ព័ត៌មានទាន់ហេតុការណ៍៖

សិស្សកម្ពុជាចំនួន ៧១នាក់ មកពីសាលាប៊ែលធី ចូលរួមបោះជំរំជាអន្តរជាតិនៅប្រទេសកូរ៉េខាងត្បូង

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧សិស្សប៊ែលធីចំនួន ៧១នាក់ បានទៅចូលរួមកម្មវិធីបោះជំរំជាអន្តរជាតិ(World Camp 2017) នៅប្រទេសកូរ៉េ ។ ការ បោះ ជំរំជាអន្តរជាតិនេះ មានយុវ ជន ជាង៤.០០០នាក់មកពី ៨០ប្រទេសនៅលើពិភពលោក ហើយក៏មាន រដ្ឋ មន្រ្តី ក្រសួងអប់រំមកពីបណ្តាប្រទេសនានា ចំនួន ២២ចូលរួមផងដែរ។

តាមរបាយការណ៍លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅនៃសាលាប៊ែលធី អន្តរជាតិ បានអោយដឹងថា៖ ប៊ែលធី គ្រុប បានចុះអនុស្សរណៈយោគយល់ជាមួយនឹង អង្គការសម្ព័ន្ធយុវជនអន្តរជាតិ(IYF)ដើម្បីធ្វើកិច្ចសហ-ប្រតិបត្តិការជាមួយគ្នា ហើយឆ្នាំនេះ អង្គការសម្ព័ន្ធយុវជនអន្តរជាតិបានស្នើសុំសិស្សប៊ែលធីចំនួន ៧១នាក់ ឲ្យទៅចូលរួម ក្នុងកម្មវិធីបោះជំរំ អន្តរជាតិឆ្នាំ២០១៧ នៅសាធារណរដ្ឋកូរ៉េ រយៈ ពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី ០១ ដល់ទី ១៤ ខែកក្កដា ដោយបានទៅទស្សនា និងសិក្សាតាមតំបន់សំខាន់ៗជាច្រើនដូចជាៈ ទីក្រុងសេអ៊ូល ទីក្រុងប៊ូសាន សាកលវិទ្យាល័យពូយ៉ុង និងតំបន់ប្រវិត្តសាស្រ្តផ្សេងៗទៀតផងដែរ។

ក្នុងឱកាសនោះយុវសិស្ស ខៀវ ដារ៉ូ ជាសិស្សថ្នាក់ទី១១ នៅសាខាទី១១ បាននិយាយឲ្យដឹងថា ចំពោះការចូលរួមបោះជំរំអន្តរជាតិ នៅប្រទេសកូរ៉េលើកនេះ រូបគេពិតជាមានអាម្មណ៍សប្បាយរីករាយ នាពេលនេះ ដែលបានធ្វើដំណើរជាមួយសិស្សដទៃទៀតចំនួន៧១នាក់ ព្រមទាំងលោកគ្រូ-អ្នកគ្រូ និងថ្នាក់ដឹកនាំប៊ែលធី ផងដែរ។

និងយុវសិស្ស ពេជ្រ ដារា ជាសិស្សថ្នាក់ទី១១ នៅសាខាទី១១ បាននិយាយឲ្យដឹងថា ចំពោះការចូលរួមបោះជំរំអន្តរជាតិ នៅប្រទេសកូរ៉េលើកនេះ រូបគេមានកិត្តិយស និងមោទនភាពណាស់ដែរ ដែលបានបង្កើតមិត្តភាព យុវជនដែលបានចូលរួមជាង៨០ប្រទេស ហើយអាចទាញយកចំណេះដឹង និងបទពិសោធន៍ថ្មីពីប្រទេសដទៃ និងបានបង្ហាញពីសមត្ថភាព និងវប្បធម៌របស់ប្រទេសយើង ទៅឲ្យយើងប្រទេសដទៃ បានស្គាល់និងដឹងផងដែរ។

