កាលពីថ្ងៃទី១១ ខែកក្កដាក្រសួងការបរ ទេសចិនបានអំពាវនាវដល់អាមេរិកឲ្យ បញ្ចប់សកម្មភាព “ដាក់សម្ពាធឲ្យចិនជា អ្នកទទួលខុសត្រូវ” ដល់កម្មវិធីមីស៊ីលនិងបរមាណូកូរ៉េខាងជើង។
កន្លងមកអាមេរិកជប៉ុននិងប្រទេសជា ច្រើនផ្សេងទៀតបានស្នើឲ្យចិនដាក់គំនាបទៅលើកូរ៉េខាងជើងបន្ថែមទៀត។ ចំណែក ចិនវិញបានឆ្លើយតបថា ចិនមិនមែនជាអ្នក សម្រេចក្នុងកម្មវិធីនោះឡើយ។
ចិនបង្ហាញការខឹងសម្បាយ៉ាងខ្លាំង ដែលដាក់ឲ្យទីក្រុងប៉េកាំងជាអ្នកមានទំនួលខុសត្រូវក្នុងវិបត្តិនៅឧបទ្វីបកូរ៉េ។ វិបត្តិបានរីកធំធាត់និងឡើងតានតឹងខ្លាំង ជាលំដាប់ព្រោះតែកូរ៉េខាងជើងបាននិង កំពុងអភិវឌ្ឍន៍កម្មវិធីបាលីស្ទិកនិងនុយក្លេ អ៊ែរ ដោយបានធ្វើការសាកល្បងជាច្រើនលើកច្រើនសា។
ការសាកល្បងមីស៊ីលបាលីស្ទិកម្តង ហើយម្តងទៀត របស់ព្យុងយ៉ាងបានធ្វើឱ្យ អាមេរិក ក៏ដូចជាជប៉ុននិងកូរ៉េខាងត្បូង ក្តៅក្រហាយខ្លាំងណាស់!ការបាញ់មីស៊ីលអន្តរទ្វីបមួយគ្រាប់ចុងក្រោយ ដែលអាច ទៅប៉ះដល់ទឹកដីអាឡាស្កាឬកោះហាវ៉ៃ ឬដីអាមេរិកភាគពាយ័ព្យបានធ្វើឲ្យស្ថានភាពកាន់តែដុនដាបបន្ថែមទៀត។
តែក្នុងពេលជួបគ្នាផ្ទាល់នាឱកាសជំនួប កំពូលហ្សេ៊ ២០ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានទប់ជំហរប្រឹងប្រកាន់ ភាសាផ្សះផ្សាដាក់ប្រធានាធិបតីចិនស៊ី ជីនពីង ណាស់ លើប្រធានបទកូរ៉េខាងជើង ដ៏រសើប។ លោក ត្រាំ បានត្រឹមព្រលយថា ប៉េកាំងប្រើកម្លាំងមិនអស់ក្នុងការរារាំង សម្ពន្ធមិត្តតែមួយគត់របស់ខ្លួនឱ្យបញ្ឈប់ កម្មវិធីនុយក្លេអ៊ែរ។
ជាចម្លើយតបវិញនៅថ្ងៃនេះតាមរយៈ អ្នកនាំពាក្យក្រសួងការបរទេសចិនបាន ពន្យល់ថា ចិនគ្មានទំនួលខុសត្រូវអ្វីទាំង អស់ក្នុងវិបត្តិតានតឹងនៅឧបទ្វីបកូរ៉េហើយដំណោះស្រាយក៏មិនអាចពន្លត់ចេញតែពីខាងចិនម្នាក់បានដែរ។
“ទាក់ទងនឹងវិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើង អ្នកខ្លះផ្តល់ភាពសំខាន់ជ្រុលហួសហេតុយល់ថាទំនួលខុសត្រូវចិនជាក្បួនដោះស្រាយបញ្ហា។ អ្នកយល់ដូច្នេះគឺមក ពីគេខ្វះចំណេះដឹងជ្រៅជ្រះ និងយល់ ស្ថានភាពមិនច្បាស់លាស់ ឬមិនដូច្នេះទេ មកពីអ្នកនោះចង់បង្វែរទំនួលខុសត្រូវដាក់គេ”។ នេះជាការរិះគន់លម្អិតរបស់អ្នកនាំ ពាក្យការបរទេសចិន ដោយធ្វើការក្រើន រំលឹកទៀតថា “ចិនប្រឹងឥតឈប់និងបានដើរតួនាទីបែបស្ថាបនាហើយ តែភាគីពាក់ ព័ន្ធផ្សេងទៀត ត្រូវប្រឹងដែរ។ មិនមែន បញ្ជាឱ្យគេធ្វើតែខ្លួនឈរឱបដៃរួចចាំចាក់ ពីក្រោយឡើយ ! គឺមិនអាចទទួលយកបាន ទេ!។
ជាមួយប្រតិកម្មដំបូង ក្នុងសម្ដីខ្លាំងៗ ខុសពីទម្លាប់នេះ ប៉េកាំងបានថែមទាំង បរិហារគម្រោងពង្រាយខែលមីស៊ីលអាមេរិក នៅកូរ៉េខាងត្បូងថាជាការគំរាមកំហែងសន្តិសុខផង និងមិនមែនជាចំណែកជួយ បន្ធូរបន្ថយសម្ពាធក្នុងតំបន់ទេ៕ ម៉ែវ សាធី