ព័ត៌មានទាន់ហេតុការណ៍៖

វេទិកាផ្សព្វផ្សាយពិគ្រោះយោបល់ លោកអភិបាលខណ្ឌមានជ័យជំរុញឲ្យមន្ត្រីពាក់ព័ន្ធត្រួតពិនិត្យInternet24H

ចែករំលែក៖

ភ្នំពេញ៖ បញ្ហាទីតាំងបើក Internet24H ដែលគេនិយមហៅថាណែត២៤ម៉ោងនោះ ត្រូវបានលោក ពេជ្រ កែវមុនី អភិបាល នៃគណៈខណ្ឌមានជ័យជំរុញឲ្យ ខាងមន្ត្រីជំនាញពាក់ព័ន្ធក្រោមឧិវាទសាលាខណ្ឌ និងជាពិសេសអាជ្ញាធរសង្កាត់ទាំងអស់ត្រូវចុះត្រួតពិនិត្យលើទីតាំងឬផ្ទះបើកInternet24H ព្រោះថាជា កន្លែងបើកឲ្យមានល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ(Online) ហើយអ្វីដែលគួរឲ្យបារម្មណ៍នោះគឺទីតាំងនេះអាចជាកន្លែងផ្តល់ឧិកាសឲ្យក្រុមក្មេងទំនើងលួចប្រើប្រាស់ថ្នាំញៀន និងធ្វើសកម្មភាព ឆក់ ប្លន់ ទៅលើពលរដ្ឋអាជីវករធ្វើដំណើរទៅផ្សារ ឬបុគ្គលិកធ្វើការងារពេលយប់។

នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌមានជ័យនៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ លោកអភិបាលខណ្ឌមាន ជ័យបានបន្តលើកឡើងថា បញ្ហាល្បែងស៊ីងសងគ្រប់ប្រភេទក្នុងល្បែងកន្ទុយលេខខុសច្បាប់ គឺតម្រូវឲ្យចៅសង្កាត់យកចិត្តទុកដាក់ក្នុងការទប់ស្កាត់ឲ្យខាង តែបានដើម្បីរួមចំណែកកាត់បន្ថយបទល្មើសក្នុងមូលដ្ឋាន និងធានាបាននូវការអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវតិ្ថភាពរបស់រាជរដ្ឋាភិបាល។

ពាក់ព័ន្ធនិងការស្នើសុំផ្លូវបេតុងក្នុងភូមិនោះ គឺលោក ពេជ្រ កែវមុនី អភិ បាលខណ្ឌមានជ័យក៏បានជម្រាបជូនពលរដ្ឋថា មូលនិធិរបស់ខណ្ឌគឺយើងមានគម្រោងរួចហើយ។ ក្នុងនោះលោកអភិបាលខណ្ឌមានជ័យក៏បានអំពាវនាវដល់ពលរដ្ឋចៀសវាងកុំបោសចោលសំរាមប៉ាតណា ប៉ាតណី ឬចោលសំ រាមក្នុលូ និងរៀបចំទុកដាក់សំរាមឲ្យមានរបៀបរាបរយ។ លោកអភិបាលក៏បានជំរុញឲ្យអាជ្ញាធរសង្កាត់ត្រួតពិនិត្យកម្មវិធីរបស់ក្រុមហ៊ុនស៊ីនទ្រីក្នុងការចុះ ប្រមូលសំរាមចៀសវាងពលរដ្ឋទុកគរសំរាមយូរថ្ងៃបណ្តាលឲ្យជះក្លិនស្អុយ។

ពាក់ព័ន្ធសណ្តាប់ធ្នាប់លក់ដូររំលោភលើចំណីផ្លូវ ក៏ជាបញ្ហាស្មុគស្មាញផងដែរ ដែលលោកអភិបាលខណ្ឌមានជ័យចាត់ទុកថាដូចវែកចកក្នុងបឹង។ អភិបាលខណ្ឌមានជ័យលោក ពេជ្រ កែវមុនី ថាក្រុមសណ្តាប់ធ្នាប់សង្កាត់ខណ្ឌយើងចុះរៀបចំដេញមិនឲ្យលក់ គាត់អាជីវកររើចូលក្នុងទៅ។ ដល់យើងកំលាំងចេញគាត់រុលចេញមកលក់លើផ្លូវទៀតដដែល ហើយបញ្ហាដែលយើង ពិបាកនោះត្រង់ថាម្ចាស់ផ្ទះជួលឲ្យលក់បន្លែសាច់មុខផ្ទះ ហើយម្ចាស់ផ្ទះយកលុយ។ បញ្ហានេះលោកអភិបាលខណ្ឌក៏បានតម្រូវឲ្យអាជ្ញាធរចេញសេចក្តីជូនដំណឹងដល់ម្ចាស់ផ្ទះជាមុន ឬហៅម្ចាស់ផ្ទះមកប្រជុំណែនាំ។ ចៀសវាងអាជ្ញាធរយើងធ្វើទៅម្ចាស់ផ្ទះបន្ទោសថា អាជ្ញាធរយើងមិនបានប្រាប់គាត់។

ពាក់ព័ន្ធនិងការងារសំណង់គ្មានច្បាប់អនុញ្ញាត លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ក៏ផ្តល់ការណែនាំឲ្យចៅសង្កាត់ចុះត្រួតពិនិត្យមើលឲ្យ បានត្រឹមត្រូវ ហើយទប់ស្កាត់ឲ្យបានមុនគេសាងសង់។ បើកាលណាគេសាង សង់អស់លុយច្រើន ទើបយើងអាជ្ញាធរចុះទៅរុះរើ។ នេះជាបញ្ហាយើងពិបាកដោះស្រាយ បញ្ហាសង់លើប្រឡាយ រំលោភលើចំណីផ្លូវជាដើម៕ ឌិន សុខស៊ីថា


ចែករំលែក៖