ភ្នំពេញ៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី២នាក់ ត្រូវសមត្ថកិច្ចនគរបាលនៃ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួល ផ្លូវលេខ៥៤BT ភូមិ សន្សំកុសល២ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ខណៈដែលកម្លាំងសមត្ថកិច្ចខណ្ឌមានជ័យ សហការជាមួយនិងអាជ្ញាធរសង្កាត់ចុះត្រួតពិនិត្យរដ្ឋបាលនៅក្នុងមូលដ្ឋានសង្កាត់បឹងទំពុន១។
លោក ហួរ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌមានជ័យបានប្រាប់ថា ជនសង្ស័យទី១/ឈ្មោះ ច័ន្ទ ឧត្តមស៊ីតា ហៅសែម ភេទស្រី អាយុ៣១ឆ្នាំ មុខរបរលក់សម្លៀកបំពាក់តាមអនឡាញ ស្នាក់នៅផ្ទះជួលខាងលើ។ ទី២/ឈ្មោះ នួន មករា ហៅរ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួល ផ្លូវ លំ ភូមិសន្សំកុសល សង្កាត់ទំពុន១ ខណ្ឌមានជ័យ។ ក្នុងនោះសមត្ថកិច្ចយើង បានដកហូតវត្ថុតាងមាន៖ ក្រាមពណ៌សថ្លាចំនួន២កញ្ចប់ ជញ្ជីងថ្លឹង១ សំបកថង់ប្លាស្ទីកមួយចំនួន ទូរស័ព្ទដៃចាស់១គ្រឿង និងឧបករណ៍សម្រាប់ជក់ថ្នាំញៀន១ចំនួន។
លោកអធិការរងខណ្ឌមានជ័យដដែលបន្តថា នៅវេលាម៉ោង៤និង០០នាទីរសៀល ថ្ងៃទី១៩សីហាដដែលកម្លាំងនគរបាលប៉ុសិ៍្តរដ្ឋបាលបឹងទំពុនក៏បានសហការជាមួយកម្លាំងខណ្ឌមានជ័យល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន ហើយ ពេលមកដល់ចំណុចផ្លូវបេតុង ភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន២ ក៏បានធ្វ់ការ ឃាត់ខ្លួនស្រ្តីម្នាក់ក្រោមបទសង្ស័យជួញដូរគ្រឿងញៀនខុសច្បាប់។ ស្រ្តីជនសង្ស័យមានឈ្មោះ សេង ចាន់វី អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិជ្រោយចង្វា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ហើយក្នុងនោះវត្ថុតាងដកហូតមានក្រាមសថ្លាចំនួន២កញ្ចប់ផងដែ។
បច្ចុប្បន្នជនសង្ស័យ៣នាក់ខាងលើ សមត្ថកិច្ចប៉ុសិ៍្តរដ្ឋបាលបឹងទំពុន ក៏បានកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងដើម្បីចាត់វិធានការបន្តទៅតាមនីតិវិធីច្បាប់៕ តាឡឹម