ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីអាមេរិកដូណាល់ត្រាំសរសើរលោកគីម ជុងអ៊ុន មានការសម្រេចចិត្តប្រកបដោយភាពឆ្លាតវៃ

ចែករំលែក៖

ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានសរសេរនៅលើបណ្តាញ Twitter ថាគីម ជុងអ៊ុន មេដឹកនាំរបស់កូរ៉េខាងជើង មានការសម្រេចចិត្តប្រកបដោយភាពវៃ ឆ្លាត និងសមស្របទៅលើស្ថានភាព បច្ចុប្បន្ន។

កាលពីពេលថ្មីៗនេះ ក្រោយពេលដែល ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបាន ព្រមានថានឹងវាយប្រហារកូរ៉េខាងជើង ដោយគ្មានការអាណិតអាសូរ ប្រសិន បើកូរ៉េខាងជើង បើកការវាយប្រហារដោយ មីស៊ីលទៅលើ កោះ Guam របស់អាមេរិក។

ប៉ុន្តែនៅថ្ងៃទី១៥ ខែសីហា កន្លងមកប្រព័ន្ធផ្សព្វផ្សាយនានារបស់កូរ៉េខាងជើង បានផ្សាយថា មេដឹកនាំគីម ជុងអ៊ុន បាន សម្រេចលុបចោលគម្រោងវាយប្រហារ ទៅលើកោះរបស់អាមេរិក ដើម្បីរង់ចាំ មើលសកម្មភាបបន្តរបស់អាមេរិកសិន ។ សកម្មភាពបែបនេះ បានធ្វើឲ្យស្ថានភាពនៅឧបទ្វីបកូរ៉េបន្ថយកម្តៅ។

លោកត្រាំបញ្ជាក់ថា «គីម ជុងអ៊ុន ពិតជាមានភាពវៃឆ្លាតក្នុងការសម្រេចចំពេលវេលា»។ ប្រសិនបើ លោកគីម ជុងអ៊ុន​សម្រេចវាយប្រហារនោះ គឺជាសោកនាដ កម្ម មិនអាចទទួលយកបានឡើយ។

នៅថ្ងៃទី១៦ ខែសីហា អគ្គលេខាធិការ អង្គ​ការសហប្រជាជាតិ លោក Antonio Guterres បានបញ្ជាក់ថា នៅពេលនេះដល់ពេលដែលត្រូវបញ្ចប់ការគំរាមកំហែងគ្នាដោយសម្តីហើយ។ លោក Antonio Guterres បាននិយាយទៅកាន់ មន្ត្រីជាន់ខ្ពស់ របស់រុស្ស៊ី ជប៉ុន អាមេរិក ចិន កូរ៉េខាងត្បូង និងកូរ៉េខាងជើងថា លោកនឹងធ្វើជាអាជ្ញា កណ្តាល ក្នុងកិច្ចពិភាក្សាតាមរយៈកិច្ចការបរទេស ដើម្បីបញ្ចប់ការប្រឈមមុខដាក់គ្នា។

នៅថ្ងៃទី១៥ ខែសីហាកូរ៉េខាងជើងបានប្រកាសផ្អាកវិញ នូវគម្រោងបាញ់មីស៊ីល ៤គ្រាប់សំដៅទៅកោះ ហ្គាម របស់អាមេរិក នៅមហាសមុទ្រប៉ាស៊ីហ្វិក។ តាមទីភ្នាក់ ងារព័ត៌មានរដ្ឋ កូរ៉េខាងជើង KNCA បានឲ្យដឹងថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា មុននឹងបាញ់ មីស៊ីល លោកនៅរង់ចាំមើលឥរិយាបថ របស់អាមេរិកជាមុនសិន។ បើសិនអាមេរិកធ្វើសកម្មភាពមិនប្រុងប្រយ័ត្នណាមួយ ដែលគ្រោះថ្នាក់ដល់ឧបទ្វីបកូរ៉េ នោះក្រុងព្យុងយ៉ាងនឹងចាត់វិធានការដូចដែលបានប្រកាសពីខាងដើម។ ព្យុងយ៉ាងបានទាមទារឲ្យអាមេរិកសម្រេចចិត្តឲ្យត្រឹមត្រូវ ដើម្បី បន្ថយភាពតានតឹង និងជៀសវាងការ ប្រឈមមុខដាក់គ្នាដ៏គ្រោះថ្នាក់។

កូរ៉េខាងជើង ចង់សំដៅទៅលើសម យុទ្ធប្រចាំឆ្នាំ រវាងអាមេរិកនឹងកូរ៉េខាង ត្បូង ដែលនឹងត្រូវបើកធ្វើក្នុងពេលឆាប់ៗខាងមុខនេះ។ សម្រាប់កូរ៉េខាងជើងសមយុទ្ធនេះប្រៀបបាននឹងការត្រៀមវាយលុកឈ្លានពានកូរ៉េខាងជើង។

តាម អ្នកជំនាញបញ្ជាក់ថា មេដឹកនាំ កូរ៉េខាងជើងបានបន្ទន់ជំហរ លែងបាញ់ មីស៊ីលទៅក្បែរកោះហ្គាម ដោយសារតែមានការដាក់គំនាបពីទីក្រុងប៉េកាំង ដែល បាននិយាយឲ្យ ក្រុងព្យុងយ៉ាងយល់ថា ​ ចិននឹងមិនធ្វើអន្តរាគមន៍ជួយកូរ៉េខាងជើងទេ បើសិនកូរ៉េខាងជើង ធ្វើសកម្មភាព ណាមួយ ដែលអាមេរិកចាត់ទុកថា ជាការគំរាមកំហែងដល់សន្តិសុខរបស់អាមេរិកនោះ។

នៅថ្ងៃពុធ ទី១៦ ខែសីហា នៅក្នុង ជំនួបជាមួយ មេបញ្ជាការកងទ័ពចិន នៅ ទីក្រុងប៉េកាំង មេបញ្ជាការកងទ័ពអាមេរិក លោក Joseph Dunford បានទាមទារឲ្យចិន ដាក់សម្ពាធបន្ថែម ដើម្បីឲ្យកូរ៉េខាងជើងលះបង់ចោលកម្មវិធីផលិតមីស៊ីលបាលី ស្ទីក និងអាវុធនុយក្លេអ៊ែរ។ តាមមេបញ្ជា ការកងទ័ពអាមេរិក កម្មវិធីមីស៊ីលរបស់ កូរ៉េខាងជើង មានគ្រោះថ្នាក់សម្រាប់ សហគមន៍អន្តរជាតិ ដែលនៅក្នុងនោះ មានប្រទេសចិន ជាសម្ពន្ធមិត្តសំខាន់របស់កូរ៉េខាងជើងផងដែរ៕ ម៉ែវ សាធី


ចែករំលែក៖