ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើង ត្រៀមសាកល្បងកាំជ្រួចមីស៊ីលឆ្លងទ្វីបចេញពីនាវាមុជទឹក

ចែករំលែក៖

មន្ត្រីការពារជាតិអាមេរិកបានបញ្ជាក់ថា ការសាកល្បងមីស៊ីល នៅពេលខាងមុខ របស់កូរ៉េខាងជើង នឹងត្រូវធ្វើឡើង នៅបាតសមុទ្រ ដោយបាញ់ចេញពីនាវាមុជទឹក ក្នុងពេលដ៏ខ្លីខាងមុខ។

មន្ត្រីយោធាអាមេរិកបាននិយាយទៅកាន់សារព័ត៌មាន CNN ថា ក្នុងរយៈពេល៤៨ម៉ោង ខាងមុខ កូរ៉េខាងជើង នឹងបាញ់មីស៊ីលចេញពីនាវាមុជទឹក ដែលមានប្រវែងជាង៦៥ម៉ែត្រ។ នៅពេលនេះ កូរ៉េខាងជើង បានបញ្ជូននាវាចម្បាំងទៅកាន់តំបន់សមុទ្រ ឆ្ងាយជាងពីពេលមុន ៗ ក្នុងជម្រៅដល់ទៅ១០០គីឡូម៉ែត្រ ក្រោមបាតសមុទ្រជប៉ុន។

តាមមន្ត្រីអាមេរិកបានឲ្យដឹងថា សកម្មភាពខុសប្រក្រតីរបស់នាវាមុជទឹក បានបង្ខំឲ្យកូរ៉េខាងត្បូង និងអាមេរិកមានការប្រុងប្រ័ត្នខ្ពស់ និងតាមដានយ៉ាងយកចិត្តទុកដាក់ ទៅលើនាវាមុជទឹកខាងលើ។

សារព័ត៌មានSputnit បានផ្សាយថា សកម្មភាពខាងលើ កើតឡើង ក្រោយរយៈពេលប៉ុន្មានសប្តាហ៍ ដែលកូរ៉េខាងជើងបានបាញ់មីស៊ីលឆ្លងទ្វីប ចូលទៅកាន់ដែនសមុទ្រជប៉ុន។ តាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់ កូរ៉េខាងជើង នឹងបន្តសាកល្បងមីស៊ីល ចេញពីនាវាមុជទឹក ដើម្បីបង្ហាញពិសមត្ថភាពធ្វើសង្គ្រាមរបស់ប្រទេសនេះ។

កន្លងមក មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានបញ្ជាក់ថា កាំជ្រួចមីស៊ីល Hwasong -14 អាចបំពាក់ក្បាលគ្រាប់បរមាណូ ។ ជាមួយគ្នានេះ នៅពេលដែល នាវាមុជទឹក អាចបាញ់មីស៊ីលបានដោយជោគជ័យចេញពីនាវាមុជទឹកនោះ ការវាយប្រហារ របស់កូរ៉េខាងជើង ទៅលើទឹកដីអាមេរិក មិនឆ្ងាយនោះឡើយ។

បើទោះបីមានការហាមប្រាមរបស់អង្គការសហប្រជាជាតិ ក្នុងការផលិតមីស៊ីល និងបរមាណូ កូរ៉េខាងជើង បានបញ្ជាក់ថា កម្មវិធីបរមាណូ របស់ទីក្រុងព្យុងយ៉ាងអាច រារាំងសកម្មភាពប៉ុនប៉ង វាយប្រហារពីសត្រូវ ។

កូរ៉េខាងជើង មាន នាវាមុជទឹក៧០គ្រឿង ប៉ុន្តែមាននាវាជាច្រើន មិនអាច បាញ់មីស៊ីលបានឡើយ។ ក្រុមអ្នកឯកទេសរបស់អាមេរិក បានបញ្ជាក់ថា កូរ៉េខាងជើង មានតែនាវាមុជទឹក ប្រភេទGorae ដែលអាចបាញ់មីស៊ីលបាន។ នាវាមុជទឹកប្រភេទនេះ ត្រូវបានកូរ៉េខាងជើង សាកល្បងបាញ់មីស៊ីលដោយជោគជ័យនាពេលកន្លងមក៕ ម៉ែវ សាធី


ចែករំលែក៖