ព័ត៌មានទាន់ហេតុការណ៍៖

ឆៃ លីដាឡែន ថារឿង “សសរកន្លោង”លងម៉ាឆ្ងាញ់

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីមានការភ្ញាក់ផ្អើលរឿងតារាសម្តែងជួបហេតុការណ៍ប្លែកៗនោះ តារាសម្តែងស្រី ឆៃ លីដាឡែន បានអះអាងថា រឿង”សសរកន្លោង” ជាភាពយន្តកំប្លែង និងភ័យរន្ធត់ប្លែក និងអាចក្លាយជារឿងដែលមានឈុតឆាកពញាក់អារម្មណ៍ខ្លាំងមិនធ្លាប់មាន។

តារាសម្តែងស្រី ឆៃ លីដាឡែន បានបញ្ជាក់ថាក្នុងរឿង”សសរកន្លោង”នាងសម្តែងជាតួអង្គម្តាយឈ្មោះឡែន ដែលមានអត្តចរិកកាចឆ្នាសឆ្នើមខ្លាំង ពិសេសគឺវគ្គបង្ខំកូនស្រីឲ្យស្រលាញ់បុរសជាអ្នកមានទ្រព្យ។

នាងថា តួកាចនេះគឺកាចខ្លាំងខុសពីរឿងមុនៗរហូតផលិតករ និងសិល្បករដែលរួមការផលិតសរសើរថាល្អ។ នាងថាក្នុងរឿងនេះនាងសម្តែងម៉ាអស់ដៃតែម្តង គឺសម្តែងជាតួកាចខ្លាំង ហើយក៏ជាតួខ្មោចវិញក៏លងញាក់សាច់ រហូតនាងហ៊ានអះអាងថាជារឿងថ្មីប្លែកនឹងផ្ទុះការគាំទ្រខ្លាំងនៅចុងឆ្នាំនេះ។

តារាស្រីសម្តីបានរូបនេះបន្ថែមថា នាងពិតជាមានអារម្មណ៍ប្លែកដែលបានរួមសម្តែងជាមួយក្រុមការងារផលិតកម្ម ឥន្ទ្រានិម្មិតដែលជាក្រុមផលិតករក្មេងមានជំនាញខ្ពស និងបទពិសោធន៍ល្អក្នុងការផលិត។

អ្វីដែលនាងចាប់អារម្មណ៍ខ្លាំងផងដែរនោះគឺបច្ចេកទេសនៃការច្នៃតុបតែងមុខគួរឲ្យខ្លាចទៀតគឺពិតជាព្រឺព្រួចដែលសូម្បីតែពេលខ្លះនាងក៏ខ្លាចនឹងការសម្តែងរបស់ខ្លួនឯងដែរ។

នាងថា អ្វីដែលទុកចិត្តបាន លើភាពយន្តរឿង “សសរកន្លោង” ថានឹងផ្ទុះការគាំទ្រច្រើនពីទស្សនិកជនគឺបច្ចេកទេសនៃការផលិត ទាំងការស្វែងរកទីតាំង ការតុបតែមុខ សាច់រឿងប្លែក ជាមួយនឹងតារាសម្តែងដែលមានទេពកោសល្យជាច្រើនរូបចូលរួមសម្តែង។

គួរបញ្ជាក់ដែរថា រឿង”សសរកន្លោង”គឺជាភាពយន្តខ្នាតធំទីពីររបស់ផលិតកម្មឥន្ទ្រានិម្មិត បន្ទាប់ពីរឿង”កំណត់ហេតុនាងនាថ”ដែលល្បីខ្លាំងនិងទទួលបានពានជាភាពយន្តឆ្នើមប្រចាំឆ្នាំ២០១៦កន្លងមក។

ភាពយន្តថ្មីនេះបានធ្វើឲ្យអ្នគាំទ្រច្រើនអន្ទះសារងចាំតាមដានទស្សនាអស់ជាច្រើនខែមកហើយ គ្រាដែលផលិតករអះអាងថាមិនទាន់អាចបញ្ជាក់កាលបរិច្ឆេទនៃការចាក់បញ្ចាំងនោះនៅឡើយទេប៉ុន្តែគឺក្នុងពេលឆាប់ៗខាងមុខនេះហើយ៕ វឌ្ឍនា


ចែករំលែក៖