ព័ត៌មានទាន់ហេតុការណ៍៖

លោក ហង់ ជួនណារ៉ុន ស្នើឲ្យគ្រូបង្វឹកនិងកីឡាករកីឡាការិនីព្យាយាមដណ្តើមយកមេដាយស៊ីហ្គេមនៅម៉ាឡេស៊ី

ចែករំលែក៖

ភ្នំពេញ៖ ថ្លែងក្នុងពិធីបិទ ការប្រកួតតេក្វាន់ដូ ពានរង្វាន់ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ដើម្បីរំលឹកខួបទី២០នៃចំណងការទូតកម្ពុជា-សាធារណរដ្ឋកូរ៉េ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា និងជាប្រធានខេមរសហព័ន្ធកីឡាតេក្វាន់ដូកម្ពុជា បានស្នើឲ្យលោកគ្រូ អ្នកគ្រូ កីឡាករ កីឡាការិនី ដែលត្រៀមចេញ ទៅប្រកួតកីឡាស៊ីហ្គេម លើកទី២៩នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ធ្វើយ៉ាងណាព្យាយាមដណ្តើមយកមេដាយ មកជូនជាតិ។ ការថ្លែងបែបនេះ ធ្វើឡើងកាលពីល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ នៅក្នុងអគារប៊ូយ៉ុង កម្ពុជា -កូរ៉េក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ។

ក្នុងនាមប្រធានខេមរសហព័ន្ធកីឡាតេក្វាន់ដូ ស្ទីល WTF លោក ហង់ ជួនណារ៉ុនមានប្រសាសន៍ថា កន្លងទៅ ខេមរសហព័ន្ធ មានការរីកចម្រើនយ៉ាងខ្លាំង បន្ទាប់ពី កីឡាការិនី ស៊ន ស៊ីវមីុ ដណ្តើមបានមេដាយមាស នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ី នៅសាធារណរដ្ឋកូរ៉េ បន្ទាប់មក ស៊ន ស៊ីវមីុ ក៏បានទៅចូលរួមប្រកួត កីឡាអូឡាំពិក ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជនកម្ពុជា ។

លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយៈ លោក Kim Weon Jin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា ដែលកន្លងមក រដ្ឋាភិបាលកូរ៉េតែងតែជួយឧបត្ថម្ភ ដល់ប្រទេសកម្ពុជា ក្នុងនោះ ខេមរសហព័ន្ធកីឡាតេក្វាន់ដូកម្ពុជា ក៏ទទួលបានជំនួយជាបន្តបន្ទាប់ដែរ មានទាំងសម្ភារ និង ជំនួយភ្នែកបច្ចេកទេសដែលជំរុញឲ្យកីឡាករកីឡាការិនី កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ចូលរួមប្រកួតដណ្តើមយកមេដាយ គ្រប់ព្រឹត្តិការណ៍នានាទាំងថ្នាក់ជាតិ ថ្នាក់តំបន់ ថ្នាក់ទ្វីប និងពិភពលោក។

លោក គង់ សក្ខិដា អគ្គលេខាធិការខេមរសហព័ន្ធកីឡាតេក្វាន់ដូកម្ពុជាបានឲ្យដឹងថា ចំពោះព្រឹត្តិការណ៍ប្រកួតដណ្តើមពានរង្វាន់ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ គឺជាគំនិតផ្តួចផ្តើម របស់លោក ឆយ យ៉ុងសុខ គ្រូធំកីឡាតេក្វាន់ដូរបស់កម្ពុជា ដើម្បីជាថ្លែងអំណរគុណ ដល់ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយៈ លោក Kim Weon Jin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា ។

លោកអគ្គលេខាធិការ បានបញ្ជាក់ថា ការប្រកួតកីឡាតេក្វាន់ដូ ដណ្តើមពានរង្វាន់ឯកអគ្គរដ្ឋទូតកូរ៉េនេះ មានកីឡាករ-កីឡាការិនី ចូលរួមប្រកួត២៨២នាក់ ក្នុងនោះមានស្រី៦៥នាក់ មកពី២១ក្លិបទូទាំងប្រទេស ។ ការប្រកួតមានវិញ្ញាសាប្រយុទ្ធ និង វិញ្ញាសាមេគុន និងថ្ងៃបិទការប្រកួត មានការសម្តែងរួម រវាងអត្តពលិកកម្ពុជា និង អត្តពលិក កូរ៉េ ហើយក៏មានបង្ហាញ កីឡាករ-កីឡាការិនី ដែលត្រូវចេញទៅចូលរួមប្រកួតកីឡាស៊ីហ្គេមផងដែរ ៕ សារីម

 


ចែករំលែក៖