ព័ត៌មានទាន់ហេតុការណ៍៖

ជនភៀសខ្លួន ត្រូវក្រុមជួញដូរមនុស្សទម្លាក់ចូលសមុទ្រនៅយេមែន

ចែករំលែក៖

យ៉ាហោចណាសក៏មានមនុស្ស ៦នាក់ ស្លាប់ និង១៣នាក់បាត់ខ្លួនក្រោយពេល ក្រុមជួញដូរមនុស្ស បានច្រានទម្លាក់ទឹក មនុស្ស ជាង១៨០នាក់នៅក្នុងសមុទ្រ យេមែន។ អង្គការជនភៀសខ្លួនពិភព លោក IOM បានឲ្យដឹងថានេះជាលើកទី២ ហើយ ក្នុងរយៈពេល២៤ម៉ោង ដែលក្រុមជួញដូរមនុស្សបានទម្លាក់ជនភៀសខ្លួននៅសមុទ្រយេមែន។

អង្គការ IOM បានបញ្ជាក់ថាមានសាកសព៦នាក់ត្រូវបានរកឃើញ ក្នុងនោះមានបុរស២នាក់និងស្ត្រី៤នាក់ ហើយនៅមាន អ្នកបាត់ខ្លួន១៣នាក់ទៀត។ លោក Laurent de boeck ប្រធាន IMO បានឲ្យដឹងថា ជនរងគ្រោះភាគច្រើនមកពីប្រទេស អេត្យូពី។នេះជាសោកនាដកម្មដែលឈឺចាប់បំផុតសម្រាប់ជនរងគ្រោះ។

ក្នុងរយៈពេល២៤ម៉ោងជនអន្តោ ប្រវេសន៍ យ៉ាងតិច ៣០០នាក់ ត្រូវក្រុម ជួញដូរមនុស្សរុញទម្លាក់ទឹកសមុទ្រ ក្បែរ ឆ្នេរប្រទេសយេមែន។

តាមអង្គការអន្តរជាតិទទួលបន្ទុកជន អន្តោប្រវេសន៍ IOM ដែលបានជួបសួរ អ្នករស់រានមានជីវិតពីការលង់ទឹកឲ្យដឹងថា ក្រុមឈ្មួញជួញដូរមនុស្សបានរុញជន អន្តោប្រវេសន៍ទម្លាក់ទឹក ដោយចេតនា បន្ទាប់ពីសង្ស័យថា អាជ្ញាធរមានវត្តមាននៅលើឆ្នេរយេមែន។

ក្រុមជួញដូរ មនុស្សចាប់បោះ ជនអន្តោ ប្រវេសន៍ ទៅក្នុងទឹក ដោយសារពួកគេ មិនចង់ឲ្យប៉ូលិសយេមែន ចាប់ខ្លួននៅ ពេល ទូកបើកចូលដល់ឆ្នេរ។ តាមសាក្សី របស់ជនរងគ្រោះ បន្ទាប់ពីរត់ច្រានមនុស្សទម្លាក់ទឹករួចហើយ ក្រុមរត់ពន្ធមនុស្សបានបត់ក្បាលទូក ត្រលប់ទៅយកជនអន្តោ ប្រវេសន៍ផ្សេងទៀត នៅប្រទេសសូម៉ាលី និងបានប្រើផ្លូវទឹកដដែល ដើម្បីលួចនាំ ចូលដោយខុសច្បាប់ ជនអន្តោប្រវេសន៍ ចូលប្រទេសយេមែន។

ជនរងគ្រោះពីប្រទេសអេត្យូពី និងសូម៉ា​ លី បានបង់លុយ ឲ្យក្រុមឈ្មួញ ដែលបាន សន្យាបោកប្រាស់ពួកគេថា នឹងអាចដឹក ជញ្ជូន ចូលទៅប្រទេសយេមែន។ យេមែន ដែលកំពុងធ្លាក់ក្នុងសង្រ្គាមស៊ីវិល និងជួប វិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ មិនមែនជាទិសដៅរបស់ជនអន្តោប្រវេសន៍អាហ្រ្វិកទាំងនោះទេ។ យេមែន គ្រាន់តែជាស្ពាន ដែល ជនអន្តោប្រវេសន៍ ដើរឆ្លង សំដៅទៅ ប្រទេសមហាសេដ្ឋី ប្រេងនៅឈូង សមុទ្រពែក្សរ៍ ដូចជាអារ៉ាប៊ី សាអូឌីត ជាដើម។

តាមអង្គការ IOM បន្ទាប់ពីរងគ្រោះ ដោយសារការរុញទម្លាក់ទឹកពីសំណាក់ ក្រុមជួញដូរមនុស្ស ជនអន្តោប្រវេសន៍ មកពីតំបន់អាហ្រ្វិក អាចរងគ្រោះមួយគ្រា ទៀត ដោយសារការទម្លាក់គ្រាប់បែកពីលើយន្តហោះ របស់ប្រទេសអារ៉ាប់ ដែលកំពុងធ្វើប្រតិបត្តិការទ័ពអាកាស ប្រឆាំងនឹងពួក ឧទ្ទាមហ៊ូទី នៅទឹកដីយេមែន។ តាមរបាយការណ៍សម្ងាត់របស់អង្គការសហប្រជាជាតិ នៅខែមីនាកន្លងទៅ ឧទ្ធម្ភាគចក្រ របស់​អារ៉ាប៊ី សាអូឌីត បានបាញ់ទូកសូម៉ាលី ដែលស្ថិតនៅក្នុងសមុទ្រយេមែន ដោយ បានសម្លាប់មនុស្ស ៤២នាក់៕ ម៉ែវ សាធី


ចែករំលែក៖