ព័ត៌មានទាន់ហេតុការណ៍៖

ឆេះប៉ុស្តិ៍ឆ្មាំសមុទ្រនៅឆ្នេរអូរឈើទាល សង្ស័យអ្នកទេសចរណ៍បង្ហោះគោម

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ប៉ុស្តិ៍ឆ្មាំសមុទ្រ ឬហៅថាបញ្ជរឆ្មាំសមុទ្រនៅចំណុចឆ្នេរអូរឈើទាល ត្រូវរងនឹងអគ្គីភ័យឆេះដោយគេសង្ស័យថា បណ្តាលមកពីភ្ញៀវទេសចរណ៍ដុតគោមបង្ហោះ ហើយធ្លាក់មកចំ ។ ករណីនេះបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រមាណ៨យប់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ ជាប់នឹងឆ្នេរសមុទ្រអូរឈើទាល ស្ថិតក្នុងក្រុង ខេត្តព្រះសីហនុ ។

អាជ្ញាធរមានសមត្ថកិច្ចប្រចាំការនៅតំបន់នេះបានឲ្យដឹងថា នៅពេលឆេះប្រជាពលរដ្ឋ និងអ្នកលក់ដូរនៅទីនោះ បាននាំគ្នាជួយពន្លត់ ហើយបានបង្ក្រាបភ្លើងឲ្យរលត់វិញ បន្ទាប់ពីភ្លើងបានឆេះផ្នែកដំបូលអស់ប្រមាណជា៥០ភាគរយ ។

មន្ត្រីជំនាញដែលចុះក្រោយពេលអគ្គីភ័យរលត់បានសន្និដ្ឋានថា មូលហេតុដែលនាំមានភ្លើងឆេះប៉ុស្តិ៍ឆ្មាំសមុទ្រនៅចំណុចខាងលើនេះ អាចបណ្តាលមកពីភ្លើងគោមដែលភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិដុតបង្ហោះលេង ហើយធ្លាក់ចំដំបូលប៉ុស្តិ៍ ក៏ឆេះឡើងតែម្តង ។ យ៉ាងណាក៏ដោយ ករណីនេះ ពុំបណ្តាលឲ្យឆ្លងទៅឆេះតូបអ្នកលក់ដូរផ្សេង និងមិនមានអ្នកគ្រោះថ្នាក់នោះទេ គ្រាន់តែខូចខាតដំបូងផ្នែកខាងលើប៉ុណ្ណោះ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