ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿន ហើយដល់ផ្លូវបំបែកជាបួនមិនប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តព្រូសដែលបើកកាត់ទទឹងផ្លូវចំពីចហៀងបណ្ដាលឲ្យរងរបួសធ្ងន់ ។ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្លូវកម្ពុជាក្រោម កែងនិងផ្លូវ២៥៧ ស្ថិតក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ និងឃើញហេតុការណ៍ខាងលើនេះ បានប្រាប់ឲ្យដឹងថា នៅមុនកើតហេតុ គេឃើញរថយន្តម៉ាកតូយ៉ូតា ព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AN-3997 បានបើកដោយបុរសម្នាក់ធ្វើដំណើតាមបណ្ដោយផ្លូវ២៥៧ ទិសដៅពីជើងទៅត្បួង ហើយបានបើកឆ្លងកាត់ទទឹងផ្លូវកម្ពុជាក្រោម ខណៈពេលដែរបើកឆ្លងបានពាក់កណ្ដាលផ្លូវ ក៏ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកហង់ដាឌ្រីម ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FK-9608 បានធ្វើដំណើតាមបណ្ដោយផ្លូវកម្ពុជាក្រោម ទិសដៅពីលិចមកកើតក្នុងល្បឿនយ៉ាងលឿន ហើយមកបុករថយន្តព្រូសចំពីចហៀងយ៉ាងពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់ជាម្ចាស់ម៉ូតូរបួសបាក់ជើងឆ្វេង និងបែកមុខមាត់ហូរឈាមរងរបួសធ្ងន់ ចំណែកឯម៉ូតូបានបាក់កាំមុខរងការខូចខាតយ៉ាងដំណំ រីឯរថយន្តព្រូសវិញ ក៏បានបែកកញ្ចក់និងទ្វាមួយចំហៀងខាងស្ដាំមួយផ្ទាំងរងការខូចខាត តែមិនប៉ះពាល់ដល់អ្នកបើកបរឡើយ ។
ក្រោយពេលកើតហេតុ បុរសម្ចាស់ម៉ូតូរងរបួសធ្ងន់ខាងលើ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យឯកជនភ្លាមៗ ចំណែកឯរថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចមូលដ្ឋានចុះមកធ្វើការវាស់វែង អូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រងចាំភាគីទាំងសងខាងមកដោះស្រាយគ្នានៅពេលក្រោយ ៕ ស តារា