ម៉ាឡេស៊ី៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអម នាយករដ្ឋមន្ត្រី បានចូលរួមពិសារអាហារសាមគ្គី ដើម្បីពិភាក្សាការងារ ជាមួយ លោក Dato’ Sri Richard Riot Anak Jeam រដ្ឋមន្រ្តីធនធានមនុស្សម៉ាឡេស៊ី ស្តីពីកិច្ចសហប្រតិបត្តិការការពារពលករ ការរៀបចំឯកសារ លិខិតបទដ្ឋាន ការបណ្តុះ បណ្តាល និង កិច្ចការពាក់ព័ន្ធផ្សេងៗ ដើម្បីពន្លឿនក្នុងការងារ បញ្ជូនពលករ កម្ពុជាទៅធ្វើការនៅ ប្រទេសម៉ាឡេស៊ី តាមកិច្ចសន្យា នៃកិច្ចសហប្រតិបត្ដិការ រវាងកម្ពុជា ,ម៉ាឡេស៊ីកន្លងមក ។ ពិធីជួបពិភាក្សានេះ បានប្រព្រឹត្ដទៅកាលពីរាត្រីថ្ងៃទី១៩ កក្ដដា ឆ្នាំ២០១៧នៅទីក្រុង ពូត្រាចាយ៉ា ម៉ាឡេស៊ី ។
ជាមួយគ្នានេះ លោក រដ្ឋមន្រ្តីក្រសួងធនធានមនុស្សម៉ាឡេស៊ី ក៏បានគាំទ្រយ៉ាងពេញទំហឹង និងសន្យាបញ្ជូនក្រុមបច្ចេកទេសជំនាញពី ក្រសួងធនធានមនុស្សម៉ាឡេស៊ី ឲ្យមក សហការជាមួយ នឹងក្រុមបច្ចេកទេសកម្ពុជា នៅ ចុង សប្តាហ៍ ក្នុងខែកក្ដដា ដើម្បីពន្លឿនលើកិច្ចការងារនេះ ក្នុងន័យ ការពារប្រកបដោយសុវត្ដិភាព ។
នៅថ្ងៃដដែល លោក អូស្មាន ហាស្សាន់ ក៏បានបន្តជួបពិភាក្សាការងារជាមួយ លោក Datuk Mat Noor Nawi ប្រធានធនាគារ EXIM BANK ម៉ាឡេស៊ី ក្នុងពិធីអបអរសាទរ Open House ដែលជាពិធីពិសារអាហារ សាមគ្គីបែបប្រពៃណីម៉ាឡេស៊ីរៀបចំដោយ ធនាគារ EXIM BANK ម៉ាឡេស៊ី ដែលជាធនាគារដ៏ធំមួយនៅម៉ាឡេស៊ី ហើយធនាគារក៏បានមកវិនិយោគនៅកម្ពុជាផ្នែកថាមពលអគ្គិសនី,អេឡិចត្រូនិច, អចលនទ្រព្យ និង សំណង់ ជាដើម។
ជាមួយគ្នានេះដែរ លោកDatuk Mat Noor Nawi ប្រធានធនាគារ EXIM BANK ម៉ាឡេស៊ី ក៏បានសន្យា ផ្តល់ កម្ចីថវិកា សម្រាប់ការវិនិយោគ និងសិក្សាលម្អិតលើការវិនិយោគឧស្សាហកម្មហាឡាល នៅកម្ពុជាផងដែរ ៕ សំរិត