ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីជប៉ុនកែទម្រង់ ក្រោយបក្សកាន់អំណាចបរាជ័យការបោះឆ្នោតទីក្រុងតូក្យូ

ចែករំលែក៖

នៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី២ ខែកក្កដា កន្លងមក គណបក្សគណបក្សអភិរក្សនិយមរបស់នាយករដ្ឋមន្ត្រី Shinzo Abe បានទួលបរាជ័យដ៏ជួរចត់ នៅក្នុងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាក្រុងតូក្យូ ជាសញ្ញាមិនល្អ មួយសម្រាប់គណបក្ស ពេលបោះឆ្នោត ជ្រើសរើស មេដឹកនាំនាពេលខាងមុខ។ លោកស៊ីនហ្ស៊ូ អាបេ ប្រកាសថានឹងកែទម្រង់ គណបក្ស ក្រោយការបរាជ័យនេះ។

ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុក បាននាំគ្នាវាយតម្លៃថា នៅក្នុងការបោះឆ្នោតនេះ គណបក្សអភិរក្សនិយមរបស់លោក Shinzo Abe ត្រូវទទួលបរាជ័យយ៉ាងជូរចត់នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាក្រុងនេះ ដោយ បានបាត់បង់អសនៈជិតពាក់កណ្តាល។ ការបរាជ័យរបស់បក្សអភិរក្សនិយម” នេះ គឺជាដោយសារតែមានការលេចឡើងរឿងអាស្រូវមួយចំនួនក្នុងពេលថ្មីៗនេះ ដែលជាប់ពាក់ព័ន្ធលោកអាបេ ផង និងបណ្តារដ្ឋមន្រ្តីជិតដិតរបស់លោកផង។

អ្នកដែលជាប់ឆ្នោតដឹកនាំទីក្រុងតូក្យូលើកនេះ គឺជាស្ត្រីលើកទីមួយ ដែលគ្រប់គ្រងរដ្ឋធានី លោកស្រី Yuriko Koike បានបង្កើតគណបក្សផ្ទាល់ខ្លួនមួយឈ្មោះ TFK « e Tomin First no Kai » ដែលមានន័យថា ប្រជាជនទីក្រុងតូក្យូមុនគេ ។ គណបក្សរបស់លោកស្រី អភិបាលក្រុងតូក្យូ ទើបដណ្តើមបានជ័យជំនះនៅក្នុងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាក្រុងតូក្យូកាលពីថ្ងៃអាទិត្យ នៅចំពោះមុខគណបក្សអភិរក្សនិយមរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ដែល ត្រូវទទួលបរាជ័យដ៏ជូរចត់។ គូរបញ្ជាក់ថា តូក្យូ ជាទីក្រុងមួយដែលមានប្រជាជនចំនួន ១៤លាននាក់ និងមានផលិតផលក្នុងស្រុកសរុប កម្រិតខ្ពស់ជាងផលិតផលក្នុងស្រុកសរុបរបស់ប្រទេសហូឡង់។

អភិបាលក្រុងតូក្យូដែលមានអាយុ ៦៤ឆ្នាំហើយនោះ ធ្លាប់ជាអតីតពិធីការីនីនៃទូរទស្សន៍ ជាអតីតរដ្ឋមន្ត្រីក្រសួងបរិស្ថានពីឆ្នាំ២០០៣-២០០៦ និងជាអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិនៅឆ្នាំ២០០៧ មុននឹងបានជាប់ឆ្នោតជាអភិបាលក្រុងតូក្យូនៅខែកក្កដា ២០១៧។ ជ័យជំនះ របស់គណបក្ស TFK នេះ ត្រូវបានមតិសាធារណៈជប៉ុន យល់ឃើញថា លោកស្រី Yuriko Koike កំពុងសម្លឹងនឹកភ្នកទៅរកកៅអីនាយករដ្ឋមន្ត្រីជប៉ុនហើយដែរ។

ចំណែកអភិបាលក្រុងតូក្យូវិញ លោកស្រី Yuriko Koike វិញ មុនការបោះឆ្នោតនេះ បានសន្យាថា លោកស្រីនឹងទប់ស្កាត់លើការផ្ទុះលើការចំណាយនានាក្នុងពេលរៀបចំការប្រកួតកីឡាអូឡាំពិកនៅឆ្នាំ២០២០ នឹិងគ្រប់គ្រងលើរាជធានីតូក្យូឲ្យបានល្អប្រពៃប្រកបដោយតម្លាភាពជាងមុន។

គួរបញ្ចាក់ថា កន្លងទៅនេះ ប្រជាជននៅទីក្រុងតូក្យូ មានការបារម្ភភ័យយ៉ាងខ្លាំងខ្លាច ការរៀបចំការប្រកួតកីឡាអូឡាំពិកនៅតូក្យូ អាចនឹងជម្រុញឲ្យពួកគេ កាន់តែបង់ពន្ធយ៉ាងច្រើនថែមទៀត ដែលឥឡូវនេះពន្ធរបស់ពួកគេមានកំរិតខ្ពស់រួចស្រេចទៅហើយ៕ ម៉ែវ សាធី


ចែករំលែក៖