ខេត្តតាកែវ៖ លោក យស់ ណាស៊ី អភិបាលរងខេត្តតាកែវ បានចុះណែនាំ និងហាមឃាត់ប្រជាពលរដ្ឋដែលលក់ដូរនៅតាមចិញ្ចើមផ្លូវយ៉ាងអនាធិបតេយ្យនៅក្នុងផ្សារកំពង់ជ្រៃ ដើម្បីឲ្យពួកគាត់ចូលទៅលក់នៅក្នុងផ្សារកំពង់ជ្រៃថ្មី ដែលទើប និងសាងសង់រួច ដែលការចុះណែនាំនេះធ្វើឡើងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ នៅផ្សារកំពង់ជ្រៃ ស្ថិតនៅក្នុងភូមិកំពង់ជ្រៃ ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ។
ការចុះណែនាំនេះលោក យស់ ណាស៊ី បានលើកឡើងថា ការលក់ដូរនៅតាមចិញ្ចើមផ្លូវបែបនេះ វាបង្កភាពអនាធិបតេយ្យដល់ផ្សារ ហើយម្យ៉ាងវិញទៀតអាចប្រឈម និងគ្រោះថ្នាក់ចរាចរណ៍ទៀតផង។
អាជ្ញាធរទុកពេលឲ្យ៣ថ្ងៃ ដើម្បីឲ្យប្រជាពលរដ្ឋដែលលក់ដូរនៅតាមចិញ្ចើមផ្លូវទាំងអស់នៅក្នុង ផ្សារកំពង់ជ្រៃ ទៅចុះឈ្មោះដើម្បីទទួលបានតូបលក់ដូរនៅក្នុងផ្សារកំពង់ជ្រៃថ្មី ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ស្ថិតនៅខាងត្បូងផ្សារកំពង់ជ្រៃចាស់ ហើយមានតូបសរុបទាំងអស់ចំនួន២០១តូប ហើយតូបដែលប្រជាពលរដ្ឋទទួលបានជាតូបរបស់ខ្លួនលក់ដូរតកូនតចៅ។
លោកបានបន្តទៀតថា នៅក្នុងរយៈពេល៣ ថ្ងៃប្រសិនបើប្រជាពលរដ្ឋនៅតែបន្តលក់ដូរនៅតាមដងផ្លូវយ៉ាងអនាធិបតេយ្យបែបនេះទៀតអាជ្ញាធរ និងមានវិធានការចាត់ការតាមនីតិវិធី៕ ភ្នំដា