ព័ត៌មានទាន់ហេតុការណ៍៖

Real Madrid និង Barcelona ទទួលបាន៣ពិន្ទុក្នុងថ្ងៃបើករដូវកាលថ្មីនៅ La Liga

ចែករំលែក៖

ក្រុមការពារតំណែងជើងឯក Real Madrid បានយកឈ្នះក្រុម Deportivo ៣ ទល់នឹង០ នៅក្នុងការប្រកួតក្របខ័ណ្ឌអេស្ប៉ាញ La Liga សប្ដាហ៍ទីមួយរបស់ខ្លួន។

ការប្រកួតកាលពីរាត្រីថ្ងៃទី២០ ខែសីហា ក្រុមម្ចាស់ផ្ទះមានឱកាសគ្របសង្កត់លើក្រុម Real Madrid ច្រើនដងដែរនៅដើមវគ្គទីមួយតែធ្វើមិនបានសម្រេចព្រោះអ្នកចាំទី Navas ជួយសង្គ្រោះបាល់បានយ៉ាងល្អ។ នៅពេលទម្លាយសំណាញ់ទីគេមិនបាន Deportivo បានរងគ្រោះផ្ទួនៗវិញដោយត្រូវ Real Madrid ស៊ុតបាល់បញ្ចូលទីបាន២គ្រាប់នៅនាទីទី២០ ដោយកីឡាករ Gareth Bale និងនាទីទី២៧ ដោយកីឡាករខ្សែបម្រើ Casemiro។

នៅវគ្គទីពីរ នាទីទី៦២កីឡាករ Toni Kroos បានបន្ថែមមួយគ្រាប់ទៀតឲ្យក្រុមលោក Zidane នាំមុខ ៣-០។ លទ្ធផលនេះធ្វើឲ្យក្រុម Real Madrid ចំណេញគ្រាប់បាល់រហូតដល់៣គ្រាប់ កំពុងឈរកំពូលតារាងបណ្តោះអាសន្នសម្រាប់សប្តាហ៍ទី១នេះ ។

ចំណែកមួយគូទៀតគឺក្រុមអតីតម្ចាស់ជើងឯករង Barcelona បានយកឈ្នះក្រុមភ្ញៀវ Real Betis ក្នុងលទ្ធផល ២ទល់នឹង ០។ ២គ្រាប់របស់ក្រុម Barcelona រកបានដោយសារ បាល់ចូលទីខ្លួនឯងមួយគ្រាប់របស់ក្រុម Real Betis គឺកីឡាករ Alin Tosca នៅនាទីទី៣៦ និង១គ្រាប់ទៀតរកបានដោយកីឡាករ Sergi Roberto នៅនាទីទី៣៩ ដោយការទាត់បាល់បញ្ចូលបានយ៉ាងល្អពីកីឡាករ Deulofeu ៕ ដេវីត


ចែករំលែក៖