ខេត្តស្វាយរៀងៈ យោងតាមលោកកែវ សុថា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានឲ្យនគរវត្តដឹងថា នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ថា សមត្ថកិច្ចបានស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះឆើយ សុជាតិ ភេទប្រុស អាយុ35ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តាក់ស៊ី មានទីលំនៅភូមិព្រៃតាញ៉យ ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ ខេតស្វាយរៀង ដែលសង្ស័យជាប់ទាក់ទិនក្នុងករណីឃាតកម្មកាលពីថ្ងៃទី២ ខែ សីហា ឆ្នាំ ២០១៧ នៅក្រុងបាវិត ។
លោកក៏បានបន្តថា នៅពេលឃាត់ខ្លួនសមត្ថកិច្ចឆែកឆេរលើខ្លួនប្រាណបានរកឃើញខ្សែកមួយខ្សែ និង ចិញ្ចៀនមួយវង់ ហើយ ឆ្លងតាមការសាកសួររហូតដល់ម៉ោង១៤និង០០នាទី ថ្ងៃដដែលនេះ ជនសង្ស័យបានឆ្លើយសារភាពថាៈ កាលពីថ្ងៃទី ២ ខែ សីហា ឆ្នាំ ២០១៧ ខ្លួននិងគូកនម្នាក់ ទៀតឈ្មោះ ផ្លេក មុន្នី ភេទប្រុស អាយុ ២៨ ឆ្នាំ ជាតិខ្មែរ មុខរបររត់តាក់ស៊ី មានទីលំនៅភូមិឃុំជាមួយគ្នា ពិតជាបានរួបរួមគ្នាប្រព្រឹត្តិអំពើរំលោភសេពសន្ថវៈទៅលើនារីឈ្មោះ សុវណ្ណ សុម៉ាលីន អាយុ ១៨ ឆ្នាំ នៅក្នុងរថយន្ត រួចរឹតកសម្លាប់ហើយយកទៅបោះចោលនៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ប្រាកដមែន ។
លោកក៏បានបន្តថា រហូតមកដល់វេលាម៉ោង ១៥និង២០នាទី ថ្ងៃទី ៨ ខែ សីហាឆ្នាំ២០១៧ សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានសហការជួយឃាត់ខ្លួនជនសង្ស័យឈ្មោះ ផ្លេក មុន្នី បានម្នាក់ទៀត បច្ចុប្បន្នសមត្ថកិច្ចកំពុងទៅទទួលយកជនសង្ស័យដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ យឹម សុថាន