ និងរបួសជិត១០នាក់ក្នុងការបាញ់ប្រហារនៅមន្ទីរពេទ្យទីក្រុងញូវយ៉កអាមេរិក

ចែករំលែក៖

អភិបាលក្រុងញូវយ៉ក លោក Bill De Blasio កាលពីថ្ងៃទី៣០ ខែមិថុនា បានប្រកាសថា មានមនុស្ស២នាក់ស្លាប់ និង៦នាក់រងរបួសក្នុងហេតុការបាញ់ប្រហារនៅមន្ទីរពេទ្យ Bronx Lebanon ក្នុងទីក្រុងនេះ។

ហេតុការណ៍បាញ់ប្រហារខាងលើកើតឡើងកាលពីវេលាម៉ោង២ និង៥៥នាទី (ម៉ោងក្នុងតំបន់) ខ្មាន់កាំភ្លើងបានបាញ់ប្រហារទៅលើក្រុមគ្រូពេទ្យនៅជាន់ទី១៦ និង១៧នៃមន្ទីរពេទ្យខាងលើ។ គ្រូពេទ្យម្នាក់ស្លាប់នៅក្នុងហេតុការណ៍បាញ់ប្រហារនោះ។

ជនដៃដល់ធ្លាប់ជាបុគ្គលិកមន្ទីរពេទ្យខាងលើផងដែរ ជនដៃដល់បានធ្វើអត្តឃាតនៅជាន់ទី១៧ ក្រោយការបាញ់ប្រហារ។ ក្នុងចំណោមអ្នករងរបួសមាន៥នាក់របួសធ្ងន់កំពុងសង្គ្រោះបន្ទាន់ ចំណែកអ្នកផ្សេងទៀតរបួសជើង។

ក្រុមស្រាវជ្រាវ FBI របស់អាមេរិកបានឲ្យដឹងថា នៅពេលនេះកំពុងតែបើកការស្រាវជ្រាវ លើករណីខាងលើ ថាតើជាគំនុំ ឬជាការវាយប្រហារភេរវកម្ម។

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះនៅអាមេរិកមានការបាញ់ប្រហារជាច្រើនកើតឡើងនៅក្នុងមន្ទីរពេទ្យ។ កាលពីខែមករា ឆ្នាំ២០១៥ គ្រូពេទ្យម្នាក់ត្រូវសាចញ្ញាត្តិអ្នកជំងឺបាញ់សម្លាប់ក្នុងមន្ទីរពេទ្យក្នុងទីក្រុងប៊ូស្តុន។ នៅខែកក្កដា ឆ្នាំ២០១៦ នៅទីក្រុង Florida បុរសម្នាក់បានផ្ទុះអាវុធនៅក្នុងមន្ទីរពេទ្យដោយសម្លាប់មនុស្ស២នាក់ផងដែរ។

ក្រៅពីនេះ នៅមានការបាញ់ប្រហារជាច្រើនកើតឡើងនៅអាមេរិក ក្នុងនោះមានការបាញ់ប្រហារនៅតាមសាលារៀន និងទីសាធារណ ហើយការបាញ់ប្រហារនោះកើតចេញពីពលរដ្ឋអាមេរិកផ្ទាល់ មិនមែនជាក្រុមភេរវកម្មឡើយ។ ការបាញ់ប្រហារតែងតែកើតឡើងនៅអាមេរិកដោយសារតែ ពលរដ្ឋអាមេរិកភាគច្រើនបានប្រើប្រាស់កាំភ្លើង។ កាលពីរដ្ឋកាលដឹកនាំដោយអតីតប្រធានាធិបតី អូបាម៉ា បានខិតខំចេញច្បាប់គ្រប់គ្រងការចរាចរណ៍អាវុធនៅលើទីផ្សាអាមេរិក ក៏ដូចជាច្បាប់គ្រប់គ្រងអ្នកប្រើប្រាស់អាវុធ៕ ម៉ែវ សាធី

 


ចែករំលែក៖