ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូបុកអ្នកថ្មើរជើងបណ្តាលឲ្យមនុស្សប្រុសស្រី៣នាក់រងរបួសធ្ងន់ស្រាល

ចែករំលែក៖

ខេត្តកណ្តាលៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូបើកបុកអ្នកថ្មើរជើង បណ្តាលឲ្យស្ត្រីម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ រីឯបុរស២នាក់ជាអ្នកជិះលើម៉ូតូរងរបួសស្រាល ។ ករណីគ្រោះថ្នាក់ចរាចរណ៍​នេះបានកើតឡើង កាលពីវេលាម៉ោង២១ និង៥៥នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០​១៧ ត្រង់ចំនុចចន្លោះគីឡូម៉ែត្រលេខ៤១-៤២ ស្ថិតក្នុងភូមិក្រងស្វាយ ឃុំស្វាយអំពា ស្រុកមុខ​កំពូល ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកមុខកំពូលបានឲ្យដឹងថា ស្ត្រីរងរបួសធ្ងន់នោះឈ្មោះ បូ ចន្ថា អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ។ ចំណែកឯម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CL 6453 បើកបរដោយឈ្មោះ ថុន ស៊ីថន ភេទប្រុស អាយុ២៦ឆ្នាំ (រងរបួសស្រាល) និងអ្នករួមដំណើរជាមួយ​ម្នាក់ឈ្មោះ ថុន សាម៉ន ភេទប្រុស អាយុ២៤ឆ្នាំ (រងរបួសស្រាល) ។ ទាំង២នាក់នេះជាបងប្អូនបង្កើតនឹងគ្នា មានទីលំនៅភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញស្ត្រីរងគ្រោះដើរឆ្លងផ្លូវជាតិលេខ៦ ក្នុងទិសដៅពីកើតទៅលិច ខណៈកំពុងឆ្លងផ្លូវក៏ត្រូវម៉ូតូបើកបុក បណ្តាលឲ្យដួលបោកទៅលើផ្លូវរងរបួសធ្ងន់ រីឯបុរស២នាក់ជាអ្នកជិះលើម៉ូតូរងរបួសស្រាល ។ ក្រោយពី​មានហេតុការណ៍កើតឡើងជនរងគ្រោះរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ។ ចំណែកឯម៉ូតូត្រូវបានបញ្ជូនទៅរក្សាទុកនៅអធិ​ការ​នគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