ខេត្តក្រចេះ៖ បន្ទាប់ពីបានឆ្លងកាត់វគ្គបណ្តុះបណ្តាលបំប៉នសមត្ថភាពគ្រូជំនាញកីឡាកាយសម្ព័ន្ធកម្រិតមូលដ្ឋាន រយៈពេលខ្លី សហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា ដោយបានធ្វើប្រតិភូកម្មថវិកា ដល់សហព័ន្ធកីឡាជាតិចំនួន២១ ក្នុងនោះ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ក៏ទទួលបានកញ្ចប់ថវិកានេះដែរ ។ នេះបើតាមការឲ្យដឹងពីលោក ណយ ផាណា អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ក្នុងពិធីប្រគល់វិញ្ញាបត្រ ដល់សិក្ខាមទាំង៣០នាក់ដែលបានចូលរួមសិក្សាកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅ ។
លោក ណយ ផាណា បានឲ្យដឹងថា ផ្អែកតាមកម្មវិធីការងារប្រចាំ ឆ្នាំ២០១៧ របស់សហព័ន្ធ ដែលបានសហការជាមួយ ក្រសួងអប់រំយុវជននិងកីឡា បានរៀបចំវគ្គបណ្តុះបណ្តាលបច្ចេកទេស គ្រូជំនាញថ្នាក់មូលដ្ឋានកីឡាកាយសម្ព័ន្ធ ដើម្បីពង្រឹងនូវគុណភាព ចំពោះគ្រូបង្វឹកដើម្បីត្រៀមលក្ខណៈឲ្យបានប្រសើរ សម្រាប់ចូលរួមព្រឹត្តិការណ៍កីឡាជាតិលើកទី២ ពិសេសឆ្ពោះទៅកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ដែលរាជរដ្ឋាភិបាលកម្ពុជា ទទួលធ្វើម្ចាស់ផ្ទះ ។
លោកអគ្គលេខា បានបន្តទៀតថា វគ្គបច្ចេកទេសគ្រូកីឡាកាយសម្ព័ន្ធជំនាញកម្រិតមូលដ្ឋាននេះ គឺរូបលោកជាអ្នកបង្រៀនដោយផ្ទល់និង លោក សោ សុផេន គ្រូជំនាញរបស់សហព័ន្ធកីឡាកាយសម្ព័ន្ធ មានកម្រិតបច្ចេកទេស FIG Academy Level1 –Level 5 In Artistic and Aerobic Gymnastics ។
លោកបានបញ្ជាក់ថា សិក្ខាមទាំង៣០នាក់ មានការយល់ដឹងបន្ថែមលើទ្រឹស្តី និងការអនុវត្តផ្ទាល់ នៃប្រភេទកីឡាកាយសម្ព័ន្ធ ព្រមទាំងបានលើកកម្ពស់សម្ថភាពបច្ចេកទេស និងដកស្រងបទពិសោធន៍ ផ្សែងពីគ្រូឧទ្ទេស។ ក្នុងចំណោមសិក្ខាមទាំង៣០នាក់ មានស្រី៣នាក់ មកពីរាជធានីភ្នំពេញ៨នាក់, មកពីខេត្តកំពង់ឆ្នាំ៩នាក់, មកពីខេត្តតាកែវ៥នាក់, មកពីខេត្តកំពង់ចាមម្នាក់ និងខេត្តក្រចេះ៧នាក់ ។
តាមការវាយតម្លៃ ក្រោយបញ្ចប់វគ្គសិក្សានេះ សិក្ខាមដែលទទួលបាននិទ្ទេសល្អ ១០នាក់ ស្មើនិង៣៣ភាគរយ និទ្ទេសល្អបង្គួរ ១៥នាក់ ស្មើនឹង៥០ភាគរយ និងនិទ្ទេសមធ្យម មាន៥នាក់ ស្មើនឹង១៦ភាគរយ៕ សារីម