ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីការបរទេសអាមេរិកថា ទីក្រុងវ៉ាស៊ីនតោនមិនចង់ផ្តួលរំលំរដ្ឋាភិបាលកូរ៉េខាងជើងឡើយ

ចែករំលែក៖

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន មិនចង់ផ្តួលរំលំរដ្ឋាភិបាលកូរ៉េខាងជើងនោះឡើយ ហើយប្រទេសទាំង២ក៏មិន មែនជាសត្រូវនឹងគ្នាដែរ។

នៅក្នុងសន្និសីទនៅទីស្នាក់ការក្រសួងការបរទេសកាលពីថ្ងៃទី១ ខែសីហា លោក Tillerson បានបញ្ជាក់ថា អាមេរិកមិនមែនជាសត្រូវរបស់កូរ៉េខាងជើងនោះទេ ហើយអាមេរិកក៏មិនមានគំនិតផ្លាស់ប្តូររបបដឹកនាំរបស់លោក គីម ជុងអ៊ុន ដែរ។

ប៉ុន្តែលោក Tillerson បានចោទប្រកាន់ ទីក្រុងព្យុងយ៉ាងថា កំពុងតែគំរាមកំហែងអាមេរិកដែលអាមេរិកមិនអាចទទួលយកបានឡើយ ដូច្នេះហើយទើបធ្វើឲ្យអាមេរិកត្រូវតែមានសកម្មភាពតបតវិញ។ មន្ត្រី ការបរទេសអាមេរិកសង្ឃឹមថា កូរ៉េខាង ជើងនឹងយល់ ហើយពិភាក្សាគ្នាបញ្ចប់ វិបត្តិ។ ប៉ុន្តែនៅក្នុងស្ថានភាពកិច្ចពិភាក្សា ស្ថិតនៅឆ្ងាយដាច់ស្រយាលពេលដែល កូរ៉េខាងជើងមិនព្រមបោះបង់កម្មវិធីបរមាណូរបស់ខ្លួន។

ទន្ទឹមនឹងនោះ លោក Rex Tillerson បានស្នើដល់ប្រទេសចិនត្រូវតែប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនដើម្បីដាក់គំនាបទៅលើកូរ៉េខាងជើងបញ្ចប់កម្មវិធីអាវុធដែលមាន វិវាទទាំងនោះ។

នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីជាលើកទី២ចាប់តាំងពីលោក ត្រាំ ចូលកាន់ តំណែងប្រធានាធិបតីអាមេរិក លោក ត្រាំ បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនមានវិធីសាស្ត្រដោះស្រាយបញ្ហាបរមាណូរបស់ កូរ៉េខាងជើង តែមិនបានបញ្ជាក់ច្បាស់ពី គម្រោងនោះឡើយ។

នៅពេលនេះ សមាជិកព្រឹទ្ធសភា អាមេរិកលោក Lindsey Granham បានប្រកាសថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ធ្លាប់បាននិយាយជាមួយ លោកថា បានត្រៀមលក្ខណៈធ្វើសង្គ្រាមជាមួយកូរ៉េខាងជើងហើយ។

ជាមួយគ្នានេះដែរ អ្នកនាំពាក្យសេត វិមាន លោក Sarah Huckabee Sanders បានបញ្ជាក់ថា អាមេរិកបានពិភាក្សាពី ជម្រើសក្នុងការដោះស្រាយវិបត្តិកូរ៉េខាងជើងក្នុងនោះមានការបរទេស និងកម្លាំង យោធា ហើយនៅពេលនេះដែរអាមេរិក បានបន្ថែមកម្លាំងទាហាន និងអាវុធជាច្រើនទៅកាន់កូរ៉េខាងត្បូង និងជប៉ុន។ កាលពី ថ្ងៃទី១ ខែសីហា អាមេរិកបានបញ្ជូនយន្តហោះចម្បាំង១២គ្រឿងទៅកាន់កូរ៉េខាង ត្បូង ដើម្បីត្រៀមលក្ខណៈខ្លាចកូរ៉េខាង ជើងមានសកម្មភាពខុសប្រក្រតីបន្តទៀត។

ពាក់ព័ន្ធនឹងហេតុការណ៍ខាងលើនេះដែរ តាមការលើកឡើងរបស់មន្ត្រីការបរ ទេសបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង កំពុងបន្តកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសត្រីភាគីជាមួយសហរដ្ឋអាមេរិក និងជប៉ុនដើម្បីពិភាក្សាពីភាពទាល់ច្រកនុយក្លេអ៊ែរ របស់ប្រទេសផ្ដាច់ការកូរ៉េខាងជើង និង បញ្ហាពាក់ព័ន្ធផ្សេងៗទៀតនេះបើយោង តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ ។

រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោក Kang Kyung-wha នឹងចូលរួមប្រជុំថ្នាក់ រដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)នៅដើមសប្តាហ៍ ក្រោយ ក្នុងទីក្រុងម៉ានីល ប្រទេសហ្វុីលីពីន ដែលបញ្ហានៃការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង ទំនងជារឿងសំខាន់មួយដែរត្រូវបានលើកយកទៅពិភាក្សា។

នៅក្នុងកិច្ចប្រជុំនោះដែរនឹងរួមបញ្ចូលវេទិកាតំបន់អាស៊ាន (ARF) ដែលជាការ ប្រមូលផ្តុំដ៏កម្រ និងមានការចូលរួមដោយតំណាងប្រទេសផ្ដាច់ការកូរ៉េខាងជើង ហើយ មន្រ្តីក្រសួងការបទេសម្នាក់បានប្រាប់ទីភ្នាក់ងារព័ត៌មានយុនហាប់នៅលើលក្ខ ខណ្ឌ អនាមិកតាមទម្លាប់ថា “ក្រៅពីកិច្ច ប្រជុំអាស៊ាន យើងកំពុងរៀបចំកិច្ចប្រជុំត្រីភាគី មួយក្នុងចំណោមរដ្ឋមន្ត្រីការបរទេសនៃកូរ៉េខាងត្បូងសហរដ្ឋអាមេរិក និងជប៉ុន”៕ ម៉ែវ សាធី


ចែករំលែក៖