ចំណែក យុវសិស្ស ឈុំ លាភនីតា ជាសិស្សថ្នាក់ទី១១ នៅសាខាទី៤ ក៏បានថ្លែងអំណរគុណដល់ លោក លី ឆេង អគ្គនាយកប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការប៊ែលធីអន្តរជាតិ ដែលបានរៀបចំកម្មវិធីនេះឡើង ដើម្បីឲ្យសិស្ស-និស្សិតរបស់យើងមានភាពក្លាហាន និងចេះសម្របខ្លួនក្នុងការរស់នៅជា មួយជាតិសាសន៍ដទៃ។

ក្នុងឱកាសនោះដែរលោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា បានមានប្រសាសន៍ថាៈនេះជាឱកាសដ៏ល្អបំផុតសម្រាប់សិស្ស របស់ យើង ដែលមានឱកាសបានទៅចូលរួមក្នុងកម្មវិធីជាអន្តរជាតិ ដែលមានប្រទេសជាច្រើនបានចូលរួម ដែលជាមោទនភាពជាតិរបស់យើងជាមួយបណ្តាលប្រទេសជាច្រើនទូទាំង សាកលលោក ហើយនេះគឺជាមោទនភាពរបស់ជាតិយើងទាំងមូល ក៏ដូចជាបានបង្ហាញពីការរីកចម្រើន និងសក្កានុពលលើ វិស័យអប់រំរបស់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ។ នេះជាលើទី៤ ដែលសាលា ប៊ែលធី អន្តរជាតិ បានបញ្ជូនសិស្សទៅចូលរួមក្នុងកម្មវិធីបោះជំរំអន្តរជាតិនៅសាធារណរដ្ឋកូរ៉េ ដែលមានចំនួនសរុប ៤០៩នាក់។គោលបំណង និងអត្ថប្រយោជន៍នៃការបញ្ជូនសិស្សអោយចូលរួមក្នុងកម្មវិធីបោះជំរំជាលក្ខណៈអន្តរជាតិនេះ រួមមាន៖

ទី១- អោយ សិស្សរបស់យើងមានភាពក្លាហាន ចេះទទួលខុសត្រូវដោយខ្លួនឯង ចេះសម្របខ្លួនក្នុងការរស់នៅនិង ធ្វើការជាក្រុម នៅជាមួយជាតិសាសន៍ផ្សេងៗគ្នា ដើម្បីដកស្រង់នូវបទពិសោធន៌ពីគ្នាទៅវិញទៅមក ក៏ដូចជាបានផ្លាស់ប្តូរនៅ វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ និងចំណេះដឹងថ្មីៗដ៏ទៃទៀតដែលប្អូនៗពុំធ្លាប់បានជួប។

ទី២- អោយសិស្សរបស់យើងបានឃើញ បានស្គាល់និងសិក្សាស្វែងយល់អំពីបរិយាកាសថ្មីៗរបស់ប្រទេសកំពុងរីកចំរើន ដើម្បីធ្វើជាទុនសម្រាប់ការសិក្សា ស្រាវជ្រាវ និងអភិវឌ្ឍខ្លួនឯង ក៏ដូចជាអភិវឌ្ឍប្រទេសជាតិអោយបានរីកចំរើនទៅអនាគត។

ទី៣- ការចូលរួមបោះជំរំនេះបង្ហាញពីសមត្ថភាពសិស្សកម្ពុជានៅលើឆាកអន្តរជាតិនូវភាពក្លាហាន និងមានសមត្ថភាពគ្រប់គ្រាន់ អាចចូលរួមនៅក្នុងកម្មវិធីជាអន្តរជាតិ ក៏ដូចជាបានបង្ហាញឲ្យពិភពលោកបានស្គាល់នូវ ទំនៀមទំលាប់ ប្រពៃណី អរិយធម៌ និងការរីកចម្រើនរបស់ប្រទេសកម្ពុជាផងដែល ៕ ស រស្មី


ចែករំលែក៖