ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌដូនពេញ ក្រុមប្រឹក្សាសង្កាត់ទាំងអស់ត្រូវសាមគ្គីភាពជាធ្លុងមួយដើម្បីបម្រើសេវាសាធរណៈឲ្យបានល្អជូនប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ ៖ក្រុមប្រឹក្សា​សង្កាត់​ទាំងអស់​ ត្រូវ​តែរួបរួមសាមគ្គី​គ្នា​ជា​ធ្លុងមួយ និងកុំញុះញង់​គ្នា ឬលាប​ពណ៌​គ្នា ដែល​អាចធ្វើ​ឲ្យយើង​បែកបាក់​គ្នា​ក្នុង​ការបម្រើ​ប្រជាពលរដ្ឋ​ឲ្យទាន់ពេលវេលានោះហើយ​ក៏មិនត្រូវ​ប្រកាន់​បក្សពួកនិយម​នោះទេ ។

លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានមានប្រសាសន៍ដូច្នេះនារសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ក្នុងពិធីប្រកាសសុពលភាពក្រុមប្រឹក្សា​សង្កាត់​ជាប់ឆ្នោត​អាណត្តិ​ទី៤​ ក្នុងការ​បោះឆ្នោតក្រុមប្រឹក្សា​ឃុំ សង្កាត់ កាលពីថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៧ កន្លងមកនេះ មិនត្រូវ​ធ្វើ​អ្វី​តាម​តែចិត្ត​ខ្លួនឯងដែលផ្ទុយ​នឹង​ច្បាប់​នោះឡើយ ហើយ​ត្រូវ​គិត​ថាធ្វើ​អ្វី​ថ្ងៃនេះ​ឲ្យ​ល្អ​ជាង​ថ្ងៃ​ម្សិលមិញ ហើយ​សម្រាប់​ថ្ងៃស្អែក​ត្រូវ​ឲ្យ​ល្អ​ជាង​ថ្ងៃនេះ ក្នុង​ការ​បម្រើ​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍ​​ក្នុងមូលដ្ឋាន ដោយ​មិនត្រូវ​មើល​បំណាំ​គ្នា​នោះឡើយ​។មិនត្រូវ​ធ្វើបាប​ប្រជាពលរដ្ឋ​ឬក៏មើលងាយ​អ្នកនេះអ្មកនោះគឺត្រូវ​ផ្តល់​សិទ្ធិសេរីភាព​ឲ្យ​ស្មើៗ​គ្នា និង​ត្រូវ​ដាក់ខ្លួន​ជា​អ្នកបម្រើ​ប្រជាពលរដ្ឋដោយពិតប្រាកដ ​ទើប​អាចឆ្លើយតបជាមួយ​ប្រជាពលរដ្ឋ​ ដែល​ពួកគាត់បោះឆ្នោត​ជូន​នាពេល​កន្លងមក​នោះ​។

លោក​ សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញបានលើកឡើងទៀតថាបច្ចុប្បន្ន​នេះ​ប្រទេសកម្ពុជាមាន​ប្រជា​អធិបតេយ្យ​ពេញលេញ តាំងពី​ថ្នាក់ក្រោម​រហូតដល់​លើ ដូច្នេះមេឃុំ ឬ​ចៅសង្កាត់ ត្រូវ​បាន​បោះឆ្នោត​ដោយ​ប្រជាពលរដ្ឋ​ក្នុង​រយៈពេល​៥​ឆ្នាំ​ម្តង ដើម្បី​ជ្រើសរើស​រក​ក្រុមប្រឹក្សា​ដែល​មាន​សមត្ថភាព ដែល​អាច​ជឿ​ទុក​ចិត្ត​បាន សម្រាប់​បម្រើ​សេវា និង​ជួយ​ប្រជាពលរដ្ឋ​ទាន់​ពេល​វេលា មិន​ប្រកាន់​បក្សពួកនិយម​នោះ​ឡើយ​។

លោកអភិបាលខណ្ឌ​ដូនពេញបន្តថាយើងសុទ្ធតែជា​ឈាម​ខ្មែរ ដូចគ្នាទេអីចឹង​ត្រូវ​រួបរួមគ្នា កុំ​មើល​បំណាំ​គ្នា ដើម្បី​ឲ្យ​ឃុំ​សង្កាត់​មាន​សុវត្ថិភាព ព្រោះ​យើង​រស់នៅ​ក្រោម​ដំបូល​សុខសន្តិភាព​តែមួយ ដែល​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​លើក​មុខមាត់​ប្រទេសជាតិ​លើ​ឆាក​អន្តរជាតិ​ជា​បន្ត​បន្ទាប់មឥតឈប់ឈរ។

លោកអភិបាលខណ្ឌដូនពេញបន្តទៀតថាបើទោះជា​កន្លងមក​យើង​មិនទាន់បាន​ធ្វើការ​ជាមួយគ្នា តែមកដល់ពេលនេះ​យើង​បានមក​ធ្វើការ​ជាមួយគ្នាហើយ ត្រូវ​តែផ្តល់​ភាពកក់ក្តៅ​ដល់​ប្រជាពលរដ្ឋ ដែលលោក​បាន​បោះឆ្នោត​ឲ្យយើងដូច្នេះ មិនត្រូវ​ធ្វើ​ឲ្យ​ពួកគាត់​លំបាក​ឡើយ។ហើយ​ក្រុមប្រឹក្សា​ទាំងអស់​ ត្រូវ​រួបរួមសាមគ្គីគ្នាជាធ្លង់មួយក្នុងការដឹង​ទុក្ខ​ធុរៈ​ប្រជាពលរដ្ឋ​ជាធំ។

ជាមួយគ្នានោះដែរលោកអភិបាលក៏បានកោតសរសើរនិងផ្តាំផ្ញើទៅដល់លោកចៅសង្កាត់ ចៅសង្កាត់រង សមាជិកក្រុមប្រឹក្សាសង្កាត់ទាំងអស់ត្រូវខិតខំបន្តបំរើប្រជាពលរដ្ឋអោយបានល្អប្រសើរ និងត្រូវអនុវត្ត ការងារ តួនាទី អោយបានសមស្របតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ព្រមទាំងសរាចរណែនាំផ្សេងៗរបស់រាជរដ្ឋាភិបាល៕ ស តារា


ចែករំលែក៖