ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិបរទេសម្នាក់ ឆបោកប្រាក់ភរិយាលោក កៅ គឹមហួន  អស់ជិត៣០លានដុល្លារអាមេរិក

ចែករំលែក៖

ភ្នំពេញៈ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការស្រាវជ្រាវ និងប្រមាញ់តាមចាប់ខ្លួន ជនសង្ស័យម្នាក់ ដែលជាជនជាតិបរទេសបាន ហើយបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ កាលពីថ្ងៃទី២៥ កក្កដា ឆ្នាំ២០១៧នេះ ស្ថិតនៅក្នុងអាផាតមិនដាលីស នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ   បន្ទាប់ពីបុរសជនបរទេសនោះ បានស៊ីដាច់ប្រាក់ ភរិយាលោក កៅ គឹមហួន អគ្គនាយិកាទូរទស្សន៍អាស៊ីអាគ្នេយ៍ ជិត៣០លានដុល្លារអាមេរិច ។

លោកឧត្តមសេនីយ៍ អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស  បានឲ្យដឹងថា ពាក់ព័ន្ធនិងករណីឆបោកលុយរាប់លានដុល្លារនេះ លោកមិនទាន់ស៊ីជម្រៅទេ គ្រាន់តែដឹងថា កម្លាំងអាវុធហត្ថជាអ្នកធ្វើ ក្រោមបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា  ។

​ ជនសង្ស័យឈ្មោះ កូកូវ៉ិច ឌឺនីស​ (DENIS COKOVIC ហៅ DENIS DENY )ភេទប្រុស អាយុ៥៤ឆ្នាំ ជាជនជាតិកូសូវ៉ូ ស្នាក់នៅ ក្នុងអាផាតមិនដាលីស នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។វត្ថុតាងចាប់យកពីជនសង្ស័យមាន៖ ប្រាក់ចំនួន៤២ម៉ឺនដុល្លារអាមេរិក នៅក្នុងអាផាតមិន ដែលជនសង្ស័យស្នាក់នៅផងដែរ ។

ប្រភពដដែរ បានបន្តទៀតថា ជនសង្ស័យត្រូវបានតំណាងអយ្យការ ចោទពីបទឆបោក និងសមគំនិត ក្នុងអំពើមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៦ ថ្ងៃទី២៨ ខែមេសា ថ្ងៃទី១៦ ខែឧសភា ថ្ងៃទី២៦ ខែឧសភា និង១២ មិថុនា ឆ្នាំ២០១៧ តាមមាត្រា៣៧៧-៣៧៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា២៣១ (មាត្រា២៩ នៃក្រមព្រហ្ម​ទណ្ឌ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់)។

បើតាមប្រភពព័ត៌មាន បានបង្ហើបថា ​សមត្តកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីព្រឹកថ្ងៃទី២៥ កក្កដា ២០១៧ បាននាំខ្លួនជនជាតិកូសូវ៉ូម្នាក់ មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ ពាក់ព័ន្ធស៊ីដាច់ប្រាក់ភរិយាលោក កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី ចំនួន២៧លានដុល្លារអាមេរិក តាមរូបភាពរៀបចំរីស្ស៊ត នៅខេត្តកែប និងកំពត ។

​ជនសង្ស័យឈ្មោះ កូកូវ៉ិច ឌឺនីស ភេទប្រុស អាយុ៥៤ឆ្នាំ បានត្រូវសមត្ថកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឃាត់ខ្លួនកាលពីថ្ងៃទី២១ កក្កដា នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ។ ប៉ុន្តែនៅពេលឆែកឆេរបុរសរូបនោះ បែរជាកាន់លិខិតឆ្លងដែន ជនជាតិអូស្ត្រាលីទៅវិញ ។

ដើមចមនៃការឃាត់ខ្លួន ជនសង្ស័យខាងលើនេះ ពុំមានប្រភពណា បញ្ជាក់ឲ្យដឹងជាផ្លូវការនោះទេ សូម្បីសមត្ថកិច្ច ដែលចាប់បញ្ជូនជនសង្ស័យ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ក៏មិនបង្ហើបឲ្យដឹងដែរ ប៉ុន្តែទោះបីមានការលាក់លៀមយ៉ាងណាក្តី ប្រភពព័ត៌មាននៅតែធ្លាយចេញ មិនអាចបិតជិតឡើយ ។

នៅសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានគេដឹងទៀតថា បុរសរូបនេះ បានចូលមកប្រទេសកម្ពុជា បើកក្រុមហ៊ុនមួយ ជាមួយអ្នកស្រី ឃឹម រ៉ានី ភរិយាលោក កៅ គឹមហួន និងមនុស្សមួយចំនួនទៀត រួចលើកគម្រោងរៀបចំធ្វើរីស្ស៊​ត នៅខេត្តកែប និងខេត្តកំពត ក្នុងទំហំទឹកប្រាក់ រាប់សិបលានដុល្លារអាមេរិក ។

នៅពេលរៀបចំដំណើរការ ជនសង្ស័យរូបនេះ បានប្រាប់សមាជិកភាគហ៊ុនក្នុងក្រុមហ៊ុនថា ក្រុមហ៊ុនធំនៅបរទេស ដែលមានដើមទុនហាសិបពាន់លានដុល្លារអាមេរិក ពុំទាន់ទម្លាក់ប្រាក់មកឲ្យទេ ។ ដូច្នេះ សូមឲ្យសមាជិកភាគហ៊ុនទាំងអស់ ចេញប្រាក់ជាមុនសិន ដើម្បីបានដំណើរការ ។ ពេលនោះ ភរិយាលោក កៅ គឹមហួន បានចេញប្រាក់ជាបន្តបន្ទាប់ ឲ្យទៅជនសង្ស័យ រហូតចំនួន២៧លានដុល្លារអាមេរិក ។

ក្រោយពេល​បានទទួលប្រាក់រួចហើយ ជនសង្ស័យពុំបានយកប្រាក់នេះ ទៅដំណើរការសាងសង់រីស្ស៊ត ដូចការអះអាងនោះទេ ធ្វើឲ្យសមាជិកភាគហ៊ុន  មានការសង្ស័យ ទើបឈានដល់ការស្រាវជ្រាវដឹងថា ពុំមានគម្រោងរៀបចំរីស្ស៊តនៅខេត្តកែប និងខេត្តកំពតឡើយ ។ បន្ទាប់មកជនសង្ស័យ បានទាមទារប្រាក់បន្ថែម ចំនួន៤លានដុល្លារទៀត ទើបភរិយាលោក កៅ គឹមហួន ដាក់ពាក្យប្តឹង នៅកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួចរៀបចំគម្រោងចាប់ខ្លួន ខណៈពេលជនសង្ស័យ មកទទួលប្រាក់ ។ 

បច្ចុប្បន្នបុរសជនជាតិកូសូវ៉ូម្នាក់ បន្ទាប់ពីព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ ចោទប្រកាន់ហើយនោះ ពេលនេះស្ថិតក្នុងការសាកសួរ របស់ចៅក្រម ៕  សដារ៉ា


ចែករំលែក៖