ព័ត៌មានទាន់ហេតុការណ៍៖

ផ្ញើម៉ូតូមុខផ្សារស្ទឹងមានជ័យមុខផ្សារបឹងទំពុន បង្កការកកស្ទះចរាចរណ៍និងការលក់ដូររំលោភផ្លូវថ្មើរជើងនាំឲ្យមានការរិះគន់

ចែករំលែក៖

ភ្នំពេញ ៖ បញ្ហាសណ្តាប់ធ្នាប់ជុំវិញវត្តសន្សំកុសលដែលអាជ្ញាធរមូលដ្ឋានសង្កាត់អនុញ្ញាតឲ្យពលរដ្ឋដាក់លក់ដូរបង្កឡើងជាទម្លាប់ និងមិនអាចដេញពលរដ្ឋជា អាជីវករ លក់ដូរបន្លែត្រីសាច់បានឡើយ ដែលនាំឲ្យ មានការរិះគន់ថា ករណីនេះគឺ មកពីខាង អាជ្ញាធរមូលដ្ឋានជាអ្នកអនុញ្ញាតឲ្យអាជីវករដាក់លក់ និងបានដើរប្រមូល លុយកាក់ពីអាជីវករទាំងនោះ។ បញ្ហានេះ ក៏កើតមានឡើងដូចគ្នានៅលើកំណាត់ផ្លូវបេតុងថ្មើរជើងជុំវិញសាលាសង្កាត់ស្ទឹងមានជ័យ ហើយក៏មានការរិះគន់យ៉ាងខ្លាំងណាស់ ដែរពីសំណាក់ពលរដ្ឋដែលមានលំនៅឋានខាងក្នុង ។ ចំពោះបញ្ហានេះក៏ត្រូវបានលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យប្រគល់ការងារនេះឲ្យអាជ្ញាធរមូលដ្ឋានសង្កាត់ សហការចូលរួមដោះស្រាយ ។

អ្វីដែលជាបញ្ហាបង្កឲ្យមានការកកស្ទះ ចរាចរណ៍ជារៀងរាល់ថ្ងៃនោះ ជាពិសេស ពេលព្រឹកនៅវេលាម៉ោង៧ និងម៉ោង៥ល្ងាចជាពេលដែលមន្ត្រីរាជការសិស្សនិស្សិត ចេញដំណើរទៅធ្វើការទៅសាលារៀន និង វិលត្រឡប់ទៅផ្ទះវិញគេសង្កេតឃើញមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងនៅលើផ្លូវព្រះមុនីរ៉េត គឺនៅត្រង់ចំណុចមុខផ្សារស្ទឹងមានជ័យចាស់ ហើយនៅមុខផ្សារស្ទឹងមានជ័យថ្មីគឺផ្តើមចេញពីការដាក់ផ្ញើម៉ូតូរំលោភ លើចំណីផ្លូវ ។

ចំពោះបញ្ហានេះអភិបាលនៃគណៈអភិបាលខណ្ឌមានជ័យលោក ពេជ្រ កែវមុនីក៏ធ្លាប់បានលើកឡើងនៅក្នុងកិច្ចប្រជុំប្រចាំខែផងដែរដោយលោកបានបញ្ជាក់ថាការដាក់ផ្ញើម៉ូតូនៅមុខផ្សារ និងការធ្វើចំណត រថយន្តក្រុងគ្មានការអនុញ្ញាតបង្កឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ដូច្នេះត្រូវតែ រៀបចំឡើងវិញ ។

ដោយឡែកស្ត្រីម្នាក់ជាអាជីវករលក់ បន្លែនៅជាប់របងវត្តសន្សំកុសលបាននិយាយថា គាត់ដាក់លក់នៅជាប់របងវត្តលើចំណីផ្លូវនេះយូរឆ្នាំណាស់មកហើយ គាត់គ្មាន លទ្ធ ភាពចូលលក់នៅក្នុងផ្សារទេ ព្រោះថា គេយកលុយច្រើនណាស់ ថ្លៃតូបរហូត ដល់ជាង៦០ម៉ឺនរៀលក្នុង១ខែ ។ ស្ត្រីរូប នេះបន្តថា គាត់លក់នៅទីនេះក៏គ្មានអ្នកណាយកលុយដែរ ។

ប្រជាពលរដ្ឋម្នាក់បានស្នើសុំដល់អាជ្ញាធរសង្កាត់-ខណ្ឌ ជួយរៀបចំផ្លូវនេះឲ្យមានសណ្តាប់ធ្នាប់របៀបរៀបរយល្អផង ព្រោះពេលខ្លះអាជីវករដាក់លក់ស្ទើរពេញផ្លូវរក កន្លែងដើរមិនបានទេ។

ជាមួយគ្នានេះផងដែរ នៅក្នុងបរិវេណសាលាសង្កាត់ស្ទឹងមានជ័យក៏បានជួលឲ្យការផ្ញើម៉ូតូរថយន្តនាំឲ្យមានការរិះគន់យ៉ាង ខ្លាំង។ ម្ចាស់ទីតាំងនេះបានឲ្យដឹងថា គាត់បានជួលទីតាំងនេះយូរឆ្នាំមកហើយដោយមានការធ្វើកុងត្រាជាមួយចៅសង្កាត់ហើយពេលនេះចៅសង្កាត់បានបញ្ចប់កុងត្រាមិនជួលបន្តទៀតឡើយ ៕ តាឡឹម


ចែករំលែក៖