នៅពេលដែលក្រុមភេរវកម្មរដ្ឋអ៊ិស្លាម IS កំពុងតែបរាជ័យជាបន្តបន្ទាប់នៅក្នុង ប្រទេសអុីរ៉ាក់ និងស៊ីរីក្រុមនេះនឹងសហការ ជាមួយក្រុមផ្សេងទៀតនៅក្នុងតំបន់ និង ជុំវិញពិភពលោកបង្កើនការវាយប្រហារនៅគ្រប់ទិសទីជុំវិញពិភពលោក ហើយ ពលរដ្ឋស្លូតត្រង់ជាអ្នករងគ្រោះនៅក្នុង ហេតុការណ៍ទាំងនោះ។
បច្ចុប្បន្នក្រុមភេរវកម្មធំជាងគេបំផុតនោះគឺក្រុមIS និងក្រុមតាលីបង់ ហើយ ក្រុមទាំង២មាន អាវុធ និងសម្ភារគ្រាប់ គ្រាន់សម្រាប់ធ្វើសង្គ្រាមប្រឆាំងរដ្ឋាភិបាល នៅក្នុងតំបន់។ អ្វីដែលគួរឲ្យបារម្ភជាងនេះនោះគឺក្រុមទាំង២បានរួមដៃគ្នាបង្កើនការ វាយប្រហារភេរវកម្មនៅជុំវិញពិភពលោក។
កាលពីថ្ងៃទី៧ ខែសីហា មន្ត្រីនាំពាក្យអាហ្វហ្គានីស្ថានមួយរូបបាននិយាយឲ្យ ដឹងថា កាលពីសប្ដាហ៍មុន ក្រុមសកម្ម ប្រយុទ្ធរបស់រដ្ឋអ៊ិស្លាមជ្រុលនិយម និង តាលីបង់ បានរួមកម្លាំងគ្នាវាយប្រហារទៅភូមិមួយនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
តាមសេចក្តីរាយការណ៍ពីការិយាល័យមេដឹកនាំក្រុមប្រឹក្សាខេត្តឲ្យដឹងថា ក្រុមបះ បោរ២ក្រុម បានសហការគ្នាវាយប្រហារទៅលើសហគមន៍ជនជាតិភាគតិច Shiite Hazara ហើយមន្ត្រីនាំពាក្យក្រុមប្រឹក្សា លោក Zabiullah Amani បានមានប្រសាសន៍ ថា ការវាយប្រហារនេះបានកើតឡើង កាលពីថ្ងៃព្រហស្បតិ៍ ចំណែកអាជ្ញាធរ អាហ្វហ្គានីស្ថាន បានធ្វើឲ្យតំបន់នោះ ទទួលបានសុវត្ថិភាពវិញ។
ប៉ុន្តែយោងតាមទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា មន្ត្រីនាំពាក្យក្រុមឧទ្ទាមតាលីបង់ ឈ្មោះ Zabiullah Mojahid បានច្រានចោលនូវសេចក្តីរាយការណ៍អំពីការវាយប្រហាររួមគ្នានោះ ដោយបានហៅ ក្រុមរដ្ឋអ៊ិស្លាមជ្រុលនិយមថាជាសត្រូវ របស់ខ្លួន និងថាគ្មានសកម្មភាពរដ្ឋអ៊ិស្លាមជ្រុលនិយមនៅក្នុងតំបន់នោះទេ៕ ម៉ែវ សាធី