ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយកកីឡាជំរុញឲ្យថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់បោះប្រើធនធាន ដែលបានឆ្លងវគ្គសិក្សា ក្នុងការប្រកួតនានារបស់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា លើកឡើងថា ថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់បោះកម្ពុជា ត្រូវថែរក្សា ធនធានមនុស្ស ដែលខ្លួនបានបណ្តុះបណ្តាល មិនត្រូវបោះចោលនោះទេ ផ្ទុយទៅវិញ ត្រូវចេះផ្តល់ឱកាសឲ្យអ្នកដែលធ្លាប់បានឆ្លងកាត់វគ្គសិក្សាកម្រិតមូលដ្ឋាន ដូចជាពេលនេះ ឲ្យពួកគេបានបំពេញការងារ ក្នុងកម្មវិធីផ្សេងៗ ដែលក្រសួងរៀបចំ ឬក៏សហព័ន្ធ។

លោកអគ្គនាយកលើកឡើងបែបនេះ កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅ ក្នុងបានបិទវគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡាបាល់បោះកម្រិតមូលដ្ឋាន ដែលមានសិក្ខាកាម៣០នាក់ ចូលរួម សាលប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡា ។

លោក កែវ កាន់ណាលី អគ្គលេខាធិការសហព័ន្ធកីឡាបាល់បោះកម្ពុជាបានឲ្យដឹងថា សម្រាប់វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល៥ថ្ងៃ ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែកក្កដា ដោយមានសិក្ខាកាមចូលរួម៣០នាក់ មកពី២៥ខេត្ត និងរាជធានី។

លោកអគ្គលេខាធិការបានបន្តថា វគ្គសិក្សានេះ មានទាំងទ្រឹះស្តី និងការអនុវត្តផ្ទាល់នៅលើទីលាន ប្រកួត ដើម្បីឲ្យសិក្ខាកាមឈ្វេងយល់ពីលក្ខណៈបច្ចេកទេស នៅពេលពួកគាត់ចុះបំពេញការងារជាក់ស្តែង។

ក្រោយពីបានស្តាប់ការប្តេជ្ញាចិត្ត ពីតំណាង សិក្ខាកាមរួចមក លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំកាយ និងកីឡា និងជាអនុប្រធាន សហព័ន្ធកីឡាបាល់បោះកម្ពុជា មានប្រសាសន៍ថា ក្រសួងបានខិតខំជំរុញដល់សហព័ន្ធទាំងអស់ធ្វើយ៉ាងបណ្តុះបណ្តាលធនធានមនុស្ស ក្នុងសហព័ន្ធឲ្យបានច្រើន ព្រោះត្រូវការធនធានមនុស្សច្រើនណាស់មិនថា ការប្រកួតជាលក្ខណៈជាតិ ឬអន្តរជាតិនោះទេ ។

លោកបានសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំសហព័ន្ធត្រូវចេះថែរក្សាមន្ត្រីរបស់ខ្លួន ដែលបានបណ្តុះបណ្តាលរួចត្រូវផ្តល់ឱកាសឲ្យពួកគាត់បានចូលបំពេញកិច្ចការងារ តិចមានការប្រកួតហើយ បែរជាមិនយកគ្រូ ដែលបានឆ្លងកាត់វគ្គសិក្សាមកបម្រើការងារ ព្រោះក្រសួងបានខិតខំបណ្តុះបណ្តាលជំនាញជូនពួកគាត់ មិនត្រូវទុកពួកគាត់ចោល ហើយយកអ្នកផ្សេងមកបំពេញការងារជំនួសគេឡើយ។

លោកអគ្គនាយកបានបញ្ជាក់ថា ក្រសួងបានធ្វើប្រតិភូកម្មដល់សហព័ន្ធកីឡាជាតិចំនួន២១សហព័ន្ធ ដើម្បីឆ្លើយតបតាមការសម្រេចចិត្ត របស់ប្រមុខរាជរដ្ឋាភិបាល ដែលទទួលយកសិទ្ធិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដូច្នេះយើងនៅសល់ពេលតែ៥ឆ្នាំប៉ុណ្ណោះ សម្រាប់អភិវឌ្ឍទាំងសម្ថភាពមន្ត្រីដឹកនាំ ការប្រកួត និងបង្កើនសមត្ថភាពបច្ចេកទេសអត្តពលិករបស់ខ្លួនក្នុងនាមជាម្ចាស់ផ្ទះ ។

គួរបញ្ជាក់ថា សិក្ខាកាមទាំង៣០នាក់ ដែលបានឆ្លងកាត់វគ្គសិក្សាគ្រប់កម្រិតមូលដ្ឋានកីឡាបាល់បោះ ទទួលបាននិទ្ទេសល្អ៣០ភាគរយ និទ្ទេសល្អបង្គួរ៤០ភាគរយ និងនិទ្ទេសមធ្យម៣០ភាគរយ៕ សារីម


ចែករំលែក៖