ព័ត៌មានទាន់ហេតុការណ៍៖

កូនប្រុសអភិបាលរងខេត្តកំពង់ឆ្នាំងនៅពីក្រោយការឈូសឆាយរំលោភយកដីរដ្ឋធ្វើកម្មសិទ្ធិឯកជន

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ បច្ចុប្បន្ននេះដីព្រៃលិច ទឹកតំបន់៣ក្នុងឃុំពោធិ៍និងឃុំច្រណូក ស្រុកកំពង់លែងគេសង្កេតឃើញថា នៅតែបន្តរងការទន្ទ្រាននិងរំលោភយកពីសំណាក់ក្រុមឈ្មួញនិងមន្ត្រីមានអំណាចលួចឈូសឆាយរំលោភយកធ្វើជាកម្មសិទ្ធិកាលពីឆ្នាំ ២០១៤-២០១៥នៅចំណុចទួលគោកព្រះ ប្រាសាទបាក់ ម៉ៅពកក កំពង់តាយ៉ា ក្នុងឃុំ ច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

ប្រភពពីប្រជាពលរដ្ឋបានឲ្យអ្នកយក ព័ត៌មានដឹងថា បន្ទាប់ពីថ្នាក់លើសម្រេចដក យកដីចំណុចខាងលើដាក់ជាដែននេសាទសាធារណៈរបស់រដ្ឋមកក្រុមឈ្មួញបាន ឃុបឃិតជាមួយអាជ្ញាធរឃុំច្រណូក និង អាជ្ញាធរស្រុកកំពង់លែងយកដីនេះលក់ឲ្យក្រុមហ៊ុនមួយឈ្មោះ ខូវ ប៊ុនឆាយ លើផ្ទៃដីទំហំ៧០.០០០ហិកតាកាលពីជំនាន់លោក ឌុល គឹមឌិត នៅជាមេឃុំច្រណូកនោះ។ ក្រោយមកដីនៅចំណុចខាងលើក៏ត្រូបានក្រុមមន្ត្រីមានអំណាចបែងចែកឲ្យយោធាស្រុកទំហំ១៥០ហិកតា នគរបាលទំហំ ១៥០ហិកតា កងរាជអាវុធហត្ថស្រុកទំហំ ១០០ហិកតា និងទាហានអភិវឌ្ឍន៍ស្រុក ទំហំ២១៧ហិកតា ។

ក្រៅពីនោះដីនៅសេសសល់ស្ថិតនៅក្រោមការគ្រប់គ្រង និងកាន់កាប់ដោយ លោក ចេង ញ៉ាន់ អភិបាលរងខេត្តកំពង់ ឆ្នាំង និងកូនបង្កើតគឺលោក ចេង ចាន់ដូណា អភិបាលរងស្រុកកំពង់លែង ។

បច្ចុប្បន្ននេះដីព្រៃលិចទឹកតំបន់៣ ចំណុចគោកព្រះចំណុចកំពង់តាយ៉ា ក្នុងឃុំ ច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង គេសង្កេតឃើញថា មានការចាប់ផ្តើមលួចឃុបឃិតគ្នាឈូសឆាយទន្ទ្រានឲ្យរាបស្មើចែកគ្នាកាន់កាប់រំលោភយកដីព្រៃលិចនេះជាកម្មសិទ្ធិដោយមិនខ្វល់ពីផ្លូវច្បាប់អ្វីនោះឡើយ ។

ឈ្មួញនិងមន្ត្រីមូលដ្ឋានបានផ្គើនទៅនឹងបទបញ្ជារាជរដ្ឋាភិបាលជាពិសេសលោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា ដែលធ្លាប់បាន ព្រមានទៅលើមន្ត្រីណាដែលបានរំលោភយកដីរបស់រដ្ឋនិងដីរបស់ប្រជារាស្ត្រនា ពេលកន្លងមក។ ចំពោះដីអ្នកធំនិងអ្នក មានលុយមួយចំនួនអាចត្រូវបានក្រុមចម្រុះ មួយនេះរៀបចំឯកសារឲ្យក្លាយទៅជាដី អាស្រ័យផលស្របច្បាប់របស់ប្រជាពល រដ្ឋកុហកលោកអភិបាលខេត្តទៀតផង ។

