ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករភិន សុទី ក្លាយជាបាវស័ក្ត សម្រាប់កីឡាករ ហឹម សារ៉ាន់ ក្នុងជំនួបមិត្តភាពនៅTV5

ចែករំលែក៖

ភ្នំពេញ៖ កីឡាករ ភិន សុទី មកពីក្លិប ទីបញ្ជាការដ្ឋានកងទ័ពជើងទឹក បានក្លាយជាបាវស័ក្ត សម្រាប់កីឡាករ ជើងចាស់ហឹម សារ៉ាន់ មកពីសមាគបកីឡាប្រដាល់ ក្រសួងការពារជាតិ ខណៈដែល ផាត សូដា មកពីក្លិប អេភូថងកីឡា ឈ្នះជឹម សារ៉ាត មកពីក្លិប តាព្រហ្មមានជ័យដោយពិន្ទុ កាលពីយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ នៅសង្វៀនប្រដាល់គុនខ្មែរ ទូរទស្សន៍ប៉ុស្តិ៍លេខ៥។

ជំនួបប្រកួតមិត្តភាព រវាងកីឡាករ ហឹម សារ៉ាន់និង ភិន សុទីនេះ ត្រូវបានទស្សនិកជន ចាត់ចំណាត់ថ្នាក់ ឲ្យកីឡាករ កីឡាករ ភិន សុទី ជាអ្នកប្រដាល់វ័យក្មេង មានបទពិសោធតិច ជាង ហឹម សារ៉ាន់ ដែលជាអ្នកប្រដាល់គុនខ្មែរ ចាស់វស្សា ពូកែប្រើល្បិច និងចិត្តក្រេវក្រោត ។ តាមការសកម្មភាពវាយសម្រុក របស់កីឡាករ ហឹម សារ៉ាន់ ទៅលើ ភិន សុទី ពេញ៥ទឹកនោះ សារ៉ាន់បានព្យាយាមប្រើស្នៀតសំខាន់ៗ របស់ខ្លួន ដូចជា ជង្គង កែង ទាត់ និងកណ្តាប់ដៃវាយតម្រងទៅផ្ទៃមុខ ភិន សុទី ។

ដោយឡែក ភិន សុទីវិញ ក្រៅតែពីការទប់ជំហរ វាយបកមួយៗ សុទី ព្យាយាមដកថយ ពីការតាមស្ទាក់វាយរបស់ សារ៉ាន់ ក្នុងបំណងផ្តួចឲ្យរូបសន្លប់ ឬអាជ្ញាកណ្តាលរាប់ ក្នុងទឹកណាមួយ ។ ជាលទ្ធផលនៃការប្រកួតដ៏ព្រឺព្រួចរយៈ៥ទឹកខាងលើ រវាងកីឡាករ ហឹម សារ៉ាន់ និង ភិន សុទី ត្រូវបានចៅក្រមទាំងរូប ផ្តល ពិន្ទុឯកច្ឆន្ទ ដល់កីឡាករ ហឹម សារ៉ាន់ ឈ្នះ ភិន សុទី ដោយពិន្ទុបច្ចេកទេស។

ចំពោះការប្រកួត រវាងកីឡាករ ផាត សូដានិង ជឹម សារ៉ាត ក្នុងជំនួបគូពិសេស មិត្តភាពទី២នោះ ហើយចៅក្រមផ្តល់ពិន្ទុ ឲ្យ ផាត សូដា ឈ្នះ ជឹម សារ៉ាត ដោយពិន្ទុយ៉ាងប្រផុតប្រផើយ លទ្ធផល ព្រោះតែចៅក្រម សម្រេចមិនឯកច្ឆន្ទ។ ក្រៅពីគូពិសេសទាំង២គូខាងលើ ដែលឈ្នះគូប្រកួតដោយពិន្ទុ ក៏មានកីឡាករ២គូផ្សែងទៀត ដែលបញ្ចប់ការប្រកួត ដោយបោះបង់ការប្រកួត ត្រឹមទឹកទី១និងទឹកទី២ ដូចជា កីឡាករ ថាន រ៉ាឌី មកពីក្លិប កុលបុត្រគុនខ្មែរទួលគោក បោះបង់ការប្រកួត ក្រោយរងនៅស្នៀតកណ្តាប់ដៃវាយម៉ាត់របស់កីឡាករ សង គង់ មកពីក្លិបអេភូថងកីឡា បណ្តាលឲ្យថាន រ៉ាឌីដួលដាច់ផ្ញាក្នុងទឹកទី១ភ្លាមៗតែម្តង។

កីឡាករ សេង សាយ មកពីពន្លឺវិបុលដារិទ្ធិពោធិសែនជ័យ ត្រូវកីឡាករ នួន រ៉ាថេន មកពីក្លិប តាឯកដំបងដែក មានរិទ្ធខេត្តព្រៃវែង ប្រើស្នៀតជង្គង និង កណ្តាប់ដៃឲ្យសន្លប់ក្នុងទឹកទី២។

គួររំលឹកថា កម្មវិធីប្រដាល់គុនខ្មែរដណ្តើមពានរង្វាន់ NOCK OUT SERIES ប្រភេទទម្ងន់ ៦៣,៥គីឡូក្រាមនឹងបន្តប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ ដើម្បី កំណត់ថាកីឡាករណាខ្លះត្រូវឡើងប្រកួតដណ្តើមយកពានរង្វាន់ លេខ១ និង លេខ២ ហើយកីឡាករណា ត្រូវប្រកួតយកពានរង្វាន់ លេខ៣ និងលេខ៤ ៕ សារីម


ចែករំលែក៖