សារព័ត៌មានយុនហាប់របស់កូរ៉េខាង ត្បូងបានផ្សាយថា កូរ៉េខាងជើងទើបតែ បាញ់មីស៊ីលកាលពីព្រឹកថ្ងៃទី៤ ខែកក្កដា ទៅកាន់តំបន់សមុទ្រប្រទេសជប៉ុន។ កម្លាំងទាហានកូរ៉េខាងត្បូងបានបញ្ជាក់ថា ទីក្រុងព្យុងយ៉ាងបានបាញ់ចេញពីខេត្តនៅជិតព្រំដែនប្រទេសចិន។
អគ្គមេបញ្ជាការកងទ័ពកូរ៉េខាងត្បូង បានបញ្ជាក់ថា «កូរ៉េខាងជើងបានបាញ់ មីស៊ីលទៅកាន់តំបន់សមុទ្រជប៉ុន ដោយ បាញ់ចេញពីតំបន់ Banghyon ខេត្ត Pyongan កាលពីវេលាម៉ោង៩ និង៤០នាទីព្រឹក ថ្ងៃទី៤ ខែកក្កដា»។
នេះជាការបាញ់មីស៊ីលលើកទី១០ ហើយនៅក្នុងឆ្នាំនេះ។ កាលពីថ្ងៃទី២៩ ខែ ឧសភា ទីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលចេញពីតំបន់ Wonsan ទៅកាន់សមុទ្រ ភាគខាងកើត ហើយមីស៊ីលនោះបានធ្លាក់ចូលតំបន់សមុទ្រគ្រប់គ្រងដោយជប៉ុន។
កាលពីថ្ងៃទី២១ ខែឧសភា កូរ៉េខាង ជើងក៏បានបាញ់មីស៊ីលចេញពីតំបន់ Pukchang ប៉ុន្តែការសាកល្បងនោះបរាជ័យ។ ពេលនោះកូរ៉េខាងជើងបានបញ្ជាក់ថា ដោយសារតែមីស៊ីលហោះខុសគោលដៅសំដៅទៅរុស្ស៊ី ទើបសម្រេចចុចកុងតាក់ បំផ្ទុះចោលតែម្តង។
កាលពីថ្ងៃទី១៤ ខែឧសភា កូរ៉េខាង ជើងបានសាកល្បងកាំជ្រួចមីស៊ីលឆ្លងទ្វីបដោយជោគជ័យ ហើយមីស៊ីលនោះអាច បាញ់ដល់ អាឡាស្កា ឬកោះហាវ៉ៃអាមេរិក។ ការបាញ់នោះចំពេលដែលមេដឹកនាំថ្មីកូរ៉េខាងត្បូងឡើងកាន់តំណែង។
កូរ៉េខាងជើងបានច្រានចោលសំណើកាត់បន្ថយសកម្មភាពនៃកម្មវិធីមីស៊ីល និង បរមាណូពីសម្ពន្ធមិត្តចិន។ ទីក្រុងព្យុង យ៉ាងបញ្ជាក់ថា ការបង្កើនកម្មវិធីមីស៊ីល ដើម្បីការពារប៉ុណ្ណោះ។ កូរ៉េខាងជើងបាន ប្រកាសផងដែរថា កំពុងតែផលិតកាំជ្រួច មីស៊ីលអាចវាយប្រហារបាននៅគ្រប់ទិសទីនៅទឹកដីអាមេរិក។
កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ អគ្គរដ្ឋទូតចិនប្រចាំនៅអង្គការសហប្រជាជាតិបានប្រកាសថា លទ្ធផលអាក្រក់នឹង កើតឡើង ប្រសិនបើមិនមានដំណោះស្រាយ បញ្ចប់ភាពតានតឹងនៅឧបទ្វីបកូរ៉េនោះ។ ក្នុងពេលជាមួយគ្នានេះទីក្រុងវ៉ាស៊ីនតោនបានប្រកាសថា ការអត់ធ្មត់មានកំណត់ ហើយអាមេរិកបានត្រៀមយុទ្ធសាស្ត្រយោធាដើម្បីបញ្ចប់កម្មវិធីបរមាណូកូរ៉េខាងជើង។
ការបាញ់សាកល្បងមីស៊ីល កាលពីថ្ងៃ ទី៤ ខែកក្កដា បានបង្ហាញយ៉ាងច្បាស់ថា កូរ៉េខាងជើងមិនដែលខ្វល់ពីការដាក់ទណ្ឌកម្មរបស់សហគមន៍អន្តរជាតិនោះឡើយ ដោយកូរ៉េខាងជើងនឹងត្រូវសម្រេចគោលដៅក្នុងការផលិតមីស៊ីលបរមាណូ។
កាលពីថ្ងៃទី៣ ខែកក្កដា ក្នុងពិធីប្រារព្ធខួបនៃកងកម្លាំងយុទ្ធសាស្រ្តរបស់ខ្លួនពាក់ព័ន្ធនឹងការអភិវឌ្ឍអាវុធមីស៊ីល ទីក្រុងព្យុង យ៉ាងបានលើកឡើងថា គ្រាប់មីស៊ីលរបស់ខ្លួនអាចវាយប្រហារគ្រប់ទីតាំង និងវាយ ប្រហារបានចំគោលដៅនៅគ្រប់ទិសទី។
ប៉ុន្តែនៅក្នុងឆ្នាំនេះ ក្រុងព្យុងយ៉ាងបានទប់ស្កាត់មិនឲ្យបញ្ជូនសារប្រឆាំងទៅនឹងសហរដ្ឋអាមេរិក ដូចដែលខ្លួនកំពុងវាស់ វែងលើគោលនយោបាយថ្មីរបស់ក្រុងសេអ៊ូល និងវ៉ាស៊ីនតោន ក្រោយពីមានកិច្ច ប្រជុំកំពូលរវាងសម្ពន្ធមិត្តទាំង២ កាលពីសប្តាហ៍មុនក្នុងនោះប្រទេសផ្ដាច់ការកូរ៉េខាងជើងបានប្រកាសកាលពីឆ្នាំមុនថា ខ្លួន នឹងយកថ្ងៃទី៣ ខែកក្កដា ជាទិវានៃកម្លាំង យុទ្ធសាស្ត្រ ដើម្បីកត់សម្គាល់ការបង្កើត របស់ខ្លួននៅឆ្នាំ១៩៩៩។
ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងបានឲ្យដឹងថា កងកម្លាំងយុទ្ធសាស្ត្រដែលជាទី ស្រឡាញ់របស់ប្រជាជន គឺជាមោទនភាព និងអំណាចរបស់ប្រទេសជាតិ។ ប្រភព ដដែលបានបន្ដទៀតថា អាវុធមីស៊ីលដែលបានអភិវឌ្ឍឡើងដោយកងកម្លាំងអាច វាយប្រហារគ្រប់ទីតាំងនៅលើពិភពលោក និងមិនអាចតាមដានបានអំឡុងពេលហោះ ហើរដោយរាល់ការធ្វើតេស្ដកូរ៉េខាងជើងតែងតែទទួលបានជោគជ័យ៕ ម៉ែវ សាធី