រហូតមកដល់ពេលលនេះទោះជាកន្លែងមួយចំនួនរកឃើញថា ពិតជាមានករណីរំលោភដីធ្លីរបស់រដ្ឋមែនក៏ដោយ តែគេមិន ដែលបានឃើញអាជ្ញាធរខេត្តនិងមន្ត្រីជំនាញ ចាប់ខ្លួនពួកឈ្មួញនិងអ្នកមានអំណាចមាន លុយរំលោភដីធ្លីទាំងនោះមកផ្តន្ទាទោសម្តង ណាឡើយ។ ផ្ទុយទៅវិញបើប្រជាពលរដ្ឋគ្រាន់តែចូលអើតកកាប់ឆ្ការឬភ្ជួររាស់ប៉ះ ពាល់ដីព្រៃលិចទឹកបន្តិចបន្តួចសឹងតែមិនទាន់ផងក៏ត្រូវបានអាជ្ញាធរចាប់វាយខ្នោះដោយចោទថា បានកាប់បំផ្លាញដីព្រៃលិចទឹកដែលជាដីហាមឃាត់ ។

ចំណែកក្រុមចម្រុះរបស់ខេត្តកំពង់ឆ្នាំងវិញហាក់ដូចជាកំពុងក្លាយទៅជាមន្ត្រីជើង ១០និងក្លាយទៅជាមន្ត្រីគ្រាប់ល្ពៅអស់ទៅ ហើយដែរដែលធ្វើឲ្យការទទួលភារកិច្ចក្នុងការស្រាវជ្រាវករណីរំលោភដីធ្លីខាងលើ មិនមានតម្លាភាពក្នុងការអនុវត្តភារកិច្ចនាពេលកន្លងមក។ ជាក់ស្តែងដីព្រៃលិចទឹក នៅចំណុចគោកព្រះ និងទំនាបតាយ៉ាប ភូមិកង្កែប ឃុំច្រណូក ស្រុកំពង់លែង ត្រូវបានមន្ត្រីមួយចំនួនក្នុងខេត្តឈូសឆាយ រំលោភយកជិត១.០០០ហិកតាដែលដីខាង លើនេះក្រោមការគ្រប់គ្រងរបស់សហគមន៍ នេសាទឃុំច្រណូកដែលមានលោកស្រី សុគុន ជាប្រធានសហគមន៍ ។

ប្រភពបានបង្ហើបទៀតថា មួយរយៈ ពេលមុនគេសង្កេតឃើញថា ក្រុមសហគមន៍ នេសាទច្រណូកតែងតែបំពេញការងារ របស់ខ្លួនក្នុងការការពារដីយ៉ាងសស្រាក់សស្រាំ។ ប៉ុន្តែមួយរយៈពេលក្រោយមក នេះគេឃើញថាសហគមន៍ហាក់មិនយក ចិត្តទុកដាក់សោះធ្វើឲ្យគេសង្ស័យថា សហ គមន៍កំពុងត្រូវដងត្រូវផ្លែក្នុងការរួមគំនិតគ្នារំលោកភយកដីចែកគ្នាជាប្រព័ន្ធអស់ហើយ ។

ការឈូសឆាយទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកចំណុចខាងលើនេះធ្វើឲ្យប្រជា ពលរដ្ឋរស់នៅក្នុងឃុំច្រណូក និងឃុំពោធិ៍មានការថ្នាំងថ្នាក់ចិត្តចំពោះថ្នាក់ដឹកនាំ ៕ ហេង សូរិយា


ចែករំលែក៖