ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងឡើងជោកបើករថយន្តទៅបុកឃឿនទ្រូងផ្លូវ និងផ្លោងទៅបុកបង្គោលភ្លើងរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាឡើងជោកជាំ បានបើករថយន្តកាមរីឆ្លាម ទៅបុកឃឿនទ្រូងផ្លូវ និងផ្លោងទៅបុកបង្គោលភ្លើងថែមទៀតបណ្ដាលឲ្យរងការខូចខាតរថយន្តខ្លួនឯង ។

ហេតុការណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវវេងស្រេង ក្បែរផ្សារកាណាឌីយ៉ា ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើបានឲ្យដឹងថា មុនពេលកើតហេតុនេះ គេឃើញមានរថយន្តបង្កម៉ាកតូយ៉ូតា កាមរីឆ្លាម ពណ៌ត្រីឆ្លួញ ពាក់ស្លាកលេខ សៀមរាប 2A-4559 ដែលបើកបរដោយបុរសម្នាក់ស្រវឹងស្រាឡើងជោក ធ្វើដំណើតាមបណ្ដោយផ្លូវវេងស្រេង ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុក៏ស្រាប់តែបួងចង្កូតទៅបុកនិងឃឿនពុះចែកទ្រូងផ្លូវនិងផ្លោងទៅបុកបង្គោលភ្លើងបន្ថែមទៀត បណ្ដាលឲ្យរថយន្តបង្កដាច់កាឡែកង់មុខផ្នែកខាងឆ្វេងខ្ទិចទៅមុខលេងរួច តែមិនបង្កឲ្យខូចខាតឃឿនទ្រូងផ្លូវនិងបង្គោលភ្លើងនោះទេ ។

ក្រោយពេលកើតហេតុភ្លាមៗ ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បាននាំគ្នាទៅជួយរុញរថយន្តបង្កចេញពីបង្គោលភ្លើងផងដែរ ព្រោះពួកគាត់គិតថា រថយន្តបង្កនេះមិនបានបង្កផលប៉ះពាល់ដល់សម្បត្តិរដ្ឋនោះទេ ។

បន្ទាប់ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយបានឃាត់ខ្លួនអ្នកបើករថយន្តបង្កនិងយករថយន្ត ទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាល ចោមចៅ រងចាំដោះស្រាយគ្នាតាមនីតិវិធី៕ សុខាសែនជ័យ


ចែករំលែក៖