ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់បរយ៉ាខា បានឧបត្ថម្ភដើមទុន ដល់សមាជិកក្រុមបក្សដែលមានជីវភាពក្រីក្រ និងសកម្មក្នុងការងារបក្សនាពេលកន្លងមក

ចែករំលែក៖

ខេត្តប៉ៃលិន៖ ដើម្បីបង្កើតមុខរបខ្នាតតូច សម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ កាលពី ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ លោក ផាន់ ចាន់ធុល ប្រធានក្រុមការងារ និងលោក ស៊ុន យី អនុប្រធានក្រុមការងារ ព្រមទាំងក្រុមការងារគណបក្សចុះជួយសង្កាត់បរយ៉ាខា មួយចំនួនទៀត បានអញ្ជើញចុះសាកសួរសុខទុក្ខ ព្រមទាំងឧបត្ថម្ភដើមទុន សម្រាប់បង្កើតមុខរបរលក់ចាប់ហួយនៅផ្ទះ ដល់សមាជិកក្រុមបក្សភូមិ ១គ្រួសារ ដែលមានជីវភាពទីទាល់ក្រ និងធ្លាប់មានស្នាដៃល្អ សកម្មក្នុងការងារបក្សនាពេលកន្លងមក រស់នៅភូមិអូច្រាលិច សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

លោក ផាន់ ចាន់ធុល ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់បរយ៉ាខា បានមានប្រសាសន៍លើកឡើងថា៖ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្ស គឺតែងតែគិតគូពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដោយជំរុញដល់ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ត្រូវចុះសាកសួរសុខទុក្ខ និងគិតគូពីសុខទុក្ខ ព្រមទាំងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសប្រជាជនដែលមានជម្ងឺ និងមានជីវភាពខ្វះខាត ដោយមិនបណ្តោយអោយពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ ហើយមិនបានដឹងនោះទេ។

ជាក់ស្តែងនៅពេលនេះក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់បរយ៉ាខា បានចុះមកសាកសួរសុខទុក្ខ និងបានឧបត្ថម្ភដើមទុន សម្រាប់បង្កើតមុខរបរលក់ចាប់ហួយនៅផ្ទះ ដល់សមាជិកក្រុមបក្សភូមិ ១គ្រួសារ ដែលមានជីវភាពទីទាល់ក្រ និងធ្លាប់មានស្នាដៃល្អ ព្រមទាំងសកម្មក្នុងការងារបក្សនាពេលកន្លងមក ដើម្បីបង្កើតមុខរបរខ្នាតតូច ដោយលក់ដូរចាប់ហួយនៅផ្ទះ ក្នុងការរកចំនូល សម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។

លោក ផាន់ ចាន់ធុល ក៍បានមានប្រសាសន៍លើកទឹកចិត្ត ដល់ពួកគាត់ ធ្វើយ៉ាងណាត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងសកម្មភាពការងារបក្សបន្តទៀត ជាពិសេសត្រូវយកដើមទុនទាំងនេះ ទៅប្រកបមុខរបររកស៊ី ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារទៅថ្ងៃខាងមុខបន្តទៀត ជាសវាងការធ្វើចំណាកស្រុកទៅធ្វើការងារនៅក្រៅប្រទេសដោយខុសច្បាប់ ដែលមានហានីភ័យខ្ពស់។

គួរបញ្ជាក់ថា៖ សមាជិកក្រុមបក្សដែលក្រុមការងារបានឧបត្ថម្ភ ដើមទុនរកស៊ី គឺមានឈ្មោះ ប៉ែន រីម ភេទប្រុស អាយុ ៥៥ឆ្នាំ អ្នកមីង ពុំ ណេប អាយុ៥៩ឆ្នាំជាប្រពន្ធ បច្ចុប្បន្នជាសមាជិកបក្សភូមិអូច្រាលិច ហើយដើមទុនដែលបានឧបត្ថម្ភគឺមានចំនួន ១២០០០០០រៀល ដែលជាថវិការផ្ទាល់របស់ លោក ផាន់ ចាន់ធុល និងលោក សានវិជ្ជា សារ៉ាវុធ ព្រមទាំងក្រុមការងារចុះជួយសង្កាត់បរយ៉ាខាផងដែរ ៕ ស សារ៉េត


ចែករំលែក៖