មកទល់ពេលនេះទាហានហ្វីលីពីន២នាក់ស្លាប់ នៅក្នុងការវាយប្រហារ ពីរលើកតាមដែនអាកាស នៅទីក្រុងម៉ារ៉ាវី ដោយវាយប្រហារច្រឡំទៅលើកម្លាំងទាហាន ខ្លួនឯង។
នៅក្នុងការវាយប្រហារច្រឡំកាលពីថ្ងៃទី ១២ ខែកក្កដា តាមដែនអាកាសនៅទីក្រុងម៉ារ៉ាវី របស់កម្លាំងទាហានហ្វីលីពីន បណ្តាលឲ្យទាហាន២នាក់ស្លាប់និង១១នាក់រងរបួស ។ នេះជាការវាយច្រឡំលើកទីពីរហើយ ចាប់តាំងពីសង្គ្រាមវាយប្រហារក្រុមភេរវកម្មចាប់តាំងពីថ្ងៃទី ២៣ខែកក្កដា ។
បណ្តាញព័ត៌មាន ABS-CBN បានដកស្រងសម្តី ឧត្តមសេនីយ៍ EdgardAvevalo មេបញ្ចាការកងទ័ព្វីលិពីនបានឲ្យដឹងថា ហើយការវាយប្រហារច្រឡំខាងលើ កើតឡើង នៅថ្ងៃត្រង់ ថ្ងៃទី១២ ខែកក្កដា ហើយគ្រាប់បែកដែលទម្លាក់ពីយន្តហោះនោះ ខុសគោលដៅប្រមាណ ២៥០គីឡូម៉ែត្រ។
លោកបន្តទៀតថា «កម្លាំងបំផ្លាញនៃគ្រាប់បែកខ្លាំងពេកធ្វើឲ្យផ្ទះជាច្រើនខ្នង បាក់ស្រុត ។ បំណែកធំៗខ្ទាត់ចេញ ដោយសារកម្លាំងផ្ទុះចំទាហាន បណ្តាលឲ្យទាហានពីរនាក់ស្លាប់ និង១១នាក់រងរបួស បញ្ជូនទៅកាន់មន្ទីរពេទ្យ។
កន្លងមកទាហានហ្វីលីពីន១១នាក់ស្លាប់ និងជាច្រើននាក់រងរបួសដោយសារតែការវាយប្រហារច្រឡំតាមដែនអាកាសរបស់ទាហានហ្វីលីពីន នៅទីក្រុងម៉ារ៉ាវីកាលពីថ្ងៃទី៣១ ខែឧសភា។
លោកEdgardAvevalo បញ្ជាក់ថាយើងពិតឈឺចិត្ត យ៉ាងខ្លាំង នៅហេតុការណ៍អាក្រក់ខាងលើដែលបានកើតឡើង ។ ពេលនេះ យើងកំពុងតែជួយដល់គ្រួរសារ ទាហានរងគ្រោះ»។ លោកបន្តទៀតថា បើទោះបីមានការវាយប្រហារច្រឡំ តែកម្លាំងទាហាន ហ្វីលីពីននៅតែបន្តវាយប្រហារតាមដែនអាកាសដើម្បី កម្ចាត់ក្រុមភេរវកម្ម IS ។
សង្គ្រាមវាយប្រហារក្រុមភេរវកម្មនៅ ទីក្រុងម៉ារ៉ាវី បានឈានចូលខែទី២ ហើយ ដោយមានមនុស្ស ជាង៥០០នាក់ស្លាប់ និងជាង៣សែននាក់ត្រូវភៀសខ្លួន ចេញពីផ្ទះទៅកាន់តំបន់មានសុវត្ថិភាព។
ទាហានហ្វីលីពីន បង្កើនការវាយប្រហារទៅលើក្រុមភេរវកម្ម ដោយខ្លាចក្រុមនេះ ពង្រីកទីតាំងគ្រប់គ្រង និងបង្កើនចំនួនខ្មាន់កាំភ្លើង បន្ទាប់ពីបរាជ័យនៅក្នុងទឹកដីអីរ៉ាក់។
កន្លងមក រដ្ឋមន្ត្រីក្រសួងការពារជាតិ ម៉ាឡេស៊ី បានបង្ហាញក្តីបារម្ភខ្លាចតំបន់ អាស៊ានក្លាយទៅជាទីតាំង ទីពីររបស់ក្រុមភែរវកម្ម IS ។ ម៉ាឡេស៊ីបានបង្កើនការ ការពារសន្តិសុខតាមព្រំដែន ក៏ដូចជាអ្នកចេញចូលនៅក្នុងប្រទេសនេះផងដែរ អ្នកដែលចូលទៅកាន់ប្រទេសម៉ាឡេស៊ី គ្មានលិខិតស្នាម នឹងត្រូវបណ្តេញចេញពីប្រទេស។
កាលពីថ្ងៃទី១២ ខែកក្កដា ក្រុមអាជ្ញាធរនៅក្នុងប្រទេសម៉ាឡេស៊ី បានបើកយុទ្ធនាការមួយ គឺបានចុះបង្រ្កាប និងប្រមូលក្រុមកម្មករអន្តោប្រវេសន៍ ដែលគ្មានលិខិតស្នាមត្រឹមត្រូវបាន ប្រមាណជាង៣.០០០នាក់ ។ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយព័ត៌មាន ឲ្យដឹងនៅរាត្រីថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០១៧ ។
សម្រាប់ការបើកយុទ្ធនាការ នៃការចុះបង្ក្រាប និងគៀងយកមកសាកសួរ ក្រុមអាជ្ញាធរម៉ាឡេស៊ី បាននាំក្រុមពលករ ដែលជាជនអន្តោប្រវេសន៍ មិនមានឯកសារគ្រប់គ្រាន់ នៅឯកំពង់ផែ Port Dickson ។ នេះជាការចុះបង្រ្កាបទ្រង់ទ្រាយធំ សម្រាប់ក្នុងខែកក្កដានេះ ។
ការចុះបង្ក្រាបនេះ បានធ្វើឡើងបន្ទាប់ពី ទទួលបណ្តឹងជាច្រើន ពីក្រុមអ្នកច្បាប់ តម្រូវឲ្យមានលិខិតស្នាមគ្រប់គ្រាន់ ហើយការចូលមកបម្រើការងារ នៅក្នុងប្រទេសម៉ាឡេស៊ី គឺបានធ្វើឡើងមិនទាន់ពេញលក្ខណៈ ដែលច្បាប់កំណត់នៅឡើយ ៕ ម៉ែវ សាធី