ភ្នំពេញ៖ ការប្រកួតបាល់ទាត់វគ្គជម្រុះពូលJ ពានរង្វាន់ជើងឯកទ្វីបអាស៊ី (AFF U23 Championship 2017) កាលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ នៅលើទីលានពហុកីឡដ្ឋានជាតិរាជធានីភ្នំពេញ ក្រុមម្ចាស់ផ្ទះកម្ពុជា ចាញ់ជប៉ុន២-០ ខណៈដែលចិន ឈ្នះហ្វីលីពីន២-០ ទាំង២ប្រកួតខាងលើនេះ មានអ្នកទស្សនា ជិត២ម៉ឺននាក់ ចំនួននេះហាក់បានធ្លាក់ចុះជាងពាក់កណ្តាលនៃថ្ងៃបើកការប្រកួតពូលJ។
ចំពោះការប្រកួត រវាងក្រុមម្ខាស់កម្ពុជា និងក្រុមជប៉ុន រយៈពេល៩០នាទីនោះ គឺសកម្មភាពលេងលើទីលាន មានលក្ខណៈស្វិតស្វាញខ្លាំង ហើយនៅទីបំផុតនោះ ក្រុមជប៉ុនបានទទួលជ័យជម្នះ លើក្រុមម្ចាស់ផ្ទះកម្ពុជា ចំនួន២គ្រាប់ ជាប់គ្នាគឺនៅនាទីទី៧៣ រកបានដោយកីឡាករ Keita Endo និងនាទីទី៨៤ រកបានដោយកីឡាករ Ren Komatsu ដោយការទាត់បញ្ជូលទីក្រុមកម្ពុជា ។ ជ័យជម្នះនេះបានធ្វើឲ្យក្រុមជប៉ុន រកបាន៦ពិន្ទុ ឈរនៅពូលតារាង ខណៈដែលប្រកួតទី១ ក្រុមនេះយកឈ្នះលើក្រុមហ្វីលីពីន ក្នុងលទ្ធផលបច្ចេកទេស ៨-០។
ដោយឡែក ក្រុមជម្រើសជាតិ ចិន បានឈរនៅលេខរៀងទី២ ក្រោយលេងស្មើជាមួយក្រុមម្ចាស់ផ្តះកម្ពុជា ក្នុងលទ្ធផល ០-០ស្មើ សម្រាប់ប្រកួតលើកទី១ ប៉ុន្តែប្រកួតលើកទី២ កាលពីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅ ក្រុមនេះ បានលេងឈ្នះ ក្រុម ហ្វីលីពីន ក្នុងលទ្ធផល ២-០ គឺរកបានដោយកីឡាករ He Cao នាំមុខក្រុមហ្វីលីពីន តាំងពីនាទីទី១៥ ក្នុងតង់ទី១ ខណៈដែល គ្រាប់បាល់ទី២ រកបានដោយកីឡាករ Zhang Xiuweiនៅនាទីទី៧៤ ។
អ្នកតាមដានព្រឹត្តិការណ៍ប្រកួតកីឡាបាលទាត់នៅកម្ពុជាបានអះអាងថា បើទោះបីក្រុមមហាយក្សទាំង២ ហាក់ពុំបានព្យាយាម បន្ថែមគ្រាប់បាល់ទៅគូប្រកួត របស់ខ្លួនយ៉ាងណាក៏ដោយចុះ ប៉ុន្តែការប្រកួតនេះត្រូវបានគេមើលឃើញថា ក្រុមដែលមានកម្រិតទាប ដូចជាក្រុមហ្វីលីពីន និងក្រុមម្ចាស់ផ្ទះកម្ពុជាមានសង្ឃឹមតិចតូចសម្រាប់ឱកាស ឡើងទៅវគ្គបន្ត ទោះបីការប្រកួត អនុវត្តតាមរូបមន្តលេងក្នុងដី និងក្រៅដី ។
គួរបញ្ជាក់ថា ចំណាត់ថ្នាក់បណ្តោះអាសន្ន ចំពោះវគ្គប្រកួតជម្រុះប្រចាំពូល J គឺក្រុមជប៉ុនឈរកំពូលតារាងមាន៦ពិន្ទុ ក្រុមចិនឈរមភលេខរៀងទី២ ចំណាត់ថ្នាក់លេខ២ មាន៤ពិន្ទុ ក្រុមម្ចាស់ផ្ទះកម្ពុជា ឈរលេខរៀងទី៣ មាន១ពិន្ទុ ខណៈដែលក្រុមហ្វីលីពីន ឈរលេខ៤ មិនទាន់មានពិន្ទុរាប់នៅឡើយ។
សម្រាប់ជំនួបបិទពូល ប្រកួតនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០១៧ ដោយគូទី១ ក្រុមចិន ជួបជប៉ុន នៅវេលាម៉ោង៣និង៣០នាទី នៅទីលានពហុកីឡដ្ឋានជាតិ រីឯក្រុមម្ចាស់ផ្ទះកម្ពុជា ជួបក្រុមហ្វីលីពីន នៅវេលាម៉ោង៦និង៣០នាទីល្ងាច លើទីលានពហុកីឡដ្ឋានជាតិ ៕ សារីម