ព័ត៌មានទាន់ហេតុការណ៍៖

អតីតមន្ត្រីក្រោមរដ្ឋការរបស់លោកស្រីប៉ាក់ គុនហេ ត្រូវកាត់ទោសជាប់ពន្ធនាគារបន្តបន្ទាប់

ចែករំលែក៖

អតីតមន្ត្រីជាន់ខ្ពស់ របស់កូរ៉េខាងត្បូងនៅក្រោមរបបដឹកនាំ របស់អតីតនាយករដ្ឋមន្ត្រី ប៉ាក់ គុនហេ ដូចជាប្រធានការិយាល័យ រដ្ឋមន្ត្រីក្រសួង វប្បធម៌ជាដើម ត្រូវបានតុលាការទីក្រុងសេអ៊ូលកាត់ទោសជាប់ពន្ធនាគារ ពីបទ ធ្វើបញ្ជីខ្មៅប្រឆាំងសិល្បករនៅក្នុងប្រទេសនេះ ដែលមិនគាំទ្រ រដ្ឋាភិបាលនាពេលនោះ។

កាលពីថ្ងៃទី២៧ ខែកក្កដា កន្លងមកនេះ តុលាការក្រុងសេអ៊ូលបានចេញសាលក្រមកាត់ទោសអតីតនាយកការិយាល័យរបស់អតីតប្រធានាធិបតីឱ្យជាប់ពន្ធនាគារបីឆ្នាំ ពីបទបានបង្កើតបញ្ជីខ្មៅប្រឆាំងនឹងសិល្បករចំនួន១០០០០នាក់។ សាលក្រមតុលាការសេអ៊ូល ក៏បានដាក់ទោសមនុស្សបួននាក់ទៀត ក្នុងសំណុំរឿងតែមួយឱ្យជាប់ពន្ធនាគារ ខ្លះ១៨ខែ ខ្លះពីរឆ្នាំ។ អតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ ក៏ជាជនជាប់ទោសម្នាក់ដែរ។

ការដាក់ទោសអតីតនាយកការិយាល័យប្រធានាធិបតី ជាសារព្រមានថ្មីមួយទៀតសម្រាប់លោកស្រី ប៉ាក់ គុនហេ ដែលក្រៅពីអស់តំណែង លោកស្រីត្រូវស្ថិតនៅក្នុងពន្ធនាគាររង់ចាំការកាត់ទោសក្នុងបទចោទប្រកាន់ចំនួន១៨ មានជាអាទិ៍ ពីបទពុករលួយ និងរំលោភអំណា ចនិងបទធ្វើយុទ្ធនាការបង្ក្រាបពិភពសិល្បៈ អ្នកភ្លេង អ្នកនិពន្ធ កវីផលិតករភាពយន្ត អ្នករបាំ សិល្បករសិល្បការិនី អ្នកសំដែង អ្នកស្មូន …។

អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ប៉ាក់ គុនហេ ត្រូវបានដកហូតដំណែង និងកំពុងរង់ចាំការកាត់ទោសនៅតុលាការ ពីបទប្រព្រឹត្តអំពើពុករលួយរំលោភអំណោច …កូនចៅក្រោមបង្គាប់ និងមនុស្សជំនិតរបស់លោកស្រីជាច្រើននាក់ផ្សេងទៀត ក៏ត្រូវប្រឈមមុខនឹងតុលាការព្រមទាំងបញ្ជូនទៅពន្ធនាគារជាបន្តបន្ទាប់ដែរ។

អ្នកមានឈ្មោះក្នុងបញ្ជីខ្មៅនោះភាគច្រើនសុទ្ធតែធ្លាប់បានធ្វើការរិះគន់ឬគូររូបថ្លុកប៉ះពាល់ដល់លោកស្រីអតីតប្រធានាធិបតី និងឪពុកលោកស្រី។ អ្នកនិពន្ធប្រលោមលោក លោកស្រី ហាន កង់ម្ចាស់ជ័យលាភីរង្វាន់អក្សរសិល្ប៍ជាភាសាអង់គ្លេស Man Booker Prize ឆ្នាំ២០១៦ – លោក ប៉ាក់ ចាន់វ័ក សម្មទ្ធិករភាពយន្តកូរ៉េដ៏ល្បីល្បាញដែលបានទទួលពានរង្វាន់ធំ នៅក្នុងមហោស្រពកានឆ្នាំ ២០០៤ ក្នុងរឿង Old Boy ក៏មានជាប់ឈ្មោះក្នុងបញ្ជីខ្មៅនោះដែរ។

បំណងនៃការបង្កើតបញ្ជីខ្មៅនេះគឺដើម្បីបិទខ្ទប់សំឡេងក្រុមអ្នកប្រឆាំងតាមរយៈការបង្អាក់មិនឱ្យសិល្បករទាំងនោះបានទទួលជំនួយសាធារណៈឬជំនួយហិរញ្ញវត្ថុពីឯកជន។ ទង្វើបែបនេះជារំលោភច្បាប់រដ្ឋធម្មនុញ្ញដែលការពារគ្រប់សិល្បករមិនឱ្យមានការរើសអើងឡើយ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល។

សូមបញ្ជាក់ថានៅពេលដែលមានធ្លាយព័ត៌មានស្តីអំពីការបង្កើតបញ្ជីខ្មៅនេះឡើងសង្គមកូរ៉េខាងត្បូងហាក់ព្រឺព្រួចរន្ធត់ខ្លាំងណាស់។ ពីព្រោះទីមួយវាបានដាស់កូរ៉េខាងត្បូងនឹកឃើញអំពីប្រវត្តិខ្មៅងងឹតក្រោមការដឹកនាំផ្តាច់ការរបស់លោកប៉ាក់ គុនហេ ដែលត្រូវជាឪពុកបង្កើតរបស់លោកស្រីប៉ាក់ គុនហេផងនិងជាការប្រឆាំងនឹងគោលការណ៍គ្រឹះនៃអំណាចវប្បធម៌គឺសេរីភាពនៃការបញ្ចេញមតិ៕ ម៉ែវ សាធី


ចែករំលែក៖