ភ្នំពេញ ៖ លោក អ៊ូ រតនា អនុប្រធានទី១សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបាននិយាយក្នុង ឱកាសចុះពិនិត្យមើលការហ្វឹកហាត់របស់អត្តពលិកកីឡាវ៉ូវីណាមកម្ពុជានៅទីក្រុងហូជីមិញ ប្រទេសវៀតណាមកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ថា សហព័ន្ធបានបញ្ជូនអត្តពលិក កីឡាវ៉ូវីណាមកម្ពុជាចំនួន១៣រូបទៅហ្វឹកហាត់នៅប្រទេសវៀតណាមរយៈពេល១៧ថ្ងៃ មុននឹងទៅចូលរួមការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោកនៅប្រទេសឥណ្ឌា នោះគឺដើម្បីបំប៉នសមត្ថភាពបន្ថែមសម្រាប់អត្តពលិកចេញទៅប្រជែងដណ្តើមមេដាយ ព្រោះប្រទេសមួយនេះគឺជាម្ចាស់ក្បាច់គុនវ៉ូវីណាម ហើយចំណុចខ្លាំងទាំងអស់ក៏ចេញ ពីប្រទេសនេះដែរ ។
លោក អ៊ូ រតនា បានបន្តថា វិញ្ញាសាដែលលោកមើលឃើញថា មានភាពលេចធ្លោ ហើយរំពឹងខ្លាំងថា អាចដណ្តើមបានមេដាយពីការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោក នៅឥណ្ឌាលើកនេះមានវិញ្ញាសា មេគុននារី, វិញ្ញាសាសម្តែងជាក្រុម១ទល់៤មានអាវុធ និងវិញ្ញាសាប្រយុទ្ធរបស់កីឡាករ ទិន ភាព ម្ចាស់មេដាយពិភពលោក ឆ្នាំ២០១៥ នៅប្រទេសអាល់ហ្សេរី ។
អនុប្រធានទី១រូបនេះបានបន្តទៀតថា មូលហេតុដែលលោកហ៊ាន ដាក់ក្តីសង្ឈឹមលើវិញ្ញាសាទាំងអស់នេះ ថាអាចដណ្តើមយកមេដាយបាននោះ ក៏ព្រោះតែកន្លងមកវិញ្ញាសាទាំងអស់នេះគឺតែងតែទទួលបានមេដាយប្រាក់ ដោយចាញ់តែប្រទេសវៀតណាមម្ចាស់ក្បាច់គុនតែប៉ុណ្ណោះ។ លើកនេះសហព័ន្ធទទួលបាន គ្រូដែលជាម្ចាស់ក្បាច់គុន និងមកហ្វឹកហាត់ផ្ទាល់នៅទីនេះផងដែល អាចធ្វើកីឡាករកីឡាការិនី ទទួលបានគន្លឹះថ្មីៗដែលជាចំណុចខ្វះខាតបំពេញបានគ្រប់គ្រាន់ ដើម្បីឈានទៅរកមេដាយមាសនៅក្នុងការប្រកួតបាន ។
លោកបានបន្ថែមថា ក្នុងចំណោម២០វិញ្ញាសា ដែលសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាដាក់ ចូលរួមក្នុងការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោកលើកទី៥នៅឥណ្ឌាលើកនេះ មានសង្ឈឹម៧០ទៅ៨០ភាគរយអាចប្រជែងយកមេដាយបាន ។
កីឡាករ ទិន ភាព ហៅសែន រ៉ាឌី កីឡាករជម្រើសជាតិកីឡាវ៉ូវីណាមកម្ពុជាបាននិយាយថា ការដែលមកហ្វឹកហាត់នៅប្រទេសវៀតណាមនេះគឺល្អខ្លាំងណាស់សម្រាប់កីឡាករកីឡាការិនី ជម្រើសជាតិ ព្រោះមិនមានរឿងអ្វីដែលធ្វើឲ្យរំខានដល់ការ ហ្វឹកហាត់បំប៉ន សមត្ថភាពនោះឡើយ។ ពោលគឺមានតែពេលហ្វឹកហាត់តែប៉ុណ្ណោះធ្វើឲ្យអារម្មណ៍ហ្វឹក ហាត់ប្រមូលផ្តុំបានល្អឆាប់ទទួលបានបច្ចេកទេសល្អៗពីគ្រូដើម។ សម្រាប់ការហ្វឹកហាត់ លើកនេះទាំងរូបគេ និងកីឡាករកីឡាការិនីដទៃទៀតសុទ្ធតែមានការរីកចម្រើន។
កីឡាករប្រដាល់ទម្ងន់ស្រាល និងជម្រើសជាតិវ៉ូវីណាម ទិន ភាព ហៅ សែន រ៉ាឌី បានអះអាងថា រូបគេនឹងខិតខំឲ្យអស់ពីលទ្ធភាព ដើម្បីប្រជែងរកមេដាយពីព្រឹត្តិការណ៍ប្រកួតពិភព លោកនេះ។
ដោយឡែកកីឡាការិនី ប៉ាល់ ឆរស្ម៊ី ដែលលេង៥វិញ្ញាសាក្នុងការប្រកួតជើងឯកពិភពលើកទី៥ បានលើកឡើងដែរថា តាមរយៈការហ្វឹកហាត់ជាមួយគ្រូវៀតណាម ដែលជាម្ចាស់ក្បាច់គុនផ្ទាល់នេះ គឺធ្វើឲ្យរូបនាងមានទំនុកចិត្ត ហើយវិញ្ញាសាមួយ ចំនួនដែលគេត្រូវប្រកួតនោះក៏មានការសរសើរពីគ្រូវៀតណាមដែរ ។ ដូច្នេះការរំពឹងសម្រាប់ការដណ្តើមបានមេដាយនោះគឺមានទំនុកចិត្តខ្ពស់។
សូមបញ្ជាក់ថា កីឡាករកីឡាការិនីទាំង១៣រូបដែលចេញទៅហ្វឹកហាត់បំប៉ន សមត្ថភាពនៅប្រទេសវៀតណាមចាប់តាំងពីថៃ្ងទី១១ ខែកក្តដា ឆ្នាំ២០១៧មកម្លេ៉ះ ហើយគ្រោងត្រឡប់មកប្រទេសកម្ពុជាវិញនៅថៃ្ងទី២៧ ខែកក្តដា ខាងមុខ រួចបន្តដំណើរទៅចូលរួមការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោក លើកទី៥នៅប្រទេសឥណ្ឌានៅថៃ្ងទី៣០ ខែកក្កដា ឆ្នាំ២០១៧។ សម្រាប់ការប្រកួត ផ្លូវការនឹងចាប់ផ្តើមពីថៃ្ងទី១ ខែសីហា បញ្ចប់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧៕ សារីម